• 2022-01-12 01:47:25
  • ព័ត៌មាន

ស្ងាត់ៗ! Toyota ចេញភីកអាប់ Tundra ឆ្នាំ២០២២ ម៉ូដែលពិសេសមួយទៀត កាន់តែទំនើប និងប្រណីត

  • 2022-01-12 01:47:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភីកអាប់ប្រណីត គឺជាអាជីវកម្មដ៏ធំមួយ ហើយឥឡូវនេះក្រុមហ៊ុន Toyota កំពុងតែប្រឡូកខ្លួនចូល ដោយការបញ្ចេញនូវភីកអាប់ថ្មី ម៉ូដែល Tundra Capstone ឆ្នាំ២០២២។

រថយន្ត Toyota Tundra Capstone ឈរនៅលើគេក្នុងត្រកូលភីកអាប់មួយនេះ ដោយមានការឌីហ្សាញរំលេចដោយ គម្របកញ្ចក់ចំហៀងក្រូមេ, យ៉ាន់កង់ក្រូមេទំហំ ២២អ៊ីញ ធំបំផុតមិនធ្លាប់មានលើ Tundra, ប៉ាណាមុខក្រូមេ និង តែម Tundra ក្រូមេនៅទ្វារខាងក្រោយ ទៀតផង។ មិនតែប៉ុណ្ណោះ វាក៏មានបំពាក់ឈ្នាន់ចំហៀងអូតូ និង ឈ្នាន់គ្រែដឹកខាងក្រោយអូតូ ផងដែរ។

ស្របពេលដែល Tundra Platinum និង Tundra 1794 ទំនើប និងប្រណីតរួចទៅហើយ ប៉ុន្តែម៉ូដែល Tundra Capstone គឺកាន់តែទំនើបលើសនោះទៅទៀត ដោយមានបំពាក់ស្បែកសឹងពេញមួយកាប៊ីន ព្រមទាំងមានមុខងារកម្តៅ និងបញ្ចេញខ្យល់ត្រជាក់លើកៅអីទាំងពីរជួរ ព្រមទាំងមុខងារកម្តៅដៃចង្កូត ទៀតផង។

លើសពីនេះទៅទៀត កាប៊ីនខាងក្នុងរបស់វាក៏បានរំលេចទៅដោយឈើ Dark American Walnut នៅលើតាប្លូ, ទ្វារ និង ប្លុកបញ្ជាកណ្តាល, ដំបូលកញ្ចក់វែង Panoramic Moonroof, ឡូហ្គូ Capstone លើតាប្លូបញ្ចេញភ្លើងភ្លឺ និង ទ្វារមុខប្រើកញ្ចក់ Acoustic Side Glass។

ភីកអាប់ Tundra Capstone បំពាក់ជាមួយនឹងកុងទ័រឌីជីថលសុទ្ធទំហំ ១២,៣អ៊ីញ ក៏ដូចជា អេក្រង់កម្សាន្ត Audio Multimedia ទំហំ ១៤អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay ដោយមិនបាច់ប្រើខ្សែ, កុងទ័រពណ៌បាញ់លើកញ្ចក់ ទំហំ ១០អ៊ីញ, កញ្ចក់មើលក្រោយប្រភេទឌីជីថល, ប្រព័ន្ធសំឡេង JBL មានបាស ១២គ្រាប់ និង មុខងារមើលជុំវិញរថយន្ត Panoramic View Monitor។

យ៉ាងណាមិញ រថយន្ត Toyota Tundra Capstone ឆ្នាំ២០២២ នឹងមានតែជម្រើសម៉ាស៊ីន ១ប៉ុណ្ណោះ គឺ i-Force Max Hybrid ដែលគួបផ្សំរវាង ម៉ូទ័រអគ្គិសនីមួយ និង ម៉ាស៊ីនសាំង twin-turbo ចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង ហើយប្រើប្រអប់លេខអូតូ ១០វគ្គ និងប៉ុងពីរ ដែលមានកម្លាំងសរុប ៤៣៧សេះ និងកម្លាំងរមួល ៧៩០ញ៉ូតុនម៉ែត្រ។

អ្វីដែលរឹតតែពិសេសនោះគឺ Tundra Capstone នឹងមានបំពាក់ប្រព័ន្ធមុខងារជំនួយការបើកបរជាច្រើន រួមទាំង Dynamic Radar Cruise Control, Lane Departure Alert, Lane Tracing Assist, Pre-Collision System with Pedestrian Detection, Automatic High Beams, Road Sign Assist, Rear Seat Reminder, Rear Cross Traffic Alert, Blind Spot Monitor និង Parking Support Brake ទៀតផង។

សូមបញ្ជាក់ថា ភីកអាប់ Toyota Tundra Capstone ឆ្នាំ២០២២ នឹងចេញលក់ជាផ្លូវការនាប៉ុន្មានខែខាងមុខនេះ ខណៈតម្លៃរបស់វាមិនទាន់ត្រូវបានប្រកាសឡើយ ប៉ុន្តែអាចនឹងមានតម្លៃខ្ទង់ ៦ម៉ឺនដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕

អត្ថបទ៖ សេង ឡុង

មតិយោបល់