• 2021-06-09 00:00:00
  • ព័ត៌មាន

Ford ចេញភីកអាប់ស៊ីប្រេងតិចបំផុតថ្មី តម្លៃមិនដល់ ២ម៉ឺនដុល្លារ

  • 2021-06-09 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីបំផុត ក្រុមហ៊ុន Ford បានប្រកាសចេញរថយន្តភីកអាប់ថ្មីរបស់ខ្លួនជាផ្លូវការ គឺ Ford Maverick ស៊េរីឆ្នាំ២០២២ ដែលប្រើប្រាស់ម៉ាស៊ីន Hybrid និងមានតម្លៃចាប់ពី ១៩ ៩៩៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

ក្រុមហ៊ុន Ford បានហៅរថយន្ត Maverick ថាជាភីកអាប់ Full-Hybrid ស្តង់ដារដំបូងបង្អស់របស់អាមេរិក ហើយអះអាងថា វាជាភីកអាប់ស៊ីប្រេងតិចបំផុតនៅលើទីផ្សារបច្ចុប្បន្ន ពោលគឺ ៥,៨លីត្រ/ក្នុងក្រុង និងជាមធ្យមត្រឹម ៦,៣លីត្រប៉ុណ្ណោះ សម្រាប់ចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។

រថយន្ត Ford Maverick មានប្រវែងតួខ្លួនសរុប ៥ម៉ែត្រ កម្ពស់ ១,៧ម៉ែត្រ ខ្លីជាងភីកអាប់ Ford Ranger ២៨១មីល្លីម៉ែត្រ និងទាបជាង ៥២មីល្លីម៉ែត្រ។

ភីកអាប់ Maverick បំពាក់ម៉ាស៊ីន Hybrid ដោយគួបផ្សំរវាងម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបានសរុប ១៩១សេះ ប្រើប៉ុងមួយវិលកង់មុខ និងប្រអប់លេខអូតូ CVT។ Ford អះអាងថា ចាក់ប្រេងមួយពេញ Maverick Hybrid អាចធ្វើដំណើរបានចម្ងាយ ៥០០មាយ៍ ឬ ៨០៥គីឡូម៉ែត្រ ហើយអាចដឹកបានទម្ងន់ ៦៨០គីឡូក្រាម និងអូសសណ្តោងបាន ៩០០គីឡូក្រាមផងដែរ។

ដោយឡែក Maverick ក៏ផ្តល់ជម្រើសម៉ាស៊ីនមួយទៀតដែរ គឺ ចំណុះ ២,០លីត្រ EcoBoost មានកម្លាំង ២៥០សេះ ហើយប្រើប្រអប់លេខអូតូ ៨វគ្គ និងប្រើប៉ុងមួយវិលកង់មុខដូចគ្នា ខណៈប៉ុងពីរជា Option។ ម៉ូដែលម៉ាស៊ីនធំនេះក៏ផ្តល់កញ្ចប់ Option មួយហៅថា 4K Tow Package ដែលអាចឲ្យវាអូសសណ្តោងបានទម្ងន់រហូតដល់ទៅ ១ ៨០០គីឡូក្រាម។

ដោយឡែកនៅកាប៊ីនខាងក្នុងវិញ Maverick ឆ្នាំ២០២២ បំពាក់អេក្រង់កម្សាន្តទំហំ ៨អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ផងដែរ។ ភីកអាប់នេះនឹងផ្តល់ជម្រើស ៣ម៉ូដែល គឺ XL, XLT និង Lariat ហើយ Ford ក៏នឹងចេញម៉ូដែល First Edition ជាមួយកញ្ចប់ Option "FX-4 Off-Road Package” ទៀតផង៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់