• 2021-04-18 22:19:06
  • ព័ត៌មាន

Mercedes ចេញឡាន Sedan អត់ប្រើសាំងថ្មី សាក១៥នាទី ជិះបាន៣០០គ.ម

  • 2021-04-18 22:19:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mercedes-Benz បានប្រកាសចេញរថយន្តអគ្គិសនីថ្មីមួយម៉ូដែលទៀត ហៅថា EQS ស៊េរីឆ្នាំ២០២២។

Mercedes-Benz EQS បានប្រើប្រាស់គ្រោងឆ្អឹងសម្រាប់រថយន្តអគ្គិសនីថ្មី ដោយមានប្រវែងតួខ្លួនសរុប ៥,២ម៉ែត្រ ដែលស្ទើរតែស្មើនឹងម៉ូដែល S-Class ប្រភេទតួវែង។

រថយន្ត EQS ឆ្នាំ២០២២ នឹងផ្តល់ជម្រើស ២ ម៉ូដែល គឺ EQS 450 ប្រើប៉ុងមួយ និង EQS 580 4Matic ប្រើប៉ុងពីរ។

EQS 450 បំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ៣២៩សេះ ខណៈ EQS 580 4Matic ប្រើម៉ូទ័រអគ្គិសនី ២ មានកម្លាំងសរុប ៥១៦សេះ។ រថយន្តទាំងពីរម៉ូដែលត្រូវបានកំណត់ល្បឿនអតិបរមាត្រឹម ២១០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយប្រើកញ្ចប់អាគុយអគ្គិសនីទំហំ ១០៧,៨គីឡូវ៉ាត់ម៉ោង មានចម្ងាយបើកបរ ៤៧៩ម៉ាយ៍ ឬ ៧៧០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ក្រុមហ៊ុន Mercedes អះអាងថា រថយន្ត EQS គាំទ្រល្បឿនសាក ២០០គីឡូវ៉ាត់ ដោយចំណាយពេលសាកត្រឹម ១៥នាទី នឹងបានចម្ងាយបើកបរ ១៨៦ម៉ាយ៍ ឬ ៣០០គីឡូម៉ែត្រ។

ក្រៅពីសមត្ថភាពដ៏អស្ចារ្យនេះ អ្វីដែលធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍នោះគឺ ការបំពាក់អេក្រង់ផ្នែកខាងមុខចំនួន ៣ ផ្ទាំង សរុបស្មើនឹង ៥៦អ៊ីញ ដោយដើរតួជាកុងទ័រ, អេក្រង់កម្សាន្ត និងអេក្រង់បង្ហាញព័ត៌មានសម្រាប់អ្នកដំណើរខាងមុខ។ បន្ថែមពីនេះទៅទៀត រថយន្ត EQS ក៏មានបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ Drive Pilot ដែលអនុញ្ញាតឲ្យអ្នកបើកបរដកដៃចេញពីចង្កូត នៅល្បឿនដល់ ៦០គីឡូម៉ែត្រក្នុងមួយម៉ោង លើផ្លូវហាយវេរ។

គួរឲ្យដឹងថា រថយន្ត Mercedes-Benz EQS ឆ្នាំ២០២២ នឹងចេញលក់ក្នុងពេលប៉ុន្មានខែខាងមុខទៀតនេះ ក្នុងតម្លៃប្រហែល ១១០ ០០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕

អត្ថបទ៖ សេង ឡុង

មតិយោបល់