• 2022-03-22 00:08:00
  • ចំណេះដឹង

សញ្ញាទាំង​នេះ បញ្ជាក់​ថា​​អ្នក​​កើត​ជំងឺ​​ញៀន Facebook បាត់មិនបាន!

  • 2022-03-22 00:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃ​មនុស្ស​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ក្នុង​គោលដៅ​ជា​ការ​កម្សាន្ត, ការ​ប្រកប​របរ​អាជីវកម្ម និង​ទទួល​ចំណេះ​ដឹង​ជា​ដើម។ យ៉ាងណាមិញ​អ្នក​ក៏​អាច​ប្រឈម​ជាប់​ឈ្មោះ​ជា​មនុស្ស​ញៀន Facebook បើ​អ្នក​កំពុង​ស្ថិត​ក្នុង​សញ្ញា​ទាំង ៥ នេះ។

១.បើក​មើល Facebook គ្រប់​ពេល​ដែល​អាច​ធ្វើ​ទៅ​បាន

គ្រប់​ពេល​ដែល​អ្នក​នៅ​ទី​ណា​មិន​ថា​នៅ​ខាង​ក្នុង​ផ្ទះ​ឫ​ខាង​ក្រៅ កន្លែង​ញាំ​អី ជាមួយ​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​ឫ​មិត្ត​រួម​ការងារ អ្នក​រមែង​បើក Facebook ប្រើប្រាស់។​ការ​ធ្វើ​បែប​នេះ ព្រោះ​ក្នុង​ចិត្ត​អ្នក​ចង់​ដឹង​ ​តើ​​Facebook មាន​អាប់ដែត​ព័ត៌មាន​អ្វី​ខ្លះ​នៅ​ថ្ងៃ​នេះ ឫ​ក៏​មាន​ការ​បង្ហោះ​ចែកចាយ​អ្វី​ប្លែក​ដែល​អ្នក​ចង់​ឃើញ។ រហូត​ដល់​ពេល​ខ្លះ មនុស្ស​ដែល​នៅ​អង្គុយ​ទល់​មុខ​អ្នក​ ពួក​គេ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​អ្នក​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​នូវ​អ្វី​ដែល​គេ​និយាយ។

២.ខ្វល់​ច្រើន​ពី​ការ​បង្ហោះ​នៅ​លើ Facebook

តើ​អ្នក​ធ្លាប់​ទេ? ចំណាយ​ពេល​លើស​ពី ១៥ នាទី ក្នុង​ការ​រើស​រូបភាព និង​ការ​គិត​ពី Status ដែល​អ្នក​ត្រូវ​បង្ហោះ​លើ Facebook។ ទៀត​សោត​នៅ​ពេល​ដែល​បង្ហោះ​ហើយ ក្នុង​ចិត្ត​អ្នក​តែង​គិត​ថា​តើ​ពួក​គេ​នឹង Comment បែប​ណា​ខ្លះ លើ​រូប​នោះ? ប្រភេទ​ម្យ៉ាង​ទៀត​ខិតខំ​ប្រឹងប្រែង​រក​តិចនិក​ វិធីសាស្ត្រ​បែប​ណា បង្កើត​ឱ្យ​មាន​ការ​កម្សាន្ត ដើម្បី​អ្នក​ដទៃ​លើ Facebook បាន​សើច​សប្បាយ​ ឫ​សរសើរ​ថា​អ្នក​ជា​មនុស្ស​អស្ចារ្យ។

៣.ចំណាយ​ពេល​លើស​ពី ១ ម៉ោង​ជាមួយ Facebook

​អ្នក​តែង​ចំណាយ​ពេល​ច្រើន​អាច​លើស​ពី​ ១ ម៉ោង​ក្នុង​ការ​លេង Facebook រួម​មាន​ដូច​ជា​ការ​លេង​ហ្គេម, ឆែក​មើល​រូប​អ្នក​ដទៃ និង​សេវាកម្ម​ផ្សេង​ទៀត​របស់​កម្មវិធី​នោះ។ អ្វី​ដែល​អស្ចារ្យ​ពេល​ខ្លះ​អ្នក​សុខ​ចិត្ត​ចំណាយ​ពេល​សម្រាក​នៅ​ពេល​យប់ ឆ្លៀត​លេង Facebook ដែល​វា​ជា​ផល​ប៉ះពាល់​យ៉ាង​ខ្លាំងក្លា ដល់​ការ​បម្រើ​ការងារ​និង​ការ​សិក្សា​នៅ​ថ្ងៃ​បន្ទាប់​របស់​អ្នក។​

៤.ព្យាយាម​ចង់​បាន​មិត្ត​ច្រើន​លើ Facebook

អ្នក​ចូលចិត្ត​អួតអាង​ពី​ចំនួន​មិត្ត​​លើ Facebook ជាមួយ​អ្នក​ជុំវិញ​ខ្លួន ខណៈ​ពេល​ខ្លះ​ព្យាយាម​ Add Friends ឱ្យ​បាន​ច្រើន ព្រោះ​គិត​ថា​ធ្វើ​បែប​នោះ បើ​អ្នក​មាន Friend ច្រើន នឹង​ទទួល​បាន​ភាព​ល្បីល្បាញ​។ អ្នក​លេង​ធម្មតា​ គេ​មិន​សូវ​ជា​ខ្វាយខ្វល់​ជាមួយ​រឿងរ៉ាវ​បែប​នេះ​ទេ ព្រោះ​ការ​សិក្សា​មួយ​បង្ហាញ​ចេញ​ពី​សាកលវិទ្យាល័យ Edinburgh Napier បាន​រក​ឃើញ​ថា​អ្នក​ប្រើប្រាស់ Facebook ដែល​មាន Friend ច្រើន រមែង​ជួប​បញ្ហា​ស្រ្តេស​ច្រើន​បំផុត​អំឡុង​ពេល​ប្រើ​វា។ មិត្ត​កាន់​តែ​ច្រើន អារម្មណ៍​នៃ​ការ​សង្កេត​លើ​មនុស្ស​ផ្សេងៗ​គ្នា​​នឹង​ចាប់​កើត​មាន​ឡើង ជា​កត្តា​ធ្វើ​ឱ្យ​ចិត្ត​អ្នក​គិត​ច្រើន​អំពី​រឿង​ទាំង​នោះ។​​​

៥.បោះបង់​ទំនាក់ទំនង​ពិត​ប្រាកដ​នៅ​ខាង​ក្រៅ

អ្នក​ប្រើប្រាស់ Facebook ដើម្បី​ធ្វើ​ការ​ផ្ញើ​សារ, ចែកចាយ​រូបភាព, បង្ហោះ, ផ្ដល់​មតិ និង​ Like ជា​ដើម បង្ហាញ​ថា​អ្នក​កំពុង​ងប់ងុល​នឹង​សេវាកម្ម​របស់​ Facebook។ ពេល​ខ្លះ​អ្នក​មិន​ព្រម​ចេញ​មក​ក្រៅ អង្គុយ​ផឹក​កាហ្វេ​ជាមួយ​មិត្តភ័ក្ដិ​ទេ ដោយ​សុខចិត្ត​ទំនាក់ទំនង​គ្នា​តាម​ Facebook វិញ។ ការ​ធ្វើ​បែប​នោះ វា​ជា​ការ​បង្ហាញ​អំពី​ទំនាក់ទំនង​មិន​ល្អ ព្រោះ​មិន​មាន​ភាសា​និយាយ, កាយ​វិការ​ដ៏​សមរម្យ​មួយ​ឡើយ។

ប្រភព៖ hongkiat

មតិយោបល់