• 2021-04-02 08:52:12
  • ព័ត៌មាន

សិស្ស​វិស្វករ ២ នាក់ ធ្លាប់បោក Apple បាន​ជិត​ ១ លានដុល្លារ ដោយប្រើល្បិចនេះ

  • 2021-04-02 08:52:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​ផ្នែក​វិស្វករ​​សញ្ជាតិ​ចិន​ពីរ​រូប នៅ​ក្នុង​រដ្ឋ​ Oregon ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​បោក​ប្រាស់​ Apple បាន​​លុយ​ខ្ទង់​​សែន​ដុល្លារ ដោយ​ប្រើ​វិធីសាស្ត្រ​ប្ដូរ iPhone ថ្មី ហើយ​ពេល​នេះ​ពួក​គេ​ប្រឈម​មុខ​នឹង​បទ​ឧក្រិដ្ឋ​ក្នុង​តុលាការ​សហព័ន្ធ។

ចាប់​តាំង​ពី​ឆ្នាំ ២០១៧ បុរស​ជាប់​ចោទ​​ទាំង​ពីរ បាន​​គេច​ពន្ធ​ iPhone ក្លែងក្លាយ​ជា​ច្រើន​ពាន់​គ្រឿង​ពី​ប្រទេស​ចិន ចូល​មក​ទឹក​ដី​សហរដ្ឋអាមេរិក​ ហើយ​បាន​ផ្ញើ​ទៅ​ឲ្យ​ Apple ដើម្បី​ធ្វើ​ការ​ជួសជុល ឬ​ប្ដូរ​ថ្មី​តែ​ម្ដង ដោយ​អះអាង​ថា​ iPhone ក្លែងក្លាយ​ទាំង​នោះ​បើក​មិន​ចេញ។ ក្នុង​ករណី​ជា​ច្រើន Apple បាន​ប្ដូរ iPhone ក្លែងក្លាយ​ជា​មួយ iPhone ពិត​ប្រាកដ​ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាត​បង់​អស់​ប្រមាណ​ ៨៩៥ ៨០០ ដុល្លារ​ឯណោះ។

​​​បុរស​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ឈ្មោះ​ Yangyang Zhou និង​ Quan Jiang។ Yangyang Zhou ទើប​តែ​បញ្ចប់​ការ​សិក្សា​ផ្នែក​វិស្វកម្ម​​នៅ​សកល​វិទ្យាល័យ​ Oregon State University ដែល​​ជា​អ្នក​នាំ​ iPhone ក្លែង​ក្លាយ​​ទៅ​សហរដ្ឋអាមេរិក​ ​និង​ជា​​ផ្ញើ​ iPhone ពិត​​ដែល​បាន​ពី​ Apple ទៅ​កាន់​ប្រទេស​ចិន។

ចំណែក​​​​​​​ Quan Jiang ជា​និស្សិត​វិស្វកម្ម​នៅ​ Linn Benton Cummunity College ដែល​មាន​តួនាទី​​យក​iPhone ​ក្លែង​ក្លាយ​ទៅ​កាន់​ Apple តាម​រយៈ​អនឡាញ និង​​ទៅ​ដោយ​ខ្លួន​ឯង​ផ្ទាល់។ ក្រោយ​ពី​ iPhone ពិត​ត្រូវ​នាំ​យក​ទៅ​ប្រទេស​ចិន​លក់​ហើយ លុយ​ដែល​លក់​បាន​ បាន​ផ្ទេរ​ទៅ​កាន់​គណនី​ម្ដាយ​របស់​ Jiang ដែល​ក្រោយ​មក​ត្រូវ​ដាក់​ចូល​គណនី​របស់​ Jiang ផ្ទាល់​​​ដែល​ប្រើ​នៅ​សហរដ្ឋអាមេរិក។

​ផ្អែក​តាម​ពាក្យ​បណ្ដឹង​របស់​សហព័ន្ធ​ ទាំង​ Jiang និង Zhou បាន​អះអាង​ថា​​មិន​បាន​ដឹង​ថា iPhone ដែល​ពួក​គេ​នាំ​មក​ជា​ផលិតផល​ក្លែង​ក្លាយ​នោះ​ទេ។ ជន​ទាំង​ពីរ​នេះ​​កំពុង​ស្ថិត​នៅ​ក្រៅ​​ការ​ឃុំឃាំង ប៉ុន្តែ​ Jiang ដែល​រង​ការ​ចោទ​ប្រកាន់​តាំង​ពី​ឆ្នាំ ២០១៨ ត្រូវ​តាមដាន​ដោយ​ឧបករណ៍ GPS។ ​ ក្រសួង​សន្តិ​សុខ​អាមេរិក​បាន​​ពន្យល់​ថា​ ការ​បោក​ប្រាស់​នេះ​អាច​​កើត​មាន​ឡើង​ ក៏​ដោយ​សារ​តែ​បុគ្គលិក​ Apple Store មិន​អាច​បញ្ជាក់​​អំពី​អត្តសញ្ញាណ​របស់​ផលិតផល​ថា​ពិត​ឬ​មិន​ពិត ដោយ​សារ​មិន​អាច​ចុច​បើក​បាន។ មួយ​វិញ​ទៀត​គឺ​ Apple មិន​ទាមទារ​ឲ្យ​មាន​វិក្កយបត្រ​​ទិញ ដើម្បី​ប្ដូរ​ iPhone នោះ​ឡើយ។

Jiang រង​ការ​ចោទ​ប្រកាន់​ថា​បាន​​យក​ iPhone ក្លែងក្លាយ​​ចំនួន ៣ ០៦៩ គ្រឿង ឲ្យ Apple ត្រួត​ពិនិត្យ ហើយ​​លទ្ធផល​ Apple បាន​ប្ដូរ​ iPhone ថ្មី​ឲ្យ​ចំនួន ១ ៤៩៣ គ្រឿង។ ក្នុង​តម្លៃ​ប៉ាន់​ស្មាន​ ៦០០ ដុល្លារ​សម្រាប់ iPhone មួយ​គ្រឿង នោះ​ Apple បាន​បាត់​បង់​ប្រមាណ ៩០០ ០០០ ដុល្លារ ពី​ការ​បោក​ប្រាស់​នេះ៕​​​

ប្រភព៖ theverge អត្ថបទ៖ សុខហេង

មតិយោបល់