• 2022-01-03 07:49:49
  • ផលិតផលថ្មី

Samsung នឹងចេញអេក្រង់ 4K 240Hz ដំបូងគេលើលោក

  • 2022-01-03 07:49:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung ទើបបានបញ្ចេញអេក្រង់ ថ្មីចំនួន៣ម៉ូឌែលរបស់ខ្លួនសម្រាប់ឆ្នាំ២០២២ ដែលគ្រោងនឹងប្រកាសជាផ្លូវការក្នុងកម្មវិធី CES 2022 ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែមករា នៅទីក្រុង Las Vegas។

អេក្រង់ Samsung Odyssey Neo G8

អេក្រង់ដំបូងគេដែល Samsung នឹងដាក់បង្ហាញនោះគឺ Samsung Odyssey Neo G8 ដែលមានទំហំ ៣២អ៊ីញជាប់ឈ្មោះជាអេក្រង់ដែលអាចបង្ហាញបានដល់ 4K 240Hz ដំបូងគេនៅលើពិភពលោក។ អេក្រង់នេះជាប្រភេទអេក្រង់កោង បង្ហាញរូបភាពដោយបច្ចេកវិទ្យា Mini-LED ដែលមានទំហំតូចខ្លាំងដល់ទៅ ១ភាគ៤០ នៃអេក្រង់ LED ធម្មតា។ បូកផ្សំនឹងបច្ចេកវិទ្យា Quantum Matrix និង Quantum HDR 2000 របស់ Samsung ជួយអោយវាមានសមត្ថភាពអាចបញ្ចេញពន្លឺខ្ពស់បំផុតរហូតដល់ ២ ០០០ nits សម្រាប់ការបង្ហាញ HDR ហើយអាចតម្លើង ឬបន្ថយពន្លឺដល់ទៅ ៤ ០៩៦កម្រិត។ Odyssey Neo G8 នេះមានរន្ធ HDMI 2.1 ចំនួនពីរ និងរន្ធ DisplayPort 1.4 ចំនួនមួយ ដែលអាចផ្លាស់ប្តូរប្រភពដោយស្វ័យប្រវត្តិដោយសារវាមានមុខងារ Auto Source Switch+ មិនថាអ្នកប្រើរន្ធHDMI ឬរន្ធDPឡើយ។ ហើយចុងក្រោយគឺមុខងារ CoreSync ដែលមានសមត្ថភាពកែតម្រូវពន្លឺ RGB អោយត្រូវទៅនឹងមាតិកាដែលអ្នកប្រើកំពុងមើល។

ម៉ូដែលបន្ទាប់គឺ Smart Monitor M8 ដែលមានមុខងារ webcam ដែលដំណើរការជាមួយកម្មវិធី Google Duo ដែលមានស្រាប់មកក្នុងអេក្រង់តែម្តង។ ម៉ូឌែលនេះក៏បានភ្ជាប់មកជាមួយនូវកម្មវិធីសម្រាប់ឱ្យអ្នកប្រើអាចប្រែអេក្រង់នេះទៅជាទូរទស្សន៍ឆ្លាតវៃដោយមិនចាំបាច់ភ្ជាប់ទៅប្រភពផ្សេងៗឡើយ។ វាមានទំហំអេក្រង់សរុប ៣២អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ UHD ហើយអ្នកក៏ទទួលបានតេលេបញ្ជាឥតខ្សែផងដែរ ដែលស្រដៀងទៅនឹងតេលេទូរទស្សន៍ Samsungនោះដែរ។

ចុងក្រោយគឺ Samsung S8 ដែលត្រូវបានរចនាឡើងសម្រាប់ការបង្កើតមាតិកា។ វាមានទំហំ៣២អ៊ីញ និង២៧អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ UHD និងជាម៉ូនីទ័រដំបូងគេលើពិភពលោកដែលត្រូវបានបញ្ជាក់ថាគ្មានពន្លឺចាំង ទទួលស្គាល់ដោយក្រុមហ៊ុន Underwriters Laboratories។ អេក្រង់ S8 មានលក្ខណៈពិសេសអាចបង្ហាញពណ៌ DCI-P3 ដល់ទៅ98% មុខងារ VESA DisplayHDR 600 (សម្រាប់ម៉ូឌែលទំហំ 32អ៊ីញ) និងមានរន្ធសម្រាប់ភ្ជាប់ LANទៀតផង។ វាមានរន្ធ USB-C ដែលអាចប្រើសម្រាប់ភ្ជាប់ទៅកុំព្យូទ័រយួរដៃ ឬដើម្បីបញ្ជូនរូបភាព និងសំឡេងទៅកាន់អេក្រង់ផង សម្រាប់ភ្ជាប់អ៊ីនធឺណិតផង និងសម្រាប់ប្រើជារន្ធសាកថាមពល 90W ពីអេក្រង់ទៅកុំព្យូទ័រយួរដៃផងក្នុងពេលតែមួយ។

គួរបញ្ជាក់ផងដែរថាអេក្រង់ទាំង៣ខាងលើនឹងត្រូវដាក់បង្ហាញជាផ្លូវការនៅដើមឆ្នាំ 2022 នៅក្នុងព្រឹត្តិការណ៍ CES 2022 ដែលមានកាលបរិច្ឆេទថ្ងៃទី៥ ដល់ទី៧ ខែមករា ឆ្នាំ២០២២នៅទីក្រុង Las Vegas៕

អត្ថបទ៖ Thea Sothun

មតិយោបល់