- 2017-11-14 23:06:00
- ប្រវត្តិបច្ចេកវិទ្យា
Huawei លក់ស្មាតហ្វូនតាំងពីឆ្នាំ ២០១០ រហូតយកឈ្នះ Apple នៅឆ្នាំ ២០១៧
- 2017-11-14 23:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei លក់ស្មាតហ្វូនតាំងពីឆ្នាំ ២០១០ រហូតយកឈ្នះ Apple នៅឆ្នាំ ២០១៧
ចន្លោះមិនឃើញ
Huawei Technologies ជាក្រុមហ៊ុនផ្គត់ផ្គង់សេវានិងបណ្ដាញទូរគមនាគមន៍ធំបំផុតក្នុងពិភពលោក មានការិយាល័យកណ្ដាលក្នុងទីក្រុង Shenzhen ខេត្តក្វាងទុង ប្រទេសចិន។ បង្កើតឡើងក្នុងឆ្នាំ ១៩៨៧ ដោយលោក Ren Zhengfei អតីតវិស្វករនៅក្នុងកងទ័ពរំដោះប្រជាជនចិន។
នៅពេលបង្កើតឡើងដំបូង ក្រុមហ៊ុនផ្តោតលើការផលិតឧបករណ៍អេឡិចត្រូនិកទូរសព្ទ ប៉ុន្តែក្រោយមកបានពង្រីកអាជីវកម្មរួមបញ្ចូលបណ្ដាញទូរគមនាគមន៍ ការផ្តល់សេវាពិគ្រោះយោបល់ដល់សហគ្រាសនៅក្នុងនិងក្រៅប្រទេស និងផលិតឧបករណ៍ទំនាក់ទំនងសម្រាប់ទីផ្សារអ្នកប្រើប្រាស់។
ក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុនបានបណ្តាក់ទុន ៦.៤ ប៊ីលានដុល្លារលើផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍ កើនឡើងពី ៥ ប៊ីលានដុល្លារក្នុងឆ្នាំ ២០១៣។
គិតត្រឹមខែកញ្ញាឆ្នាំ ២០១៥ ក្រុមហ៊ុនមានបុគ្គលិកបម្រើការជាង ១៧០ ០០០ នាក់ ប្រហែល ៧៦ ០០០ នាក់ធ្វើការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R & D)។ Huawei បានបង្កើតវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍នៅក្នុងប្រទេសជាច្រើនរួមមានចិន សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស ប៉ាគីស្ថាន ហ្វាំងឡង់ បារាំង បែលហ្ស៊ិក កូឡុំប៊ី ស៊ុយអែត អៀរឡង់ ឥណ្ឌា រុស្ស៊ី អ៊ីស្រាអែល និងទួកគី។
នៅក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុន Huawei បានទទួលប្រាក់ចំណេញចំនួន ៣៤.២ ប៊ីលានយ័ន (៥.៥ ប៊ីលានដុល្លារ) ។ ផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុន ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសជាង ១៧០ ហើយបច្ចុប្បន្នកំពុងបម្រើដល់ ៤៥ ប្រតិបត្តិករទូរគមនាគមន៍ធំៗទាំង ៥០ នៅលើពិភពលោក។
នៅខែមិថុនាឆ្នាំ ២០១៦ ក្រុមហ៊ុន Huawei កំពុងអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការទូរសព្ទផ្ទាល់ខ្លួន សម្រាប់ប្រើប្រាស់នាពេលអនាគត។
ចាប់ពីខែកក្កដាដល់ខែកញ្ញាឆ្នាំ ២០១៧ ការលក់ទូរសព្ទ Huawei បានកើនលើស Apple និងបានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតទីពីរនៅលើពិភពលោក បន្ទាប់ពីក្រុមហ៊ុន Samsung។
+ការកកើតដំបូង
អំឡុងទសវត្សឆ្នាំ ១៩៨០ រដ្ឋាភិបាលចិនបានព្យាយាមធ្វើទំនើបកម្មប្រព័ន្ធទូរគមនាគមន៍ដែលមិនទាន់មានការអភិវឌ្ឍនៅក្នុងស្រុក ជាកត្តាជំរុញឲ្យក្រុមអ្នកស្រាវជ្រាវចិនជាច្រើន បានខិតខំប្រឹងប្រែងក្នុងគោលដៅអភិវឌ្ឍបច្ចេកវិទ្យាក្នុងស្រុក ដោយចាប់ដៃគូពីក្រុមហ៊ុនបរទេស។
ដោយមានឆន្ទៈខ្ពស់ មិនចង់ពឹងផ្អែកលើក្រុមហ៊ុនបរទេស លោក Ren Zhengfei បានសម្រេចបង្កើតក្រុមហ៊ុន Huawei ឡើងនៅឆ្នាំ ១៩៨៧ ក្នុងទីក្រុង Shenzhen។ លោកមានមហិច្ឆតា ធ្វើយ៉ាងណាអាចប្រកួតប្រជែងជាមួយក្រុមហ៊ុននៅក្រៅស្រុកបានថែមទៀតផង។
ថ្វីបើដើមទុនដំបូងមានប្រាក់ត្រឹមតែជាង ៣ ពាន់ដុល្លារក្នុងការចុះបញ្ជីដើមទុនពេលបង្កើត ប៉ុន្តែក្រុមហ៊ុនទទួលបានប្រាក់កម្ចីចំនួន ៨.៥ លានដុល្លារពីធនាគារដែលជាកម្មសិទ្ធិរបស់រដ្ឋ ទោះបីក្រុមហ៊ុនមិនចេញមុខអះអាង។
Huawei បង្កើតឧបករណ៍ PBX ជាលើកដំបូង ដើម្បីផ្គត់ផ្គង់ដល់សណ្ឋាគារនិងសហគ្រាសធុនតូច ងាយស្រួលក្នុងការទំនាក់ទំនងពីក្នុងស្រុកទៅក្រៅប្រទេស។
+ការពង្រីកខ្លួនចូលទីផ្សារអន្តរជាតិ
នាឆ្នាំ ១៩៩៧ ក្រុមហ៊ុន Huawei បានទទួលកិច្ចសន្យាក្រៅស្រុកជាលើកដំបូង ក្នុងការផ្គត់ផ្គង់ផលិតផលបច្ចេកវិទ្យាដល់ក្រុមហ៊ុន Hutchison Whampoa ដែលមានមូលដ្ឋានហុងកុង។ ក្នុងឆ្នាំ ១៩៩៩ បានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍ R&D ក្នុងទីក្រុង Bangalore ប្រទេសឥណ្ឌា។
ចាប់ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៣ ក្រុមហ៊ុន Huawei បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន IBM សម្រាប់ការប្រឹក្សាយោបល់ និងការផ្លាស់ប្ដូរគ្រប់គ្រងរចនាសម្ព័ន្ធផលិតផលរបស់ខ្លួន។ ពីឆ្នាំ ២០០០ ក្រុមហ៊ុន Huawei បានបង្កើនល្បឿនពង្រីកខ្លួនទៅក្នុងទីផ្សារក្រៅប្រទេស ដោយទទួលចំណូលការលក់នៅក្រៅប្រទេសជាង ១០០ លានដុល្លារនៅឆ្នាំ ២០០០។
ក្រុមហ៊ុនបានបង្កើតមជ្ឈមណ្ឌល R & D នៅរដ្ឋធានី Stockholm ប្រទេសស៊ុយអែត។ នៅឆ្នាំ ២០០១ បានបង្កើតមជ្ឈមណ្ឌល R & D ចំនួន 4 នៅសហរដ្ឋអាមេរិក ហើយបានចូលរួមជាមួយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ។ នៅឆ្នាំ ២០០២ ចំណូលការលក់នៅទីផ្សារអន្តរជាតិរបស់ក្រុមហ៊ុន Huawei បានឈានដល់ 552 លានដុល្លារអាមេរិក។
+ផលិតផលនិងសេវាកម្ម
អាជីវកម្មស្នូលរបស់ Huawei មាន ៣ រួមមាន
ក្រុមហ៊ុនបណ្ដាញទូរគមនាគមន៍៖ ការកសាងបណ្ដាញទូរគមនាគមន៍និងសេវាកម្ម
អាជីវកម្មសហគ្រាស៖ ការផ្គត់ផ្គង់ឧបករណ៍,ប្រព័ន្ធកម្មវិធីនិងសេវាផ្ដល់ដំណោះស្រាយដល់អតិថិជនជាសហគ្រាស
ឧបករណ៍៖ ការផលិតគ្រឿងអេឡិចត្រូនិក។
+ការប្រឡូកចូលទីផ្សារទូរសព្ទចល័ត
ក្រៅពីលក់ផលិតផលផ្គត់ផ្គង់សេវារួមមាន USB Modems, Modem ឥតខ្សែ, ដុំ Router ឥតខ្សែនិងឧបករណ៍ WiFi ចល័ត ក៏ដូចជាគ្រឿងផ្គត់ផ្គង់ជាច្រើនទៀត Huawei បានប្រឡូកចូលទៅក្នុងទីផ្សារទូរសព្ទចល័តនាឆ្នាំ ២០១០។ ម៉ូដែលដំបូងៗរួមមាន U8800, U8860, E220, Ascend, U7519, Huawei Mercury M886, Honor 6 និង Honor 5c ជាដើម។
ស្មាតហ្វូន Huawei រាប់លានគ្រឿង បានផ្ដើមពង្រាយចូលទៅក្នុងទីផ្សារប្រទេសជប៉ុន, អាមេរិក, អឺរ៉ុប និងប៉ែកខាងអាស៊ី។ Huawei បានចាប់ដៃសហការជាមួយ Google ក្នុងការបង្កើតឡើងនូវស្មាតហ្វូនម៉ូដែល Nexus 6P។
+ការបង្កើតប្រព័ន្ធ EMUI
Huawei បានបង្កើតនូវប្រព័ន្ធ ROM/OS សម្របនឹងប្រព័ន្ធប្រតិបត្តិ Android មានឈ្មោះ EUMI។ ដំឡើងជាបន្តបន្ទាប់ចូលទៅក្នុងស្មាតហ្វូនក៏ដូចជាឧបករណ៍ផ្សេងៗទៀត។ ជំនាន់ដំបូងនៃ EMUI 1.x សម្របនឹង Android Ice Cream Sandwhich រហូតវិវត្តដល់ EMUI 8.x ដែលមានប្រើលើ Android Oreo 8.x បច្ចុប្បន្ននេះ។
+ការប្រកួតប្រជែងទីផ្សារស្មាតហ្វូន
គិតចាប់ពីខែកក្កដា ដល់កញ្ញា ឆ្នាំ ២០១៧ ក្រុមហ៊ុន Huawei បានយកឈ្នះលើ Apple ជាប់ឈ្មោះជាក្រុមហ៊ុនលំដាប់ទី ២ ក្នុងលោក ស្របពេល SAMSUNG រក្សាតំណែងលេខ ១ មិនប្ដូរ។
+ការឧបត្ថម្ភដល់ក្រុមកីឡាបាល់ទាត់
Huawei ធ្លាប់បានក្លាយជាម្ចាស់ឧបត្ថម្ភធំដល់ក្រុមបាល់ទាត់ Bundesliga, Asernal FC, Real Madrid, Athletic Bilbao, Paris Saint-Germain, Indian Premier League។