• 2021-07-13 03:30:02
  • ព័ត៌មាន

ក្តៅៗ! ភីកអាប់ដំបូងបង្អស់របស់ Hyundai មានត្រឹម ២ម៉ឺនដុល្លារស្តើងទិញបានហើយ!

  • 2021-07-13 03:30:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបានប្រកាសចេញជាផ្លូវការនូវរថយន្តភីកអាប់ដំបូងបង្អស់របស់ខ្លួន ឥឡូវនេះក្រុមហ៊ុន Hyundai បានបង្ហាញពីតម្លៃលក់របស់វាហើយ។ រថយន្តភីកអាប់ Hyundai Santa Cruz ស៊េរីឆ្នាំ២០២១ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ២៣ ៩៩០ដុល្លារ សម្រាប់ម៉ូដែលទាបបំផុត SE នៅលើទីផ្សារសហរដ្ឋអាមេរិក។

ក្រៅពីនោះ ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងលើក៏ផ្តល់ជម្រើសម៉ូដែលផ្សេងទៀត ដូចជា SEL មានតម្លៃចាប់ពី ២៧ ១៩០ដុល្លារ, SEL Premium តម្លៃចាប់ពី ៣៥ ៦៨០ដុល្លារ និង Limited តម្លៃចាប់ពី ៣៩ ៧២០ដុល្លារ។

រថយន្តភីកអាប់ Hyundai Santa Cruz នេះប្រើប្រាស់គ្រោងឆ្អឹងប្រភេទ Unibody ដែលមានការឌីហ្សាញកាត់ជាមួយម៉ូដែល Hyundai Tucson ដែលជារថយន្ត SUV។

ទោះជាយ៉ាងណា រថយន្ត Santa Cruz មានប្រវែងពីកង់មុខទៅកង់ក្រោយ វែងជាង Tucson ស៊េរីថ្មីដល់ទៅ ៩,៨អ៊ីញ ហើយមានទំហំខ្លួនធំជាងដល់ទៅ ១២,៤អ៊ីញទៀតផង។ មិនតែប៉ុណ្ណោះ វាមានគ្រែដឹកប្រវែង ៥២,១អ៊ីញទៀតផង បើប្រៀបធៀបទៅ Santa Cruz ខ្លីជាង Nissan Frontier តែ ៧អ៊ីញ, Toyota Tacoma ៨អ៊ីញ និង Honda Ridgeline ១១អ៊ីញប៉ុណ្ណោះ។

គួរឲ្យដឹងថា រថយន្ត Hyundai Santa Cruz ផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩០សេះ និង ចំណុះ ២,៥លីត្រដូចគ្នា ប៉ុន្តែបំពាក់បន្ថែម Turbocharge មានកម្លាំង ២៧៥សេះ។

ជម្រើសម៉ាស៊ីនតូចប្រើប្រអប់លេខអូតូ ៨វគ្គ ខណៈប្រភេទម៉ាស៊ីនធំប្រើប្រអប់លេខ dual-clutch។ ថ្វីបើវាត្រូវបានផលិតលើគ្រោងឆ្អឹងរថយន្តប៉ុងមុខមែន ប៉ុន្តែ Santa Cruz នឹងផ្តល់ជម្រើសប៉ុងពីរ HTRAC AWD ដែរ។ វានឹងមានសមត្ថភាពអាចអូសសណ្តោងបានដល់ទម្ងន់ ២ ២៦០គីឡូក្រាម។

បន្ថែមពីនេះ Santa Cruz មានបំពាក់កុងទ័រទំហំដល់ ១០អ៊ីញ និងអេក្រង់កម្សាន្ត ១០អ៊ីញដូចគ្នា ព្រមទាំងមាន Option ប្រព័ន្ធសំឡេង Bose, ពូកស្បែក, កន្លែងដាក់អីវ៉ាន់ក្រោមកៅអី ក៏ដូចជាមុខងារសុវត្ថិភាពជាច្រើន រួមទាំង Forward Collision Avoidance, Lane Keep Assist, Driver Attention Warning, Blindspot Warning, Blind Spot Camera, Safe Exit Assist, Highway Drive Assistance, Surround-View Monitor និង Rear Cross-Traffic Alerts ទៀតផង៕

អត្ថបទ៖ សេង ឡុង

មតិយោបល់