• 2021-07-06 02:41:44
  • ព័ត៌មាន

ឡានប្រណីត ៤កៅអី ៣ម៉ូដែល ត្រូវម៉ាច់អ្នកចង់បានកម្រិតផាសុកភាពលំដាប់ផ្កាយ៥

  • 2021-07-06 02:41:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តប្រណីតមានកៅអីអង្គុយតែ ៤ គឺមានច្រើនជម្រើសណាស់នៅលើទីផ្សារបច្ចុប្បន្ន។ ប៉ុន្តែយើងដឹងហើយថាមនុស្សភាគច្រើនចង់បានរថយន្តដែលធន់មិនងាយខូច ដូច្នេះហើយពួកគេតែងតែគិតដល់ម៉ាកយីហោរបស់ជប៉ុន។ ជាក់ស្តែងក្រុមហ៊ុន Toyota និង Lexus ក៏មានរថយន្តប្រណីត ៤ កៅអីដែរ ទោះបីជាខ្លះមិនមែនចេញពីរោងចក្រមកផ្ទាល់ក៏ដោយ។

ខាងក្រោមនេះគឺជារថយន្តប្រណីត ៤កៅអី ៣ម៉ូដែល ដែលត្រូវម៉ាច់ចំពោះអ្នកចង់បានកម្រិតផាសុកភាពលំដាប់ផ្កាយ៥៖

១) Lexus LM

Lexus LM ត្រូវបានបង្ហាញខ្លួននៅលើទីផ្សារប្រទេសកម្ពុជា កាលពីពាក់កណ្តាលឆ្នាំ២០២០ កន្លងទៅនេះ ដែលមានទាំងជម្រើស ៤កៅអី និង ៧កៅអី។ ប៉ុន្តែប្រភេទ ៤កៅអីគឺផ្តល់នូវប្រណីតភាព និងកម្រិតផាសុកភាពខ្លាំងបំផុត ព្រោះតែវាមានបំពាក់កៅអីធំនៅខាងក្រោយ ដែលមានមុខងារក្តៅត្រជាក់ និងម៉ាស្សា ព្រមទាំងសល់ទំហំធំទូលាយ ងាយស្រួលសណ្តូកជើង ខណៈកន្លែងអ្នកបើកបរ និងកៅអីជួរទី២ ត្រូវបានខណ្ឌចែកដោយជញ្ជាំងដែលមានបំពាក់អេក្រង់ដ៏ធំ ទំហំ ២៦អ៊ីញទៀតផង។

មិនតែប៉ុណ្ណោះ នៅប្លុកកៅអីជួរទី២ ក៏មានទូរទឹកកក ចំណុះ ១៤លីត្រ និងប្រព័ន្ធសំឡេង Mark Levinson ដែកជួយឲ្យការធ្វើដំណើរជិតឆ្ងាយរបស់អ្នកមិនជិនណាយ។

២) Lexus LX570 Supersport MBS

តាមធម្មតា Lexus LX570 គឺជា SUV ទំហំធំដែលផ្តល់ជម្រើសកៅអីអង្គុយដល់ ៨ ឬ ៣ជួរ។ ទោះជាយ៉ាងណាក៏ដោយ Lexus LX570 Supersport MBS ទទួលបានការកែច្នៃ ដោយក្នុងនោះបានផ្លាស់ប្តូរកៅអីជួរទី២ ថ្មី និងដកកៅអីជួរទី៣ ចេញ។

ការ​ដក​កៅអី​អង្គុយ​ចេញ​មួយ​ជួរ​ ធ្វើ​ឲ្យ​កៅអី​អង្គុយ​ជួរ​ទី​២ កាន់​តែ​មាន​ទំហំ​ធំ​ទូលាយ​ជាង​មុន​ អាច​បត់​បែន​មួយ​គាប់​ចិត្ត។ នៅ​ផ្នែក​កណ្ដាល​នៃ​កៅអី​អង្គុយខាង​ក្រោយ​ក៏​មាន​កន្លែង​សម្រាប់​​ដាក់​ដៃ​ដ៏​ធំ និង​មាន​ប៊ូតុង​សម្រាប់​បញ្ជា​មុខងារ​ផ្សេងៗ​ទៀត​ផង។ អ្វីដែលរឹតតែពិសេស កៅអីខាងក្នុងរបស់វាគឺជាប្រភេទស្បែក German Nappa Leather ជាមួយនឹងថ្នេរដេររាងគ្រាប់ពេជ្រ។ គ្រប់កៅអីសុទ្ធតែមានមុខងារម៉ាស្សា កម្តៅ និង បញ្ចេញខ្យល់ត្រជាក់មកជាមួយផងដែរ។

ថ្វី​បើ​ដក​កៅអី និង​កែប្រែ​ចំណុច​មួយ​ចំនួន​ក្នុង​កាប៊ីន​ខុស​ពី LX 570 ធម្មតា​មែន ប៉ុន្តែ​រថយន្ត​ប្រភេទ​ពិសេស​នេះ​នៅ​តែ​ប្រើ​ប្រាស់​ម៉ាស៊ីន​ចំណុះ​ ៥,៧ លីត្រ​ ទំហំ​ស៊ីឡាំង ៨ មាន​កម្លាំង​ ៣៦៧ សេះ និង​ប្រើ​ប្រអប់​លេខ​អូតូ​ ៨ វគ្គ​ដដែល។

៣) Toyota Land Cruiser VXS MBS

រថយន្ត Toyota Land Cruiser VXS MBS ក៏ទទួលបានការកែច្នៃ ស្រដៀងទៅនឹងរថយន្ត Lexus LX570 Supersport MBS ដែរ ដោយដកកៅអីជួរទី៣ ចេញ និងផ្លាស់ប្តូរកៅអីជួរទី២ ថ្មី ធ្វើឲ្យ​កៅអី​អង្គុយ​ជួរ​ទី​២ កាន់​តែ​មាន​ទំហំ​ធំ​ទូលាយ​ជាង​មុន​ អាច​បត់​បែន​បានមួយ​គាប់​ចិត្តដែរ។ ជាមួយគ្នានេះដែរ កៅអីទាំង៤ របស់វាសុទ្ធតែមានមុខងារម៉ាស្សា និងបញ្ចេញខ្យល់ក្តៅត្រជាក់ និងជាប្រភេទស្បែក German Nappa Leather។

មិនខុសពី Lexus LX570 Supersport MBS ឡើយ រថយន្ត Toyota Land Cruiser VXS MBS នៅតែប្រើម៉ាស៊ីនដដែល គឺ ចំណុះ ៥,៧លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៣៨១សេះ ហើយប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់