• 2021-07-09 03:04:28
  • ព័ត៌មាន

BMW ចេញម៉ូតូអត់ប្រើសាំងថ្មី សាកម្តងជិះបាន ១៣០គ.ម តែតម្លៃញាក់សាច់

  • 2021-07-09 03:04:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន BMW បានប្រកាសចេញម៉ូតូអគ្គិសនីថ្មី មានឈ្មោះថា BMW CE 04 ដែលអាចបើកបរបានចម្ងាយ ៨០ម៉ាយ ឬជិត ១៣០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ម៉ូតូអូតូនេះបំពាក់ម៉ូទ័រអគ្គិសនីមួយមានកម្លាំង ៤២សេះ និងកញ្ចប់អាគុយអគ្គិសនីទំហំ ៨,៩គីឡូវ៉ាត់ម៉ោង ដែលអាចបើកដល់ល្បឿនអតិបរមា ១២០គីឡូម៉ែត្រក្នុងមួយម៉ោង។ ម៉ូតូនេះអាចសាកភ្លើងពី ០-១០០% ប្រើពេល ៤ម៉ោង និង ២០នាទី តាមរយៈការសាកភ្លើងនៅផ្ទះ។ ដោយឡែកសម្រាប់ការសាកភ្លើង Level 2 Charger វាចំណាយពេលត្រឹមតែ ១ម៉ោង និង ៤០នាទីប៉ុណ្ណោះ។

មិនខុសពីរថយន្តអគ្គិសនីឡើយ ម៉ូតូ BMW CE 04 នឹងមានប្រព័ន្ធហ្វ្រាំង regenerative braking ដែលវានឹងដំណើរការនៅពេលអ្នកបើកបរប្រលែងហ្គែរចេញអស់ ហើយវានឹងសម្រេចថាត្រូវចាប់ហ្វ្រាំងមុខប៉ុណ្ណា និងហ្វ្រាំងក្រោយប៉ុណ្ណា ដើម្បីទប់លំនឹង។ អ្វីដែលរឹតតែពិសេសនោះគឺ ម៉ូតូនេះក៏មានលេខរឺយ៉ែថយក្រោយដែរ ប៉ុន្តែមានល្បឿនយឺត ផ្តល់ភាពងាយស្រួលពេលបត់ត្រលប់។

ជាមួយនឹងប្រព័ន្ធហ្វ្រាំង regenerative braking វាក៏មានហ្វ្រាំងឌីសភ្លោះ (twin-disc) ទំហំ ២៦៥មីល្លីម៉ែត្រនៅខាងមុខ ចំនួន ៤ពីស្តុង និង ហ្វ្រាំងឌីសមួយទំហំ ២៦៥មីល្លីម៉ែត្រនៅខាងក្រោយ ព្រមទាំងប្រព័ន្ធហ្វ្រាំង ABS ពីក្រុមហ៊ុន Bosch ទៀតផង។

ម៉ូតូ BMW CE 04 ផ្តល់ជម្រើសបើកបរចំនួន ៤ គឺ ECO Mode សម្រាប់ភាពសន្សំសំចៃជិះបានឆ្ងាយបំផុត, Rain Mode សម្រាប់សុវត្ថិភាព, Road Mode សម្រាប់ការបើកបរធម្មតា និង Dynamic Mode សម្រាប់ដំណើរការកប់បំផុត។ វានឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ១១ ៧៩៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ហើយនឹងចេញលក់ជាផ្លូវការនៅត្រីមាសទី១ ឆ្នាំ២០២២ ខាងមុខនេះតែម្តង៕

អត្ថបទ៖ សេង ឡុង

មតិយោបល់