• 2021-05-13 12:52:30
  • ព័ត៌មាន

១០០០ សាលារៀនបន្ថែមទៀតនៅទូទាំងប្រទេស នឹងទទួលបានការប្រើប្រាស់ SIS System ពីមិត្តហ្វូន

  • 2021-05-13 12:52:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន មិត្តហ្វូន បានបើកកិច្ចប្រជុំមួយតាមប្រព័ន្ធវីដេអូអេឡិចត្រូនិក Zoom ស្តីអំពីគម្រោង ដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធ SIS System សម្រាប់សាលារៀនទូទាំងប្រទេសកម្ពុជា ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំក្រសួងដែលពាក់ព័ន្ធ ព្រមទាំង វត្តមាន លោក ហ្វុង វ៉ាន់គឿង នាយកប្រតិបត្តិ របស់ក្រុមហ៊ុន មិត្តហ្វូន ព្រមទាំងគណៈគ្រប់គ្រង។

នៅក្នុងកិច្ចប្រជុំ លោក ហ្វុង វ៉ាន់ គឿង បានលើកឡើងអំពីចក្ខុវិស័យរបស់ក្រុមហ៊ុន មិត្តហ្វូន និងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា។ លោក ហ្វុង វ៉ាន់ គឿង ក៏បានលើកឡើងផងដែរថា ក្រុមហ៊ុន មិត្តហ្វូនបានផ្តល់ជូនដោយឥតគិតថ្លៃនូវប្រព័ន្ធអ៊ីនធឺណិតចំនួន ១០០០ខ្សែ ដល់ក្រសួង អប់រំ យុវជន និងកីឡា សម្រាប់ប្រើប្រាស់អស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ ជាជំហានបន្ត ក្រុមហ៊ុន មិត្តហ្វូន នឹងបន្តការសហប្រតិបត្តិការជាមួយក្រសួងនេះដើម្បីអនុវត្តន៏ផែនការយុទ្ធសាស្រ្តនៃវិស័យអប់រំអោយកាន់តែទូលំទូលាយថែមទៀត។

ក្នុងឱកាសនោះគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន មិត្តហ្វូន ក៏បានធ្វើបទបង្ហាញអំពីកាលានុវត្តន៍ភាព ទៅលើគម្រោងប្រព័ន្ធបច្ចេកវិទ្យា SIS System ដែលជាគម្រោងមួយ សម្រួលការសិក្សារបស់សិស្ស និងការបង្រៀនរបស់គ្រូទូទាំងប្រទេស។ រហូតមកដល់ បច្ចុប្បន្ននេះ ប្រព័ន្ធនេះ បានដាក់ឲ្យប្រើប្រាស់ចំនួន ១៥០ សាលារៀនរួចរាល់ហើយ ដែលមានថ្នាក់រៀនចំនួន ៥០៦៧បន្ទប់ ចំនួនសិស្ស ២២១ ៨០៧ នាក់ និងមានគ្រូបង្រៀនចំនួន ១០ ៨៤៨ នាក់ ។ ជាពិសេស គ្រូបង្រៀន និងសិស្សានុសិស្សកំពុងបង្រៀននិងរៀនពីចម្ងាយតាមរយៈប្រព័ន្ធ E-Learning (Online learning-teaching) ដែលជាផ្នែកមួយនៅក្នុងប្រព័ន្ធ SIS System។

នៅក្នុងឆ្នាំ ២០២១ នេះ ក្រុមហ៊ុន មិត្តហ្វូន មានគម្រោងពង្រីក រហូតទៅដល់ ១០០០ សាលារៀន និងប្រព័ន្ធ ត្រួតពិនិត្យតាមអនឡាញជាក់ស្តែងសម្រាប់ក្រសួង ព្រមទាំង បង្វឹកលោកគ្រូ អ្នកគ្រូចំនួន ៣ម៉ឺននាក់ ឲ្យចេះប្រើប្រាស់ប្រព័ន្ធ (SIS System) ដែលនៅក្នុងនោះ លោកគ្រូ អ្នកគ្រូ ចំនួន ១ម៉ឺននាក់ នឹងត្រូវបានបង្វឹកឲ្យចេះប្រើប្រាស់នូវប្រព័ន្ធបង្រៀនពីចម្ងាយ (E-Learning) បន្ថែមទៀត។ នៅក្នុងផែនការស្ថិតិ សិស្សចំនួន ៨សែននាក់ ត្រៀមដាក់បញ្ចូលទៅក្នុងប្រព័ន្ធ (SIS System) ក្នុងចំណោមសិស្សទាំងនោះ មានសិស្សចំនួន ២សែននាក់ នឹងត្រូវបង្រៀនឲ្យចេះប្រើប្រាស់ការសិក្សាពីចម្ងាយ (E-learning) តាមរយៈប្រព័ន្ធ (SIS System) នេះ។

បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន មិត្តហ្វូន រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានកោតសសើរ និងវាយតំលៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែង របស់ក្រុមហ៊ុន មិត្តហ្វូន ដែលជួយបង្កើតនូវប្រព័ន្ធនេះឡើង។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបានចែករំលែកបទពិសោធន៍ល្អៗ និងបានបង្ហាញអំពីអាទិភាពសំខាន់ៗក្នុងវិស័យអប់រំសម្រាប់ឆ្នាំ២០២១ ជាពិសេសបានឆ្លុះបញ្ចាំងពីគំនិតនវានុវត្តន៍ក្នុងការធ្វើកំណែទម្រង់ការអប់រំតាមប្រព័ន្ធឌីជីថលឲ្យទទួលបានជោគជ័យ និងបានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា ២៥ រាជធានី/ខេត្ត ត្រូវពន្លឿនការចាក់វ៉ាក់សាំងដល់ បុគ្គលិកអប់រំឲ្យបានគ្រប់ៗគ្នា ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យមានការបង្កើតការិយាល័យបច្ចេកវិទ្យាព័ត៌មាននៅតាមមន្ទីរ ការិយាល័យអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ព្រមទាំងជនបង្គោលព័ត៌មានវិទ្យាតាមសាលារៀននីមួយៗផងដែរ។ ហើយឯកឧត្តម ក៏បានស្នើរសុំអោយបណ្តាមន្ទីរ អប់រំ យុវជន និងកីឡា គ្រប់បណ្តាខេត្ត ក្រុងឲ្យជ្រើសរើសគ្រូ បង្គោលដើម្បីអោយចូលរៀនវគ្គបណ្តុះបណ្តាលអំពីរបៀបប្រើប្រាស់ប្រព័ន្ធ SIS System សម្រាប់មន្ទីររបស់ខ្លួន ដើម្បីអោយចេះពីរបៀបបង្រៀនពីចម្ងាយនេះ៕

មតិយោបល់