• 2022-05-03 07:20:28
  • ចំណេះដឹង

ដឹងអត់! ប្រព័ន្ធ​សុវត្ថិភាពដំបូង​របស់ Toyota មានញាណពិសេស​អាច​ដឹងគ្រោះថ្នាក់​នៅខាងមុខ (មានវីដេអូ)

  • 2022-05-03 07:20:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​សុវត្ថិភាព Toyota Safety Sense ត្រូវបាន​បង្ហាញ​ចេញ​ដំបូងបំផុត​ក្នុងឆ្នាំ​២០១៥ ដើម្បីការពារ​នូវ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ដោយប្រព័ន្ធ​សុវត្ថិភាព​ជំនាន់ទី១នេះ គឺ​មានមុខងារ​៣ ដូចជា៖

ប្រព័ន្ធព្រមាន​ពេលមានឧបសគ្គ​ខាងមុខ​ដែលនឹង​អាចប៉ះទង្គិចគ្នា (Pre-Collision System)

មុខងារ​នេះ​អាចស្កេន​រាល់​អ្វីទាំងអស់​ដែល​នៅខាងមុខ ដូចជា យានយន្តផ្សេងៗ អ្នកថ្មើរ និង​អ្នកជិះកង់ ហើយ​វាអាចកត់សម្គាល់​បានថា រាល់​ចលនាទាំងនោះ អាច​នឹង​បង្កឱ្យ​មានគ្រោះថ្នាក់​ជាមួយ​រថយន្តរបស់​យើង។ ប្រសិនបើវាអាចនឹង​មានលទ្ធភាព​ប៉ះទង្គិចគ្នាមែន មុខងារ​នេះ​នឹង​បន្លឺសំឡេង​ព្រមាន​ដល់​អ្នកបើកបរ ហើយ​ប្រព័ន្ធជំនួយហ្រ្វាំង​បន្ទាន់​ ក៏ចាប់ផ្តើមធ្វើការដែរ។ ប៉ុន្តែ​ប្រសិន​បើអ្នក​បើកបរ មិនបានចាប់អារម្មណ៍សញ្ញាព្រមាននេះទេ នោះ​ហ្វ្រាំង​វានឹង​ធ្វើការដោយស្វ័យប្រវត្តិ​តែម្តង ដើម្បីបញ្ចៀស​ការប៉ះទង្គិចគ្នា។

ប្រព័ន្ធ​ឱ្យសញ្ញា​ពេល​រថយន្ត​រេចង្កូត​ចេញ​ពី​គន្លង (Lane Depature Alert)

មុខងារ​នេះ គឺ​ប្រើ​កាមេរ៉ា​ដើម្បីស្កេនអង្កេត​គន្លងផ្លូវ ពេលនោះ​ប្រសិន​បើអ្នកបើកបរ​សុខៗ​រេចង្កូតចេញពីគន្លងខ្លួន ដោយ​អត់មានវ៉ៃស៊ីញ៉ូ ប្រព័ន្ធនឹង​បន្លឺសំឡេងឡើងភ្លាម ដើម្បី​ដាស់តឿនអ្នកបើកបរ ឱ្យបើកចូល​គន្លងត្រឹមត្រូវវិញ។

ប្រព័ន្ធភ្លើងហ្វាអូតូ (Automatic High Beam)

មុខងារ​នេះ គឺ​ប្រើ​សម្រាប់បើកបរពេលយប់ ដោយ​វាប្រើកាមេរ៉ា​ក្នុងការ​ស្កេន​អង្កេត​មើល​ពន្លឺចង្កៀង​ពីរថយន្ត​ដែល​មកពីទិសដៅផ្ទុយ ពោលគឺ​វា​នឹង​បិទភ្លើងហ្វាអូតូទម្លាក់មកកូដវិញ នៅពេលរថយន្តនៅទិសដៅផ្ទុយ មកកាន់តែកៀក​រថយន្តរបស់យើង ហើយ​ពេល​រថយន្តនោះទៅផុត វានឹង​បើកហ្វាអូតូវិញ។

ក្រោយមកទៀត ក្នុងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 1.0 នេះដដែល ក៏បន្ថែម​នូវមុខងារ២ទៀតគឺ៖

មុខងារ​សម្គាល់​ផ្លាកសញ្ញាចរាចរណ៍ (Road Sign Assist)

វា​នឹង​ស្កេន​រាល់​ផ្លាកសញ្ញានៅខាងមុខ ហើយ​បង្ហាញ​ព័ត៌មាន​សំខាន់ៗ​ដូចជា ការកំណត់ល្បឿន ឬ​ ហាមវ៉ាជែង ជាដើម។ ប្រសិនបើអ្នកបើកបរបំពាន​ វានឹងបន្លឺសំឡេង​ព្រមាន​តែម្តង។

ប្រព័ន្ធ​គ្រប់គ្រង​ល្បឿន​ស្វ័យ​ប្រវត្តិ​ (Adaptive Cruise Control)៖ វា​នឹង​ជួយ​ឱ្យរថយន្ត​រក្សា​គម្លាតអូតូពីរថយន្ត​នៅខាងមុខ។ បើមិនអាចរក្សាគម្លាតបាន នោះ​ប្រព័ន្ធ​នឹង​កាត់​បន្ថយ​ល្បឿនរថយន្ត ហើយ​ហ្វ្រាំង​ត្រៀម​ធ្វើការ​គ្រប់ពេល៕

អត្ថបទ៖ សំភី

មតិយោបល់