• 2021-12-20 02:31:41
  • ព័ត៌មាន

ម៉ូតូ Honda CB400X និង CBR400R ថ្មី ចេញជាផ្លូវការ ឌីហ្សាញកាន់តែទាក់ទាញ

  • 2021-12-20 02:31:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda ទើបតែបានប្រកាសចេញម៉ូតូ CBR400R និង CB400X ស៊េរីថ្មីជាផ្លូវការ នៅក្នុងប្រទេសជប៉ុន។ ម៉ូតូទាំងពីរម៉ូដែលនេះមានបំពាក់ម៉ាស៊ីនចំណុះ ៣៩៩សេសេ ទំហំ ២ស៊ីឡាំង និងប្រព័ន្ធស្អំម៉ាស៊ីន liquid-cooled ដូចគ្នា។

ចំពោះម៉ូតូ Honda CB400X ម៉ាស៊ីននោះអាចបង្កើតកម្លាំងបាន ៤៥សេះ និងកម្លាំងរមួល ៣៨ញ៉ូតុនម៉ែត្រ ហើយប្រើចង្កឹះលេខ ៦វគ្គ ថែមទាំងមានប្រព័ន្ធហ្វ្រាំង ABS មកស្តង់ដារតែម្តង។ CB400X មានការឌីហ្សាញស្រដៀងទៅនឹង ម៉ូដែល CB500X ដែរ ហើយមានប្រើបូមមុខ ប្រភេទ reverse stroke ទំហំ ៤១មីល្លីម៉ែត្រ និងហ្វ្រាំងមុខឌីសភ្លោះ មាន ២ពីស្តុង។

កម្ពស់កែបរបស់ CB400X គឺ ៨០០មីល្លីម៉ែត្រពីដី ទាបជាង CB500X (៨៣០មីល្លីម៉ែត្រ)។ ក្រៅពីនោះ វាប្រើកាំមុខ ១៩អ៊ីញ, កាំក្រោយ ១៧អ៊ីញ និង កម្ពស់បាតម៉ាស៊ីន ១៥០មីល្លីម៉ែត្រ។

ដោយឡែក ម៉ូតូ Honda CBR400R វិញ មានកម្លាំងម៉ាស៊ីនដូចទៅនឹង CB400X ដែរ ប៉ុន្តែចង្កឹះលេខ ៦វគ្គរបស់វា មានមុខងារមុខងារ integrated clutch និង anti-slip clutch ដែលផ្តល់ភាពងាយស្រួលនៅពេលជិះផ្លូវកោង។

មិនតែប៉ុណ្ណោះ ការឌីហ្សាញរបស់ CBR400R គឺស្រដៀងទៅនឹងម៉ូដែល CBR650R ប៉ុន្តែមានរាងតូចជាង ខណៈកម្ពស់កែបរបស់វាគឺត្រឹមតែ ៧៨៥មីល្លីម៉ែត្រប៉ុណ្ណោះ។

ម៉ូតូស្ព័រនេះបំពាក់បូមមុខ Showa និងបូមក្រោយអាចសារ៉េបាន ៩កម្រិត ព្រមទាំងប្រព័ន្ធហ្វ្រាំងឌីសភ្លោះ ទំហំ ៣២០មីល្លីម៉ែត្រ មាន ២ ពីស្តុង។

គួរឲ្យដឹងថា ម៉ូតូ Honda CBR400R ត្រូវបានដាក់លក់នៅក្នុងប្រទេសជប៉ុន តម្លៃ ៧ ៤០០ដុល្លារ ហើយមាន ៣ពណ៌ ខណៈ Honda CB400X មានតម្លៃ ៧ ៥៥០ដុល្លារ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់