• 2021-10-26 03:52:45
  • ព័ត៌មាន

ក្រុមយុវតីខ្មែរបង្កើតបន្ទះសំឡីអនាម័យជួយបរិស្ថានឈ្នះ​ជ័យ​លាភី ៣០០០​ដុល្លារ​ពី​ Smart​

  • 2021-10-26 03:52:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Sugarpads ដែលមានគំនិតផ្តួចផ្តើមបង្កើតបន្ទះសំឡីអនាម័យជួយដល់បរិស្ថានដែលត្រូវបានផលិតចេញពីសែលុយឡូស បានឈ្នះរង្វាន់ចំនួន ៣ ០០០ ដុល្លារពីក្រុមហ៊ុន Smart Axiata ។

តាមរយៈកម្មវិធីបណ្តុះបណ្តាលសហគ្រិន SmartSpark មានគោលបំណងបង្កើតការបណ្តាក់ទុនសង្គមដ៏មានអត្ថន័យដែលនឹងរួមចំណែកដល់កម្មវិធីគោលដៅអភិវឌ្ឍន៏ប្រកបដោយនិរន្តរភាពទាំង១៧គោលដៅផងដែរ (SDGs)។

ក្រុម Sugarpads ត្រូវបានជ្រើសរើសពីចំណោមក្រុមសរុបចំនួន ៨ ក្នុងកម្មវិធី SmartSpark ផ្តោតលើការកសាងភាពធន់ក្នុងការរស់នៅបែបគន្លងថ្មី។ បេក្ខជនអ្នកចូលរួមត្រូវបានអញ្ជើញឱ្យស្វែងរកដំណោះស្រាយកាត់បន្ថយភាពក្រីក្រ វិសមភាពយេនឌ័រ និងសេដ្ឋកិច្ច ភាពអត់ការងារធ្វើ និងកំណើនសេដ្ឋកិច្ចដែលនៅទ្រឹង។

បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលរយៈពេល៣ខែ ក្រុមទាំង៨ បានធ្វើការជាមួយអ្នកណែនាំនិងអ្នកបណ្តុះបណ្តាល ដើម្បីអភិវឌ្ឍការបណ្តាក់ទុនសង្គមរបស់ពួកគេ។ ក្រុមទាំង៨ បានបង្ហាញគំនិតផ្ដួចផ្ដើមរបស់ពួកគេនៅក្នុងការផ្សាយផ្ទាល់មួយនៅលើហ្វេសប៊ុកមានអ្នកចូលទស្សនាជាង ៥ម៉ីន៧ពាន់នាក់។

កម្មវិធី SmartSpark ឥឡូវស្ថិតក្នុងជំនាន់ទី ៨ ហើយ។ កម្មវិធីនេះបានដាក់ឱ្យដំណើរការជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Smart Axiata និង Impact Hub ភ្នំពេញ។ ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៨ កម្មវិធីនេះបានគាំទ្រដល់សហគ្រិនវ័យក្មេងក្នុងការស្វែងរកនិងពង្រីកអាជីវកម្មសង្គមដែលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

កញ្ញា ឈួរ សុច័ន្ទវិមល ប្រធានក្រុម Sugarpads បានឲ្យដឹងថា៖ «SmartSpark បាននាំយកបទពិសោធន៍និងកម្មវិធីសិក្សាដ៏គួរឱ្យចងចាំនិងគួរឱ្យរំភើបបំផុតនៅឆ្នាំនេះ។ យើងពិតជាស្ងើចសរសើរចំពោះសក្ដានុពលនិងសណ្ដានចិត្ត របស់អ្នកណែនាំទាំងអស់នោះដែលបានផ្តល់ដំបូន្មានល្អៗ ហើយគាំទ្រយើងដោយអត់ធ្មត់បំផុត។ កម្មវិធីនេះគឺជួយឲ្យយើងអភិវឌ្ឍខ្លួនឯង ដែលអាចឱ្យយើងផ្ទៀងផ្ទាត់គំនិតអាជីវកម្មរបស់យើង និងនាំយកមេរៀនអាជីវកម្មគួរឱ្យចាប់អារម្មណ៍និងទាន់សម័យ ដែលមានប្រយោជន៍សម្រាប់ពេលបច្ចុប្បន្ន និងអនាគតរបស់យើង។ នៅក្នុងកម្មវិធី SmartSpark យើងមិនត្រឹមតែរៀនអំពីទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែយើងក៏រៀនអនុវត្តផងដែរ។»

បេសកម្មរបស់ក្រុម Sugarpads

កញ្ញា ណារ៉ា សុខេម៉ា គ្រូបង្គោល និងទីប្រឹក្សាកម្មវិធីនៅ Impact Hub ភ្នំពេញ បានមានប្រសាសន៍ថា៖ «យើងពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះក្រុមសហគ្រិនសង្គមវ័យក្មេងទាំងអស់នេះណាស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងដោយឆន្ទៈ និងការប្តេជ្ញាចិត្ត ដើម្បីជួយប្រទេសកម្ពុជាសម្របខ្លួនទៅនឹងការរស់នៅបែបគន្លងថ្មី តាមរយៈដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតរបស់ពួកគេ ដើម្បីធ្វើឲ្យប្រសើរឡើងផ្នែកសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ការរៀនពីចម្ងាយប្រកបដោយប្រសិទ្ធភាព ពាណិជ្ជកម្មអេឡិចត្រូនិក និងដំណោះស្រាយទេសចរណ៍តាមប្រព័ន្ធអុីនធឺណិត។»

ក្រុមទាំង៨ នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីអតីតនិស្សិតរបស់ Impact Hub - Hub Entrepreneurs Club - ហើយនឹងបន្តទទួលបានការគាំទ្រដូចជា៖ កម្មវិធីណែនាំ ថ្នាក់បង្ហាត់បង្រៀន កន្លែងសិក្សានិងអនុវត្ត និងឱកាសចូលរួមក្នុងសហគមន៍ ដែលមានអ្នកច្នៃប្រឌិត និងអ្នកដឹកនាំឆ្លាតវៃ។

ក្រុមទាំង ៨ ដែលបានចូលរួមកម្មវិធី៖

●SugarPads គឺជាបន្ទះសំឡីអនាម័យជួយដល់បរិស្ថានដែលត្រូវបានផលិតចេញពីសែលុយឡូសពី ធម្មជាតិក្នុងគោលបំណងជួយដោះស្រាយបញ្ហារលាកទ្វារមាសរបស់ស្រ្តីនិងបង្កើននូវទំនុកចិត្តជូនសុភាពនារីជាពិសេសជួុយកាត់បន្ថយនូវការប្រើប្រាស់ប្លាស្ទិច។

ក្រុមទាំង ៨

●រុក្ខាលែប យកចិត្តទុកដាក់ចំពោះសុខភាព និងសម្រស់ដូច្នេះហើយយើងផ្តល់ជូននូវប្រេងធម្មជាតិសុទ្ធ១០០% សម្រាប់ផលិតផលទឹកអប់។

●រៀនបឋម គឺជាវេទិកាសិក្សាតាមអនឡាញសម្រាប់សិស្សថ្នាក់ទី ៤-៦ ដើម្បីរៀន ហើយផ្ដល់ភាពសប្បាយរីករាយផងដែរ។

●ម៉ាស្គីន (MaSkin) គឺជាស្ព្រេយសម្រាប់បាញ់កំចាត់បាក់តេរីនៅលើម៉ាស់ហើយអាចកំចាត់ក្លិនមិនល្អនិងជួយទប់ស្កាត់ការកើតមុន រោលកន្ទួលរមាស់ផ្សេងៗ ពីការពាក់ម៉ាស់។

●MentalAid គឺជាវេទិកាសុវត្ថិភាពនិងគួរជាទីទុកចិត្តមួយក្នុងការជួយ និងគាំទ្រមនុស្សពេញវ័យឱ្យមានសុខភាពផ្នែកផ្លូវចិត្តល្អ និងធ្វើឱ្យសុខុមាលភាពរបស់ពួកគេកាន់តែប្រសើរឡើងតាមរយៈការផ្ដល់ជាសេវាកម្មជួយខ្លួនឯងព្រមទាំងសេវាកម្មជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។

●លក់ដុំ គឺជាកម្មវិធីមួយដែលងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការបញ្ជាទិញផលិតផលគ្រឿងទេសគ្រប់ប្រភេទក្នុងចំនួនច្រើន ក្នុងតម្លៃសមរម្យ ដើម្បីប្រើប្រាស់ក្នុងផ្ទះផ្ទាល់ ឬលក់បន្ត។

●Tussana ផ្តល់នូវបទពិសោធន៍អនឡាញដ៏រំភើប និងថ្មីសម្រាប់មនុស្សគ្រប់រូប នៅគ្រប់ទីកន្លែង។

●InsightChop មានគោលបំណងផ្លាស់ប្តូរ និងផ្តល់តម្លៃសារជាថ្មីទៅដល់ចង្កឹះដែលបានប្រើប្រាស់រួច អោយក្លាយទៅជាវត្ថុធាតុដើមថ្មី និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃដ៏មានតម្លៃ។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ក្រោយបានរស់នៅជាមួយកូវីដ-១៩ អស់រយៈពេលជិតពីរឆ្នាំកនុ្លងមក ប្រទេសកម្ពុជាឥឡូវនេះកំពុងចាប់ផ្តើមបោះជំហានឆ្ពោះទៅរកការបើកសេដ្ឋកិច្ចឡើងវិញទាំងស្រុង។ ក្រុមសហគ្រិនទាំងអស់នេះស្ថិតក្នុងជំនាន់ដ៏ពិសេសមួយ ដែលអាចចាប់យកឱកាសនានា ដើម្បីផ្ដើមប្រតិបត្តិការសហគ្រាសសង្គមរបស់ពួកគេ ដើម្បីជាប្រយោជន៍រួមក្នុងសង្គមរបស់យើង។ គំនិតច្នៃប្រឌិតជាច្រើនទាំងនេះនឹងធ្វើអោយគុណភាពជីវិតរបស់មនុស្ស និងសុខុមាលភាពរបស់ពួកគេប្រសើរឡើង ដោយប្រើប្រាស់ទម្រង់ផ្សេងៗនៃបច្ចេកវិទ្យាឌីជីថល។ យើងរំភើបណាស់ដែលបានឃើញភាពលូតលាស់រីកចម្រើន ដែលសហគ្រិនវ័យក្មេងទាំងនេះនឹងចាប់ផ្តើម។»

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី SmartSpark ជំនាន់ក្រោយ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart For Cambodia តាមរយៈ smartforcambodia

អត្ថបទ៖ រក្សា

មតិយោបល់