• 2022-06-07 01:50:48
  • គន្លឹះ

គន្លឹះ​អ្នក​ប្រើ​ទូរសព្ទឱ្យ​នៅ​ដូច​ថ្មី​​​ ៤ ចំណុច​គួរ​ស្វែងយល់​

  • 2022-06-07 01:50:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ទូទៅ​ស្មាតហ្វូន​ថ្មី​ដែល​ទិញ​បើក​ចេញ​ពី​ប្រអប់​ភ្លាមៗ ធម្មតា​អតិថិជន​អាច​ប្រើប្រាស់​បាន​ត្រឹម​តែ ២ ឆ្នាំ​ប៉ុណ្ណោះ​ហើយ​បញ្ហា​ ការ​ខូចខាត​ផ្សេងៗ​នឹង​កើត​មាន​ឡើង បើ​យើង​មិន​យក​ចិត្ត​ទុក​ដាក់​លើ​វា​​។ ចំណែក​ឯ​ប្រជាពលរដ្ឋ​អាមេរិក​វិញ មិន​ដល់​ ២ ឆ្នាំ​ពេញ​ទេ ជា​មធ្យម​គឺ​ត្រឹម​រយៈ​ពេល​តែ ២១ ខែ ស្មាតហ្វូន​តម្លៃ​ថ្លៃៗ​របស់​គេ នឹង​​មាន​សភាព​ប្រែប្រួល​ខ្លាំង​។​ ថ្ងៃ​នេះ Sabay លើក​យក​ ៤ ចំណុច​ដែល​អ្នក​គួរ​ស្វែងយល់​ឱ្យ​បាន​ច្បាស់​ ដើម្បី​រក្សា​គុណភាព​ស្មាតហ្វូន​ឱ្យ​ប្រើ​បាន​យូរ​នៅ​ដូច​ថ្មី​ដដែល​។

១.ការ​ខូចខាត​ផ្នែក​ក្រៅ​

ការ​ខូចខាត​គឺ​ជា​កត្តា​ដ៏​សំខាន់​បំផុត​ ដែល​បង្ក​បញ្ហា​ផ្សេងៗ​ដល់​គ្រឿង​ក្នុង​របស់​ម៉ាស៊ីន​។​ ដើម្បី​ជៀសវាង​បញ្ហា​នេះ​បាន អ្នក​ប្រើប្រាស់​គួរ​បិទ​នូវ​កញ្ចក់​ការពារ​ (Screen Protector) និង​ប្រើ​នូវ​ប្រភេទ​ Case ការពារ​ធ្លាក់​និង​ចូល​ទឹក (Case ប្រភេទ​នេះ​មាន​តម្លៃ​រាង​ថ្លៃ​បន្តិច គេ​និយម​ប្រើ​សម្រាប់​ស្មាតហ្វូន​តម្លៃ​ខ្ពស់ៗ​)​។ ទៀត​សោត​តាម​រយៈ​ប័ណ្ណ​ធានា​របស់​ក្រុមហ៊ុន​មួយ​ចំនួន ក៏​បញ្ជាក់​ករណី​បើ​ស្មាតហ្វូន​ដែល​ទិញ​ហើយ​ មាន​ការ​ខូចខាត​នៅ​ផ្ទៃ​ខាង​ក្រៅ​ខ្លាំង ពួក​គេ​អាច​នឹង​ផ្ដាច់​ចោល​នូវ​សុពលភាព​ប័ណ្ណ​ធានា​នោះ ម្ល៉ោះ​ហើយ​ការ​អនុវត្ត​ខាង​លើ នឹង​​បញ្ចៀស​អ្នក​ពី​បញ្ហា​នេះ​បាន​។

២.ថាមពល​ថ្ម​

ស្មាតហ្វូន​ជា​ច្រើន និយម​បំពាក់​នូវ​ថ្ម​មិន​អាច​ដោះ​បាន​ប្រភេទ Lithium-ion ដោយ​ពពួក​ថ្ម​ទាំង​នេះ អ្នក​គួរ​ប្រុង​ប្រយ័ត្ន​ព្រោះ​វា​ឆាប់​ខូច​បំផុត ។​ ដើម្បី​ជៀស​បញ្ហា​បាន អ្នក​ប្រើ​សូម​កុំ​ទុក​ឱ្យ​ស្មាតហ្វូន​សល់​ថ្ម​ដល់ ០ ភាគរយ​ឫ​រលត់​បាន​សាក​ ទៀត​សោត​បើ​សាក​ សូម​សាក​ឱ្យ​ពេញ​ដល់ ១០០ ភាគរយ​សឹម​ដក​ ។ យ៉ាងណាមិញ​ទាំង​ថ្ម ដែល​អាច​ដោះ​បាន ដូច​ជា​ពពួក​ស្មាតហ្វូន​ SAMSUNG ស៊េរី​ចាស់ ក៏​អ្នក​គួរ​អនុវត្ត​វិធី​នេះ​ដែរ​។

៣.ការ​ប្រើប្រាស់​

អ្នក​ប្រើប្រាស់​ស្មាតហ្វូន​ គួរ​យក​កូន​ក្រណាត់​តូចៗ​ឫ​សម្លី​ត្បារត្រចៀក​ទុក​តាម​ខ្លួន​ ព្រោះ​ជា​ធម្មតា​ស្មាតហ្វូន​តែង​ប្រឡាក់​នូវ​កម្ទេចកំទី​ធូលី​ដី​ផ្សេងៗ ហើយ​បើ​យើង​មិន​ខ្វល់​ពី​វា ចេះ​តែ​ទុក​ចោល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទី​បំផុត​វា​នឹង​​កខ្វក់​ខ្លាំង​លែង​ចង់​ប្រើ​ក៏​ថា​បាន​។ ចំណុច​ពិសេស​មួយ​ទៀត​គឺ​ការ​ចុច​លើ​អេក្រង់​ សូម​កុំ​ប្រើ​កម្លាំង​ដៃ​ចុច​ខ្លាំង​ៗ​ពេក ឫ​យក​វត្ថុ​ធ្ងន់​សង្កត់​ពី​លើ​ ព្រោះ​ការ​ធ្វើ​បែប​នេះ​ ជា​ញឹកញយ វា​នឹង​ធ្វើ​ឱ្យ​ភាព​រំញោច​នៃ​អេក្រង់​ ឆាប់​ខូចខាត​លឿន​ខុស​ពី​ធម្មតា​។​

៤.ភាព​ហួស​សម័យ

ជា​ទូទៅ​ក្រុមហ៊ុន​ស្មាតហ្វូន​ជា​ច្រើន ក្នុង​រយៈ​ពេល ១ ឆ្នាំ​ៗ​ ចេញ​លក់​សឹង ៥-៦ ម៉ូដែល កត្តា​នេះ​ធ្វើ​ឱ្យ​មនុស្ស​មាន​ចិត្ត​ចង់​បន្ទាន់​សម័យ​។​ បើ​អ្នក​មាន​ថវិកា​គ្រប់គ្រាន់​វា​មិន​ជា​បញ្ហា​ចោទ​ទេ ប៉ុន្តែ​បើ​យើង​ពុំ​មាន​ សូម​កុំ​គិត​ច្រើន ព្រោះ​ភាព​ខុស​គ្នា​នៃ​ស្មាតហ្វូន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ វា​មាន​តិច​បំផុត សំខាន់​លើ​យើង​ចេះ​លើក​ចំណុច​ពិសេសៗ​មក​ប្រៀបធៀប​គ្នា​ឱ្យ​បាន​ស៊ី​ជម្រៅ ហើយ​បើ​កាល​ណា​អ្នក​គិត​ថា​ វា​ល្មម​ដល់​ពេល​ប្តូរ​ស៊េរី​ហើយ នោះ​ក៏​ជា​ជម្រើស​របស់​អ្នក​ (បញ្ជាក់: ៣-៤ ឆ្នាំ​ចាំ​ប្ដូរ​ស៊េរី​ស្មាតហ្វូន​ម្ដង​គឺ​ល្អ​បំផុត​)។

រាល់​ការ​លើក​ឡើង​ចំណុច​ខាង​លើ គ្រាន់​ជា​វិធីសាស្ត្រ​មួយ​ក្នុង​ការ​ថែ​រក្សា​ស្មាតហ្វូន​ឱ្យ​ប្រើប្រាស់​បាន​យូរ ហើយ​វា​ក៏​ជា​ទម្លាប់​ល្អ​មួយ​ផង​ដែរ ព្រោះ​ការ​រក​ថវិកា​ទិញ​បាន​ស្មាតហ្វូន​តម្លៃ​ថ្លៃ​មួយ​គ្រឿងៗ​គឺ​ពិបាក​ខ្លាំង​ណាស់​៕

អត្ថបទ៖ ម៉េងងី

មតិយោបល់