• 2021-08-05 03:09:11
  • ព័ត៌មាន

ទម្រាំបានឡានការពារគ្រាប់មួយគ្រឿង Mercedes ចាយពេលដល់ ៥១ថ្ងៃ ឯតម្លៃវិញមិនធម្មតា

  • 2021-08-05 03:09:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mercedes បានបញ្ចេញរថយន្តពាសដែក S 680 Guard 4MATIC ជាផ្លូវការយ៉ាងស្ងាត់ៗ ដែលឌីហ្សាញឡើងសម្រាប់មេដឹក, អ្នកជំនួញ និងតារាល្បីៗ ដែលចង់រថយន្តមានផាសុកភាព និងអាចការពារសុវត្ថិភាពបានកាន់តែខ្ពស់។

ថ្វីបើក្រុមហ៊ុន Mercedes មិនចង់បញ្ចេញព័ត៌មានលម្អិតពីវា ប៉ុន្តែកាសែតអាល្លឺម៉ង់ជាច្រើនបានឲ្យដឹងថា រថយន្ត S 680 Guard 4MATIC ត្រូវបានផលិតដោយផ្អែកលើម៉ូដែល S-Class តួវែង ហើយបំពាក់កម្រិតការពារ VR10។

VR10 មានន័យថា អ្នកដំណើរនឹងទទួលបានការការពារពីកាំភ្លើងខ្លី ក៏ដូចជាកាំភ្លើងវែង និងកាំភ្លើងបាញ់ស៊ីបផងដែរ។ មិនតែប៉ុណ្ណោះ រថយន្តនេះមានបំពាក់កញ្ចក់ច្រើនជាន់ និងបង្អួតប្រភេទ polycarbonate ដែលមានកម្រាស់ប្រហែល ១សង់ទីម៉ែត្រ។

ជាមួយគ្នានេះដែរ រថយន្ត S 680 Guard 4MATIC ក៏បានពង្រឹងកម្រិតការពារនៅផ្នែកអ្នកដំណើរ និងបំពាក់សម្បកកង់ប្រភេទ run-flat tires ដើម្បីអាចគេចចេញពីការវាយប្រហារគ្រប់ប្រភេទ។ Option មួយចំនួនទៀតលើរថយន្តនេះមានដូចជា ប្រព័ន្ធបាញ់ពន្លត់ភ្លើង និង ប្រព័ន្ធបាញ់ខ្យល់បរិសុទ្ធក្នុងកាប៊ីន ទៀតផង។

សូមបញ្ជាក់ថា រថយន្តពាសដែករបស់ Mercedes នេះមានបំពាក់ម៉ាស៊ីនចំណុះ ៦,០លីត្រ twin-turbo ទំហំ ១២ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ៦០៤សេះ និងកម្លាំងបង្វិល ៨៣០ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ ៩វគ្គ និងប៉ុងពីរ។ រថយន្ត S 680 Guard 4MATIC មួយគ្រឿង ត្រូវគេចំណាយពេលរហូតដល់ ៥១ថ្ងៃដើម្បីផលិត ហើយមានតម្លៃប្រហែលខ្ទង់ ៥៩០ ០០០ដុល្លារឯណោះ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់