• 2022-01-26 02:01:57
  • ចំណេះដឹង

ចង់ដឹងអត់ថាសុខភាពថ្មរបស់ឡេបថបនៅសល់ប៉ុន្មាន? គួរមិនគួរដល់ពេលប្តូរចេញ

  • 2022-01-26 02:01:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថាមពលថ្ម គឺជាកាតាលីករដ៏សំខាន់ សម្រាប់ជម្រុញដំណើរការ នៃឧបករណ៍អេឡិកត្រូនិកចល័តរបស់យើង។ មិនថាទូរសព្ទ ឬឡេបថប ថ្មត្រូវបានដើរតួរយ៉ាងសំខាន់ ប៉ុន្តែគួរឲ្យស្តាយ សុខភាពរបស់ថ្មមិនអាចរក្សាបានរហូតទេ ដោយវានឹងត្រូវកាត់បន្ថយបន្តិចម្តងៗ ទៅតាមពេលវេលា។ ថ្ងៃនេះ Sabay នឹងលើកយកវិធីងាយស្រួលមួយ ក្នុងការឆែកមើលថាតើសុខភាពថ្ម នៃឡេបថបរបស់អ្នកនៅសល់ប៉ុន្មាន? ហើយគួរ មិនគួរដល់ពេលប្តូរថ្មចេញ!

សូមបញ្ជាក់ថា វិធីនេះអាចប្រើបានគ្រប់ឡេបថប ដែលដើរដោយ Window 10 និង Window 11ទាំងអស់។

ជំហានទី១៖ បើកកម្មវិធី Window PowerShell

ដើម្បីចូលទៅកាន់ កម្មវិធី Window PowerShell អ្នកគ្រាន់តែចុច Mouse ស្តាំទៅលើរូប Window ដែលនៅខាងក្រោម ផ្នែកខាងស្តាំបង្អស់នៃអេក្រង់ នោះអ្នកនឹងឃើញពាក្យថា «Window PowerShell» បន្ទាប់មកចុចបើកវា

ជំហានទី២៖ បញ្ចូលពាក្យបញ្ជា (Command) ទៅក្នុងកម្មវិធី Window PowerShell

បន្ទាប់ពីបានបើកកម្មវិធីរួច នោះអ្នកនឹងឃើញមានផ្ទាំងពណ៌ខៀវ ជាមួយនឹងអក្សរប៉ុន្មានជួរ ប្រៀបដូចជាកុំព្យូទ័រខូចដូច្នេះដែរ ប៉ុន្តែកុំបារម្ភ អ្នកត្រូវវាយពាក្យបញ្ជានេះ powercfg /batteryreport /output "C:\battery-report.html" កុំឲ្យខុសអក្សរ ទៅក្នុងនោះ បន្ទាប់មកចុច Enter ជាការស្រេច។ បញ្ជាក់ប្រសិនបើមិនចេញនោះទេ មានន័យថាអ្នកវាយអក្សរបញ្ជានោះខុសហើយ ដូច្នេះសូមព្យាយាមម្តងទៀត។

ជំហានទី៣៖ ទៅយករេស្តា ( Result ) សុខភាពថ្ម

អម្បាញ់មិញ យើងបានប្រាប់ទៅកុំព្យូទ័រដោយពាក្យបញ្ជា ឲ្យវាបញ្ចូនរបាយការណ៍សុខភាពថ្ម ទៅកាន់ Drive C។ ដូច្នេះយើងត្រូវទៅរកឯកសារសុខភាពថ្ម នៅក្នុង Drive C នេះឯង ដោយឯកសារនោះ មានឈ្មោះថា battery-report មានទម្រង់ជា File HTML។ ជាចុងក្រោយយើងបើក File battery-report ជាការស្រេច។

នៅក្នុងនោះ វាមានបង្ហាញជូននូវព័ត៌មានជាច្រើនអំពីថ្មដូចជា សមត្ថភាពពេញ ដែលចេញពីរោងចក្រ សមត្ថភាពថ្ម ដែលមានបច្ចុប្បន្ន និងរយៈពេលប្រើប្រាស់ជាដើម។ ហើយដើម្បីអាចដឹងច្បាស់ សូមអ្នកសាកថ្មមួយពេញ រួចចាំឆែកតាមក្រោយ នោះព័ត៌មាននឹងជាក់លាក់ ហើយងាយស្រួលមើល។

ដោយឡែកប្រសិនបើអ្នកមិនដឹងថាតើពេលណាត្រូវដល់ពេលប្តូរថ្មទេ អ្នកអាចមើលត្រង់កន្លែង DESIGN CAPACITY (កម្លាំងផ្ទុកចេញពីរោងចក្រ) ទៅធៀបនឹង FULL CHARGE CAPACITY (កម្លាំងថ្មពេញ១០០ភាគរយពេលសាកបច្ចុប្បន្ន) នោះអ្នកនឹងដឹងថា កម្លាំងថ្មនៅសល់ច្រើន ឬតិច ហើយគួរមិនគួរប្តួរចេញ។ ឧទាហរណ៍ នៅរូបខាងលើ ថ្មកុំព្យូទ័រនេះត្រូវបានឌីហ្សាញឡើងក្នុងទំហំ 17902mWh ហើយបច្ចុប្បន្នវានៅសល់ 17400mWh មាន័យថាថ្មនេះមានសុខភាពល្អនៅឡើយ ព្រោះសមត្ថភាពថ្មរបស់វាទើបតែថយអស់ 500mWh ប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថា របៀបតេស្តនេះអាចធ្វើបានគ្រប់ពេល មិនមានកំណត់ឡើយ៕

អត្ថបទ៖ Thea Sothun

មតិយោបល់