• 2021-10-08 09:55:04
  • ព័ត៌មាន

តាមពិតបែបនេះសោះ! បានជាការបញ្ជាទិញរថយន្តថ្មី មានការយឺតយ៉ាវ មិនទាន់ដល់កម្ពុជា

  • 2021-10-08 09:55:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលអ្នកបញ្ជាទិញរថយន្តថ្មី ជាធម្មតាអ្នករំពឹងថា អ្នកនឹងទិញបានភ្លាមៗ ឬចំណាយពេលបន្តិច ឬរង់ចាំប្រហែល៦ទៅ៨សប្តាហ៍ទើបរថយន្តមកដល់ហាងរថយន្ត។ ឥឡូវនេះ ការរង់ចាំបានកើនឡើងយ៉ាងខ្លាំងចំពោះម៉ាក និងម៉ូឌែលរថយន្តមួយចំនួនដោយសារតែកង្វះខាតបន្ទះឈីបនៃប្រព័ន្ធបញ្ជារថយន្ត (Chip Shortage) និងបញ្ហាផលិតកម្ម ដែលបង្កឡើងដោយសារតែកូវីដ ១៩។ ជាទូទៅរថយន្តថ្មីអាចត្រូវការបន្ទះឈីបនៃប្រព័ន្ធបញ្ជារថយន្តរហូតដល់១៤០០ ដើម្បីគ្រប់គ្រងប្រព័ន្ធផ្សេងៗជាច្រើនដូចជា អូតូកញ្ចក់ក្តោប អេក្រង់កម្សាន្ត និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។

ចាប់តាំងពីដើមឆ្នាំ២០២០ ជំងឺរាតត្បាតទូទាំងសកលលោកបានជំរុញឱ្យក្រុមហ៊ុនផលិតរថយន្ត អ្នកផ្គត់ផ្គង់ និងអ្នកចែកចាយរថយន្តមួយចំនួនត្រូវបិទទ្វារ។ សេដ្ឋកិច្ចបានធ្លាក់ចុះ ហើយវាមានហេតុផលជាច្រើនដែលធ្វើឱ្យរថយន្តមានការយឺតយ៉ាវក្នុងការចែកចាយទៅកាន់ភ្នាក់ងារលក់នៅតាមបណ្តាប្រទេសជាច្រើន ហើយវាក៏រួមបញ្ចូលទាំងការចែកចាយមកកម្ពុជាផងដែរ។

ហេតុផលមួយចំនួននោះមានដូចជា៖

១. កង្វះបន្ទះឈីបនៃប្រព័ន្ធបញ្ជារថយន្ត៖ នេះគឺជាលទ្ធផលនៃការរីករាលដាលនៃជំងឺកូវីដ១៩ដែលបង្កើនតម្រូវការគ្រឿងអេឡិចត្រូនិកផ្ទាល់ខ្លួនដូចជា ទូរស័ព្ទ កុំព្យូទ័រ និងយានយន្ត ដែលបន្ទះឈីបត្រូវបានប្រើរហូតដល់ការផលិតមិនអាចឆ្លើយតបទាន់ពេលទៅនឹងតម្រូវការបាន។ បច្ចុប្បន្ននេះក្រុមហ៊ុនបច្ចេកទេសសហរដ្ឋអាមេរិកកំពុងឈានមុខគេក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបន្ទះឈីបថ្មី និងផ្គត់ផ្គង់ដល់ប្រទេសជាច្រើនដូចជាបណ្តាប្រទេសអាស៊ីដែលជាអ្នកទិញផលិតផលសម្រេចផងដែរ។

២. កង្វះវត្ថុធាតុដើម៖ ពេលខ្លះអ្នកផ្គត់ផ្គង់មិនអាចទទួលបានវត្ថុធាតុដើមគ្រប់គ្រាន់តាមតម្រូវការដែលមនុស្សត្រូវការឡើយ។ ពេលខ្លះមានការខ្វះខាតជាសកលនៃធាតុផ្សំសំខាន់ៗដូចជា សារធាតុលីធ្យូមដែលជាធាតុធ្វើឱ្យពិបាកក្នុងការទទួលបានការផ្គត់ផ្គង់បំពេញឱ្យរួចរាល់សម្រាប់រថយន្ត។ នេះប្រហែលជាហេតុផលមួយដែលទាក់ទងនឹងបច្ចេកវិទ្យា ប៉ុន្តែយ៉ាងហោចណាស់វានឹងត្រឡប់មកសភាពដើមវិញឆាប់ៗនេះ។

៣. កង្វះកម្លាំងពលកម្មនៅតាមបណ្តារោងចក្រជុំវិញពិភពលោកដោយសារកូវីដ ១៩៖ ជំងឺរាតត្បាតនេះបានរំខានដល់ទីផ្សារការងារយ៉ាងខ្លាំង។ ក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ ការធ្វើការពីផ្ទះបានបន្ត ខណៈពេលដែលការងារដែលត្រូវការធ្វើដោយផ្ទាល់ភាគច្រើនពន្យាពេល។ ហានិភ័យខ្ពស់នៃជំងឺ Covid-19 បានធ្វើឱ្យការងារខ្លះមានការធ្លាក់ចុះដោយការកាត់បន្ថយបុគ្គលិក រួមនឹងការជួបប្រទះការលំបាកអំពីប្រាក់ចំណូល និងប្រាក់ខែ។

៤. ការកើនឡើងនៃថ្លៃដឹកជញ្ជូននៅទូទាំងពិភពលោកដោយសារកង្វះកុងតឺន័រ៖ វិស័យឧស្សាហកម្មដឹកជញ្ជូនទូទាំងពិភពលោកកំពុងជួបប្រទះកង្វះខាតកុងតឺន័រដែលបណ្តាលមកពីកូវីដ ១៩។ ថ្លៃដើមនៃការដឹកជញ្ជូនទំនិញតាមកប៉ាល់បានកើនឡើងទ្វេដងចាប់តាំងពីដើមឆ្នាំ ២០២១។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនដឹកជញ្ជូនទំនិញ ការកើនឡើងសរុបក្នុងរយៈពេល១២ខែកន្លងមកនេះកើនដល់ ៥២៦%។

ហេតុផលទាំងនេះមិនត្រឹមតែប៉ះពាល់ដល់ប្រទេសកម្ពុជានោះទេ វាកំពុងជះឥទ្ធិពលដល់ពិភពលោកទាំងមូល ក៏ប៉ុន្តែតាមរយៈការកក់ទិញរថយន្តរបស់លោកអ្នកពីពេលនេះនឹងមានឱកាសទទួលបានកាន់តែលឿនក្នុងពេលឆាប់ៗខាងមុខនេះ៕

មតិយោបល់