• 2022-01-18 05:01:44
  • ព័ត៌មាន

រកឃើញម្ចាស់ជយលាភីរង្វាន់១ម៉ឺនដុល្លារពី «កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart»រដូវកាលទី ៤

  • 2022-01-18 05:01:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Adero ត្រូវបានជ្រើសរើសជាជយលាភីក្នុង «កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart» រដូវកាលទី ៤ បន្ទាប់ពីធ្វើឲ្យគណៈកម្មការវិនិច្ឆ័យចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងវគ្គផ្ដាច់ព្រ័ត្រទៅ លើដំណោះស្រាយប្រកបដោយភាពច្នៃច្រឌិតរបស់ពួកគេ និងក្រោយចំណាយពេលជាង ៦ខែក្នុងវគ្គបណ្ដុះបណ្ដាល និងកែច្នៃគំនិតអាជីវកម្មរបស់ខ្លួន។

ក្រុមជ័យលាភីឆ្នាំនេះចំនួនបីក្រុម ទទួលបានរង្វាន់សាច់ប្រាក់សរុប ១ម៉ឺនដុល្លារ និងដំណើរទស្សនកិច្ចបច្ចេកវិទ្យាដោយទទួលបានប្រាក់ឧបត្ថម្ភទាំងស្រុង ធ្វើទស្សនកិច្ចនៅស្នាក់ការកណ្តាលរបស់អាជីវកម្មបច្ចេកវិទ្យាល្បីល្បាញផ្សេងៗទៀតក្នុងតំបន់។

លេខ១ ក្រុម Adero គឺជាប្រព័ន្ធផ្សាយពាណិជ្ជកម្មដ៏ឆ្លាតវៃ ត្រូវបានជ្រើសរើសជាជ័យលាភី និងបានឈ្នះទឹកប្រាក់ចំនួន ៦ ០០០ ដុល្លារ រួមទាំងដំណើរទស្សនកិច្ចបច្ចេកវិទ្យាក្នុងតំបន់ដែលទទួលបានប្រាក់ឧបត្ថម្ភទាំងស្រុង។

-លេខ ២ ក្រុម KELA គឺជាវេទិកាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ងាយស្រួលស្វែងរកកន្លែងលេងកីឡា ជាប់លេខរៀងទី ២ ឈ្នះទឹកប្រាក់ចំនួន ៤ ០០០ ដុល្លារនិងដំណើរទស្សនកិច្ចបច្ចេកវិទ្យាក្នុងតំបន់ផងដែរ។

-លេខ ៣ ក្រុម FlexFloc ក៏បានឈ្នះដំណើរទស្សនកិច្ចបច្ចេកវិទ្យាក្នុងតំបន់សម្រាប់ដំណោះស្រាយច្នៃប្រឌិតក្នុងការប្រើប្រាស់ប្រព័ន្ធ Internet of Things អាចផ្ញើបច្ចុប្បន្នភាពនៃព័ត៌មានតាមទូរស័ព្ទទៅកាន់កសិករចិញ្ចឹមត្រី។

សមាជិកក្រុមជ័យលាភី ពេជ្រ ពង្សបញ្ញាវឌ្ឍន៍ ឲ្យដឹងថា៖ «កម្មវិធីនេះគឺពោរពេញទៅដោយភាពប្រកួតប្រជែង ហើយការប្រកួតកាន់តែមានភាពខ្លាំងក្លា ដែលជាមូលហេតុធ្វើឱ្យការទទួលបានជ័យជំនះក្នុងកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ឆ្នាំនេះ គឺកាន់តែធ្វើអោយជក់ចិត្តមែនទែន។»

ពង្សបញ្ញាវឌ្ឍន៍ បន្ថែមទៀតថា៖ «យើងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចបច្ចេកវិទ្យា និងបន្តធ្វើការលើគំនិតអាជីវកម្មអាជីវកម្មរបស់យើង។ ការគាំទ្រដែលយើងទទួលបានពីអ្នកណែនាំ និងអ្នករៀបចំកម្មវិធីរបស់យើងនឹងជួយយើងឱ្យកាន់តែឆ្ពោះទៅមុខដើម្បីទទួលបានជោគជ័យបន្ថែមទៀត»។

លោកស្រី Mila Jivkova Kusheva នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ក្រុមទាំងអស់ដែលបានចូលរួមក្នុងឆ្នាំនេះ បានស្នើដាក់បង្ហាញគំនិតអាជីវកម្មអស្ចារ្យជាច្រើននិងធ្វើបទបង្ហាញល្អៗមែនទែន ដែលធ្វើឱ្យការជ្រើសរើសជ័យលាភីជួបភាពពិបាកខ្លះដែរ។»

លោកស្រី បន្ថែមទៀតថា ៖ «យើងមានមោទនភាពដែលបានឃើញកម្រិតនៃការរីកចម្រើនរបស់កម្មវិធី SmartStart ដែលផ្ដើមតាំងពីវគ្គដំបូងមកម្លេះ។ នេះឆ្លុះបញ្ចាំងច្បាស់ណាស់ថា អ្នកចូលរួមទាំងអស់នឹងអាចបន្តចូលរួមចំណែកយ៉ាងសំខាន់ចំពោះអនាគតឌីជីថល និងសេដ្ឋកិច្ចរបស់កម្ពុជា ដូចជាក្រុមជ័យលាភី Adero ក្នុងឆ្នាំនេះ ដែលបានធ្វើឲ្យយើងទាំងអស់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងគំនិតច្នៃប្រឌិត និងការខិតខំប្រឹងប្រែងរបស់ពួកគេ។»

លោកស្រីក៏បានបន្តទៀតថា ៖ «ក្រុមហ៊ុន Smart មានសេចក្តីសោមនស្សរីករាយដែលបានសហការបង្កើតកម្មវិធីនេះជាមួយ Impact Hub Phnom Penh ហើយយើងទន្ទឹងរង់ចាំពង្រីកបន្ថែមទៀត ឱកាសបែបនេះដល់យុវជននៅទូទាំងប្រទេស។ យើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយល់ព្រមយ៉ាងមុតមាំពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានជួយគាំទ្រ នឹងពង្រឹងកម្មវិធីនេះ ឱ្យទទួលបានជោគជ័យ។»

ដោយឡែក គំនិតអាជីវកម្ម ២ ផ្សេងទៀតក៏បានឈានដល់វគ្គផ្តាច់ព្រ័ត្រ កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ឆ្នាំនេះគឺ៖

●iCompost គឺជាម៉ាស៊ីនកែច្នៃកាកសំណល់ដ៏ឆ្លាតវៃ ដែលបំលែងកាកសំណល់ផ្ទះបាយ អាហារប្រចាំថ្ងៃ ទៅជាជីកំប៉ុស្តដែលសំបូរសារធាតុចិញ្ចឹម ដើម្បីចិញ្ចឹមរុក្ខជាតិក្នុងផ្ទះនិងក្រៅផ្ទះ។

●Your Space គឺជាវេទិកាមួយដែលផ្តល់ទីតាំងចតរថយន្តរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតទៅក្នុងកម្មវិធីលើទូរស័ព្ទដៃ ដែលអ្នកប្រើប្រាស់អាចចុះឈ្មោះកន្លែងទំនេររបស់ពួកគេ ហើយប្រែក្លាយកន្លែងនោះទៅជាចំណតរថយន្តដោយជួយកាត់បន្ថយការចតយានយន្តដោយមិនមានសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ។

បន្ទាប់ពីបានឆ្លងកាត់វគ្គជម្រុះជាច្រើនជុំ រួមមានវគ្គ «Digithon» គឺជាដំណាក់កាលសិក្សាដ៏ល្អិតល្អន់ និងពាក់ព័ន្ធជាមួយជំនាញស្វែងរកដំណោះស្រាយក្នុងបញ្ហាប្រឈមក្នុងជីវិតពិត អាចធ្វើទៅបានតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា (Internet of Things) និងការដាក់បង្ហាញនូវគំនិតរបស់ពួកគេសម្រាប់វគ្គ «Technopreneurship Challenge»។

លើសពីនេះទៀត ក្រុមចុងក្រោយបង្អស់ ៥ នេះនឹងត្រូវបានដាក់ឲ្យចូលរួមក្នុងកម្មសិក្សាដែលមានប្រាក់ឧបត្ថម្ភ ជាមួយក្រុមហ៊ុនអាជីវកម្មបច្ចេកវិទ្យាល្បីៗនៅក្នុងប្រទេសរួមមាន៖ Arrowdot សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) ក្រុមហ៊ុន Vodworks ក្រុមហ៊ុន V-Tenh ក្រុមហ៊ុន Codingate ក្រុមហ៊ុន BigEight ក្រុមហ៊ុន BookMeBus និងក្រុមហ៊ុន Bloo។

ក្រុមចុងក្រោយទាំង ៥ ត្រូវធ្វើបទបង្ហាញអំពីគំនិតអាជីវកម្មរបស់ពួកគេក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅបណ្ឌិត្យសភា បច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) កាលពីថ្ងៃសុក្រទី១៤ ខែមករា ឆ្នាំ២០២២។

ក្រុមជ័យលាភីត្រូវបានជ្រើសរើសដោយគណៈកម្មការវិនិច្ឆ័យចំនួន ៥ រូប រួមមាន៖ លោកស្រី Mila Jivkova Kusheva នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata លោក កឹម បូរា វិនិយោគិន និងសហគ្រិន Mekong Strategic Partners លោក Stephane Munster សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន SKG Energy 4.0 Technologies លោកស្រី Ratana Phurik Callebaut សហស្ថាបនិក និងជាអ្នកវិភាគហិរញ្ញវត្ថុ (CFA Lead) និង កញ្ញា Zoe Ng នាយកគ្រប់គ្រងRaintree។ ពិធីប្រគល់ពានរង្វាន់នេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

បញ្ជាក់ផងដែរថា កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ផ្តួចផ្ដើមឡើងដោយក្រុមហ៊ុន Smart Axiata ក្រោមកិច្ចសហប្រតិបត្តិការជាមួយ Impact Hub Phnom Penh គឺជាកម្មវិធីអភិវឌ្ឍន៍អ្នកមានទេពកោសល្យផ្នែកឌីជីថលឈានមុខគេនៅប្រទេសកម្ពុជា កំណត់អត្តសញ្ញាណ និងបណ្ដុះបណ្ដាលអ្នកដឹកនាំភាពជាសហគ្រិនផ្នែកឌីជីថលនាពេលអនាគតរបស់ព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេងគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ចំពោះមូលនិធិកសាងសមត្ថភាព ស្រាវជ្រាវ និងអភិវឌ្ឍន៍ (CBRD) ដែលផ្តួចផ្តើមដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា។

កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ អនុញ្ញាតឱ្យនិស្សិតសាកលវិទ្យាល័យនៅកម្ពុជាចាប់ផ្តើមនូវអាជីវកម្មឌីជីថល ដោយផ្តល់នូវបទពិសោធន៍សិក្សាពិសេសៗតាមរយៈការណែនាំ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។

កម្មវិធី SmartStart បានពង្រីកនូវវិសាលភាព ដើម្បីផ្តល់ការអប់រំផ្នែកភាពជាសហគ្រិនដល់យុវជនកម្ពុជាឲ្យកាន់តែច្រើន និងផ្តល់ផលជះជាវិជ្ជមានដល់សិស្សានុសិស្សប្រហែលមួយពាន់នាក់៕

អត្ថបទ៖ រក្សា

មតិយោបល់