• 2017-12-02 02:50:00
  • ប្រវត្តិបច្ចេកវិទ្យា

SAMSUNG មុន​យក​ឈ្នះ Apple ធ្លាប់​ចាញ់ Motorola ក្នុង​ដី

  • 2017-12-02 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung Electronics Co., Ltd. ជា​ក្រុមហ៊ុន​ពហុ​អេឡិចត្រូនិក​មាន​ការិយាល័យ​កណ្ដាល​ក្នុង​ទីក្រុង Suwon ប្រទេស​កូរ៉េ​ខាងត្បូង។ ជា​ផ្នែក​មួយ​នៃ Samsung Group ដែល​ជួយ​រក​ចំណូល​បាន​ជាង ៧០ ភាគរយ​នា​ឆ្នាំ ២០១២ បែងចែក​ជា​រោងចក្រ​ដំឡើង​ប្រចាំ​តំបន់​និង​ភ្នាក់ងារ​លក់​ជុំវិញ ៨០ ប្រទេស មាន​បុគ្គលិក​សរុប​ប្រមាណ ៣០៨,៧៤៥ នាក់។​

រាប់​បញ្ចូល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​បំផុត​លំដាប់​ទី ២ ផ្អែក​លើ​ចំណូល​ជាង ៣៧២ ប៊ីលាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ខែ​តុលា ឆ្នាំ ២០១៧។ ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​លើ​ផ្នែក​ថ្ម Lithium-ion, បន្ទះ​ឈីប, អង្គ​ផ្ទុក (Memory), Hard Drive សម្រាប់​អតិថិជន​ក្រុមហ៊ុន​លំដាប់​មួយ​ចំនួន​ដូច​ជា Apple, Sony, HTC និង NOKIA។​ ជាប់​ជា​ក្រុមហ៊ុន​ស្មាតហ្វូន​ធំ​បំផុត​ក្នុង​លោក ជាមួយ​ត្រកូល SAMSUNG Galaxy និង​ពពួក​ថេបប្លេត Galaxy Tab។ នៅ​ឆ្នាំ ២០០៦ ទទួល​បាន​ឈ្មោះ​ថ្មី​ផ្សេង​ទៀត​ជា​ក្រុមហ៊ុន​ផលិត​ទូរទស្សន៍​លំដាប់​ទី ១ ក្នុង​លោក រហូត​ដល់​ខែ​កក្កដា ឆ្នាំ ២០១៧ ខ្លួន​បាន​យក​ឈ្នះ​លើ Intel ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​បន្ទះ​ឈីប​លេខ ផង​ដែរ។

+ដើម​កំណើត:

Samsung Electric បាន​បង្កើត​ឡើង​ក្នុង​វិស័យ​ឧស្សាហកម្ម​នៃ Samsung Group នា​ឆ្នាំ ១៩៦៩ ក្នុង​ទីក្រុង Suwon ដោយ​ដំណាក់​កាល​ដំបូង​ផលិត​នូវ​ទូរទស្សន៍, ម៉ាស៊ីន​គិត​លេខ, ទូទឹកកក, ម៉ាស៊ីន​ត្រជាក់ និង​ម៉ាស៊ីន​បោក​សំលៀកបំពាក់។ ស្ថិត​ក្នុង​ជំហាន​ផលិត​បន្ទះ​ឈីប​ក្រោយ​ទិញ​យក​ក្រុមហ៊ុន Korea Semiconductor នា​ឆ្នាំ ១៩៧៤។

៧ ឆ្នាំ​ក្រោយ Samsung Electric ផលិត​ទូរទស្សន៍​ស​ខ្មៅ​បាន​ជាង ១០ លាន​គ្រឿង គួបផ្សំ​នៃ​ភាព​ជោគជ័យ​មួយ​នេះ​ខ្លួន​ក៏​បាន​បញ្ចូល​គ្នា​រវាង Samsung Semiconductor & Communications រហូត​បង្កើត​បាន​ជា​ឈ្មោះ​ថ្មី​ផ្លូវការ Samsung Electronics។​ ទូរសព្ទ​ដំបូង​ហក់​ចូល​ក្នុង​ទីផ្សារ​យក្ស​កូរ៉េ​ខាងត្បូង​របស់ SAMSUNG កើត​ឡើង​នា​ឆ្នាំ ១៩៨៨ ដែល​អំឡុង​កាល​នោះ Motorola ជាប់​លេខ ១ ទទួល​បាន​ចំណែក​ទីផ្សារ​ដល់​ ៦០ ភាគរយ ខណៈ SAMSUNG បាន​ត្រឹម ១០ ភាគរយ​ប៉ុណ្ណោះ។​

ដោយ​សង្កេត​ឃើញ​សក្ដានុពល​លើ​ទីផ្សារ​ហាក់​មិន​កាក់កប ស្ថាបនិក​លោក Lee Kun-Hee ក៏​បាន​សិក្សា​ពី​យុទ្ធសាស្ត្រ​ថ្មី ដោយ​បង្វែរ​លើ​ការ​ផ្សព្វផ្សាយ​សហការ​ជាមួយ​ព្រឹត្តិការណ៍​កីឡា​ធំៗ​វិញ ដោយ​ការ​ឧបត្ថម្ភ​ដំបូង​គឺ​កើត​ឡើង​នៅ​ក្នុង​កីឡា​អូឡាំពិក​រដូវ​រងា​ឆ្នាំ ១៩៩៨ ក្នុង​ទីក្រុង Nagano ប្រទេស​ជប៉ុន ជា​កត្តា​ធ្វើ​ឲ្យ SAMSUNG អាច​មាន​ឈ្មោះ​ប្រជែង​ជាមួយ SONY លើ​ឆាក​អន្តរជាតិ​ក្នុង​វិស័យ​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារ​ក្នុង​គេហដ្ឋាន។

សម្លឹង​ឃើញ​ភាព​ជោគជ័យ​លើ​ការ​ផលិត​ RAM និង​អង្គ​ផ្ទុក របស់ SAMSUNG ក្រុមហ៊ុន​អាមេរិក​ Apple ក៏​ងាក​មក​សហការ​ជាមួយ​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​មួយ​នេះ នៅ​ឆ្នាំ ២០០៥ និង​ឆ្នាំ ២០១៣ ការ​ផ្គត់ផ្គង់​បន្ទះ​ឈីប A7 សម្រាប់​ទូរសព្ទ iPhone 5s។​

+ការ​ប្រតិបត្តិការ:

ក្រុមហ៊ុន​ឈរ​លើ​វិស័យ​ចម្បង ៤ រួម​មាន ឧបករណ៍​ឌីជីថល, គ្រឿង​ផ្គត់ផ្គង់​ឧបករណ៍​អេឡិចត្រូនិក​, បណ្ដាញ ​ទូរគមនាគមន៍ និង​គ្រឿង​បរិក្ខារ LCD ឌីជីថល។ ជា​រួម​មាន​ដូច​ជា​ម៉ាស៊ីន​ក្បាល DVD, ឧបករណ៍ MP3, កាមេរ៉ា​ឌីជីថល, ម៉ាស៊ីន​បោក​គក់, ទូទឹកកក, ម៉ាស៊ីន​បូម​ធូលី, អង្គ​ផ្ទុក NAND, RAM, ឧបករណ៍ Hard Disk, CMOS Image Sensor, ស្មាតហ្វូន, ម៉ាស៊ីន Fax, PDA Phone និង​ពពួក​អេក្រង់ TFT-LCD ឬ OLED ជា​ដើម។​

+វិស័យ​ឧស្សាហកម្ម​ស្មាតហ្វូន:

ត្រកូល Galaxy S ដំបូង​បង្អស់ លេច​មុខ​ក្នុង​ប្រទេស​សិង្ហបុរី​និង​កូរ៉េខាងត្បូង​នៅ​ខែ​មិថុនា ឆ្នាំ ២០១០ ជា​គូ​ប្រជែង​ស៊ីសាច់​ហុត​ឈាម​ជាមួយ iPhone របស់ Apple។​ ក្រោយ​ការ​ប្រកាស ៤៥ ថ្ងៃ នៅ​ទឹកដី​អាមេរិក SAMSUNG ត្រកូល S លក់​ចេញ​បាន ១ លាន​គ្រឿង។ ធ្លាប់​ឆ្លង​កាត់​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិ​មិន​ថា Symbian, Windows Phone, LiMo និង Bada រហូត​ដល់ Android។ ប៉ុន្តែ​នៅ​ឆ្នាំ ២០១៣ SAMSUNG បាន​បោះបង់​ប្រព័ន្ធ​មួយ​ចំនួន​ចោល ដោយ​ទុក​ត្រឹម ​Android លើ​ឧបករណ៍ 43 ម៉ូដែល និង Windows Phone ចំនួន ២ ម៉ូដែល។

SAMSUNG ទើប​តែ​យក​ឈ្នះ Apple បាន​សម្រេច​នៅ​អំឡុង​ត្រីមាស​ទី ៣ ឆ្នាំ ២០១១ ដោយ​ទទួល​បាន​ចំណែក​ទីផ្សារ​សកល​សរុប ២៣.៨ ភាគរយ ស្រប​ Apple បាន​ត្រឹម ១៤.៦ ភាគរយ​ប៉ុណ្ណោះ។​ នា​ឆ្នាំ ២០១២ SAMSUNG ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ធំ​បំផុត​ក្នុង​លោក លក់​ដាច់​បាន​ជាង ៩៥ លាន​គ្រឿង​នា​ត្រីមាស​ទី ១។​

​​​​​​​​​+វិស័យ​ឧស្សាហកម្ម​ទូរទស្សន៍:

នា​ឆ្នាំ ២០០៩ SAMSUNG លក់​ដាច់​ទូរទស្សន៍​អេក្រង់​លាត​បាន​ជាង ៣១ លាន​គ្រឿង។ កន្លង​ផុត​មួយ​ឆ្នាំ ខ្លួន​បាន​បញ្ចេញ​ទូរទស្សន៍ HD 3D LED ដំបូង​បង្អស់ នៅ​ពិព័រណ៍ CES ប្រចាំ​ទីក្រុង Las Vegas។

ឆ្នាំ ២០០៧ SAMSUNG ប្រកាស​នូវ​ទូរទស្សន៍​អាច​ប្រើប្រាស់​អ៊ីនធឺណិត និង​ក្រោយ​មក​ប្តូរ​ទៅ​ជា Smart LED TV ជា​ទូរទស្សន៍​ឆ្លាត​វៃ​ដំបូង​អាច​ទាញ​យក App មក​ដំឡើង​បាន។ ក្រៅ​ពី​ការ​ប្រើប្រាស់​កម្មវិធី​មាន​ប្រយោជន៍​ជា​ច្រើន ទៀតសោត​អ្នក​ក៏​អាច​លេង​ហ្គេម​មួយ​ចំនួន​បាន​ដូច​ជា Angry Birds រហូត​វិវត្ត​ដល់​ហ្គេម​មាន​ក្រាហ្វិក​ធំៗ ទល់​បច្ចុប្បន្ន​នេះ។​

+ការ​វិវត្ត​ពាក្យ​ស្លោក:

.Samsung For Today and Tomorrow (1993–2002)

.Samsung, Imagine (2002–2007)

.Samsung, Next Is What? (2007–2010)

.Samsung, Turn on Tomorrow (2010–2013)

.Samsung, The Next Is Now

.Samsung, The Next Big Thing is Here (2013–present)

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

​. ​​Motorola ចេញ​ស្ពត Z2 Play បាញ់​ត្រកូល Galaxy Note ចង់​ក្អួត​ឈាម!

. A5/A7 ច្បាស់ហើយ នៅ​ឡើយ A8 ឮ​តែ​ដំណឹង​ល្ហៀក​ៗ​តែ​ប៉ុណ្ណោះ​​​

ប្រភព៖ Wikipedia ប្រែសម្រួល៖ កៅ រក្សា

មតិយោបល់