- 2020-07-10 08:54:03
- ព័ត៌មាន
មិនបាច់ចាំក្រុមហ៊ុនប្រកាសទេ ឥឡូវលក្ខណៈសម្បត្តិ OnePlus Nord ធ្លាយមកអស់ហើយ!
- 2020-07-10 08:54:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនបាច់ចាំក្រុមហ៊ុនប្រកាសទេ ឥឡូវលក្ខណៈសម្បត្តិ OnePlus Nord ធ្លាយមកអស់ហើយ!
ចន្លោះមិនឃើញ
កាលពីម្សិលមិញ Evan Blass បានបញ្ចេញរូបភាពលេចធ្លាយប៉ុន្មានសន្លឹក ដែលអាចឲ្យគេបានឃើញច្បាស់ៗនូវស្មាតហ្វូន OnePlus Nord ដែលក្រុមហ៊ុនត្រៀមប្រកាសនាថ្ងៃទី២១ ខែកក្កដា។ ពេលនេះ Evan Blass បានបន្តទម្លាយចេញលក្ខណៈសម្បត្តិរបស់វាវិញម្ដង ដែលបង្ហាញច្បាស់ៗមិនបាច់ចាំដល់ថ្ងៃប្រកាសជាផ្លូវការ។
OnePlus ធ្លាប់បានបញ្ជាក់ហើយថាស្មាតហ្វូន Nord នឹងដំណើរការដោយឈីប Snapdragon 765G ប៉ុន្តែពេលនេះគេដឹងថាវាមានជម្រើស RAM ទំហំ 8GB និង 12GB ជាមួយអង្គផ្ទុក 128GB និង 256GB។ ស្មាតហ្វូននេះប្រើប្រាស់ OxygenOS 10 ចេញពីប្រអប់មកស្រាប់ ដែលទំនងជាផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 10។
OnePlus ធ្លាប់បានបញ្ជាក់ដែរថា Nord នឹងបំពាក់អេក្រង់ប្រភេទ AMOLED ដែលមាន Refresh Rate 90Hz ហើយបើតាមលក្ខណៈសម្បត្តិទើបលេចធ្លាយបង្ហាញថាវាមានអេក្រង់ទំហំ ៦,៤៤អ៊ីញ និងមានដង់ស៊ីតេ 408PPI។ អេក្រង់នេះដែរនឹងមានបង្កប់ទ្រនាប់ស្កេនម្រាមដៃពីក្រោមផងដែរ។
ដំណឹងលេចធ្លាយកន្លងមក បានលើកឡើងថា OnePlus Nord នឹងមានកាមេរ៉ាសរុប ៦គ្រាប់ ដោយមានពីរគ្រាប់នៅខាងមុខ និងបួនគ្រាប់ខាងក្រោយ។ បើតាមលក្ខណៈសម្បត្តិដែលគេទម្លាយពេលនេះគឺដូចគ្នានឹងដំណឹងកន្លងមកដែរ ប៉ុន្តែខុសត្រង់កាមេរ៉ាក្រោយបន្តិច។ ដំណឹងពីមុនថាកាមេរ៉ាបួនគ្រាប់ នឹងមានកាមេរ៉ាមេ ៤៨MP, កាមេរ៉ា Ultra ៨MP, កាមេរ៉ា Macro ៥MP និងកាមេរ៉ាវាស់ជម្រៅ ២MP។ ប៉ុន្តែដំណឹងថ្មីបង្ហាញថា ៥MP នឹងជាកាមេរ៉ាវាស់ជម្រៅ ហើយកាមេរ៉ា Macro មានទំហំ ២MP វិញ។
OnePlus Nord នឹងមានបំពាក់ថ្មទំហំ ៤១១៥ mAh ដែលមានល្បឿនសាក 30W, មានទម្ងន់ ១៨៥ក្រាម, មានជម្រើសពណ៌ចំនួនបី និងមានប្រើប្រាស់ Bluetooth 5.1, NFC និង Wi-Fi 2x2 MIMO។ ចំពោះតម្លៃលក់វិញ នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែ OnePlus ធ្លាប់បញ្ជាក់ថាតម្លៃលក់របស់ OnePlus Nord នឹងមិនដល់ ៥០០ដុល្លារឡើយ៕