- 2018-09-19 14:05:00
- ចំណេះដឹង
៧ ចំណុចសិក្សាឲ្យច្បាស់ បើចង់ទិញទូរទស្សន៍មិនឲ្យខកចិត្ត
- 2018-09-19 14:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ ចំណុចសិក្សាឲ្យច្បាស់ បើចង់ទិញទូរទស្សន៍មិនឲ្យខកចិត្ត
ចន្លោះមិនឃើញ
ការជ្រើសរើសទូរទស្សន៍មកប្រើប្រាស់ មិនប្រាកដថាការចំណាយច្រើនសុទ្ធសឹងតែបានរបស់ល្អមកវិញនោះទេ ដរាបណាអ្នកមិនទាន់ស្វែងយល់ឲ្យបានច្បាស់ពីចំណុចនិងតម្រូវការប្រើប្រាស់ក្នុងគ្រួសារឬគេហដ្ឋានដែលអ្នករស់នៅ។ Sabay ណែនាំ ៧ ចំណុចមុនដាក់ចិត្តទិញទូរទស្សន៍មកប្រើប្រាស់ឲ្យបានត្រូវចិត្ត។
១.ទំហំអេក្រង់:
ជាកត្តាចម្បងនៃការសម្រេចចិត្តមុនទិញទូរទស្សន៍ ព្រោះតម្រូវការទំហំអេក្រង់ក្នុងលក្ខខណ្ឌខ្លះក៏ផ្អែកទៅតាមសមាជិកគ្រួសារ និងទីតាំងដែលអ្នកត្រូវតម្កល់ទុកគ្រឿងអេឡិចត្រូនិកថ្មីក្នុងគេហដ្ឋានរបស់អ្នក។ ជម្រើសល្អបំផុតនាពេលបច្ចុប្បន្នស្ថិតក្នុងចន្លោះពី ៥៥ ទៅ ៦៥ អ៊ីញ ក៏សម្របទៅតាមការគណនាចម្ងាយនៃការអង្គុយទស្សនា។
២.កម្រិតបង្ហាញលើអេក្រង់ 4K ឬ HD?
កម្រិតបង្ហាញកាន់តែខ្ពស់ ធ្វើឲ្យរូបភាពបង្ហាញចេញលើអេក្រង់កាន់តែច្បាស់ដិតល្អ ដោយសព្វថ្ងៃមានជាមធ្យមកម្រិត 720p HD ឬឈានដល់ 1 080p FullHD និងហក់ដល់ 4K ក៏មានក្នុងកម្រិត ៣ ៨៤០ x ២ ១៦០ ភីកសែល។ ប៉ុន្តែត្រូវចាំប្រភេទទូរទស្សន៍ 4K ក៏មានតម្លៃថ្លៃជាងច្រើនធៀបនឹង FullHD ម្ល៉ោះបើចង់ចំណាយថវិកាមិនខ្ពស់ពេក នោះការរើសយកកម្រិត 1 080p អាចថាសក្ដិសមបំផុតហើយ។
៣.កម្រិត Refresh Rate:
Refresh Rate មានខ្នាតគិតជា Hertz (Hz) សំដៅទៅចំនួនដងក្នុងមួយវិនាទីនៃរូបភាព Refresh បង្ហាញចេញលើអេក្រង់ ជាឧទាហរណ៍បើ Refresh ៦០ ដង នោះមានន័យថា 60Hz ប៉ុន្តែក្នុងលក្ខខណ្ឌការប្រើប្រាស់អេក្រង់ប្រភេទ LCD អាចនឹងធ្វើឲ្យរូបភាពមានលក្ខណៈព្រិល បែបនេះអ្នកជំនាញណែនាំឲ្យជ្រើសយក 120Hz ឬខ្ពស់ដល់ 240Hz កាន់តែប្រសើរ។
៤.រន្ធភ្ជាប់ HDMI និងរន្ធដទៃទៀត:
អ្នកក៏ត្រូវយកចិត្តទុកដាក់លើចំណុចនេះ ដោយក្រុមហ៊ុនខ្លះជៀសវាងការចំណាយច្រើនក៏បង្ខំចិត្តផលិតរន្ធដោត HDMI តិចនៅលើផលិតផលខ្លួន ដោយប្រភេទរន្ធទាំងនេះមានប្រយោជន៍ច្រើនទាំងការភ្ជាប់ជាមួយ Sound Bar ឬឧបករណ៍លេងហ្គេមប្រភេទណាមួយ បែបនេះបើអាចគួររើសឲ្យបានយ៉ាងតិច ៤។
៥.ការជ្រើសប្រភេទអេក្រង់:
បច្ចុប្បន្នពេញនិយមតែ ២ ប្រភេទប៉ុណ្ណោះរួមមាន LCD និង OLED ដោយជាមធ្យមតម្លៃក្បែរ ២០០ ដុល្លារសម្រាប់ទំហំ ៣២ អ៊ីញ LCD ថ្វីបើធុនខ្លះគាំទ្រដល់កម្រិត Ultra HD 4K ប៉ុន្តែគ្រាប់ភីកសែលរូបភាពមិនអាចជះបង្ហាញល្អនៅឡើយ។ ទៅមើលប្រភេទ OLED មានតម្លៃថ្លៃដល់ខ្ទង់ពាន់ដុល្លារ បង្ហាញកម្រិតពណ៌ដិតច្បាស់ល្អ ប៉ុន្តែកម្រិតពន្លឺនៃធុនខ្លះក៏បង្ហាញនៅស្ទើរជាងប្រភេទ LCD គ្រាន់ថា OLED ប្រាកដជាល្អជាង LCD លើចំណុចជាច្រើនហើយ ពោលគឺផ្អែកលើទំហំចំណាយអតិថិជនផ្ទាល់ជាអ្នកកំណត់។
៦.មិនចាំបាច់រើសយកអេក្រង់កោង:
ជារចនាបថថ្មី ប្រភេទទូរទស្សន៍អេក្រង់កោងក៏ជាដើមចមធ្វើឲ្យក្រុមហ៊ុនផលិតកាន់តែមានមូលហេតុដំឡើងថ្លៃផលិតផលខ្លួន។ យ៉ាងណាមិញតាមការឲ្យដឹងពី Consumer Reports រាយការណ៍ថាអ្នកប្រើប្រាស់ភាគច្រើនពុំរកឃើញពីចំណុចខុសប្លែក រវាងការទស្សនាលើទូរទស្សន៍អេក្រង់កោងនិងអេក្រង់លាតស្មើធម្មតាឡើយ ជារួមគ្រាន់ជាយុទ្ធសាស្ត្រនៃការបង្កើនថ្លៃចំណេញនិងពុំបាននាំយកប្រយោជន៍ថ្មីដល់អតិថិជននោះទេ។
៧.ប្រព័ន្ធសំឡេងចេញពីទូរទស្សន៍មិនអាចយកជាការបាន:
គុណភាពសំឡេងកាន់តែចុះអន់ថយ បន្ទាប់ពីកម្រាស់ទូរទស្សន៍កាន់តែស្តើងឡើង បែបនេះជម្រើសរបស់អ្នកអាចជាការប្រើប្រាស់ឧបករណ៍ជំនួយផ្សេងៗដូចជាបន្ថែមបាសភ្ជាប់ទីតាំងណាមួយឬប្រភេទ Soundbar ដោយជាមធ្យមអ្នកអាចចំណាយលើឧបករណ៍នេះក្រោម ៣០០ ដុល្លារតែប៉ុណ្ណោះទៅតាមម៉ូឌែលនៃក្រុមហ៊ុននីមួយៗ។ ជាពិសេសសម្រាប់ការទស្សនាខ្សែភាពយន្តឬប្រកួតកីឡាសំខាន់ណាមួយ ការបន្ថែម Soundbar ជារឿងដែលអ្នកមិនគួររំលង។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: