• 2021-04-02 07:40:47
  • ព័ត៌មាន

​ប្រទេស​ ៥ មាន​ល្បឿន​អ៊ីនធឺណិត​យឺត​បំផុត​ក្នុង​ពិភពលោក

  • 2021-04-02 07:40:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​មធ្យម​បើ​និយាយ​ពី​ ល្បឿន​អ៊ីនធឺណិតត្រឹម​តែ​ 4mbps (មេកាប៊ីត​ក្នុង​មួយ​វិនាទី) ឬ​ខ្ពស់​ជាង​នេះ ក៏អាច​ឲ្យ​អ្នក​ធ្វើ​ការ​ប្រើប្រាស់ Facebook ទស្សនា​វីដេអូ YouTube ឬ​បំពេញ​ការងារ​ស្រាវជ្រាវ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​ដោយ​ស្រួលចិត្ត។ យ៉ាងណា​មិញ គេ​បាន​រក​ឃើញ​ថានៅក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោកមានល្បឿន​អ៊ីនធឺណិត​យឺត​ជាង​នេះ មួយទ្វេ​ជាពីរ​ឯណោះ​ ដូច​មាន​រៀប​រាប់​ក្នុង​អត្ថបទ​ខាង​ក្រោម​។

៥.អេហ្សីប:

ជា​ប្រទេស​មួយ​ស្ថិត​ក្នុង​ទ្វីប​អាហ្វ្រិក​ដែល​មាន​ល្បឿន​អ៊ីនធឺណិត​យឺត ជា​មធ្យម​ហក់​បាន​ត្រឹម​ល្បឿន 2.2 mbps ទាប​ជាង​ដល់​ទៅ 13mbps ធៀប​នឹង​ប្រទេស​កេនយ៉ា​ជាប់​​ជា​ប្រទេស​មាន​អ៊ីនធឺណិត​លឿន​បំផុត​នៅ​អាហ្វ្រិក​ឡើង​បាន​ដល់ 15 mbps។

៤.ហ្គាបុង:

ប្រទេស​នៅ​តំបន់​អាហ្វ្រិក​កណ្តាល​មួយ​នេះ កន្លង​ទៅ​ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​បិទ​ចោលប្រព័ន្ធ​អ៊ីនធឺណិត​ទូទាំង​ប្រទេស ក្រោយ​រង​ភាព​តានតឹង​អំឡុង​ពេល​ធ្វើ​ការ​បោះឆ្នោត។ តាម​ប្រភព​ឲ្យ​ដឹង​ជា​មធ្យម​ប្រទេស​នេះ ល្បឿន​អ៊ីនធឺណិត​រត់​បាន​ត្រឹម​ល្បឿន 1.9 mpbs តែ​ប៉ុណ្ណោះ។

៣.យេម៉ែន:

ជា​ប្រទេស​ស្ថិត​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ដែល​មាន​ល្បឿន​អ៊ីនធឺណិត​យឺត​បំផុត​គិត​ត្រឹម​ត្រីមាស​ទី ៤ ឆ្នាំ ២០១៦ គឺ​មាន​ល្បឿន 1.3 mbps ។ រដ្ឋាភិបាល​ហាក់​ពុំ​បាន​យក​ចិត្ត​ទុកដាក់​ចំពោះ​តម្រូវការ​របស់​ប្រជាពលរដ្ឋ សូម្បី​តែ​ក្រសួង​ទូរគមនាគមន៍​ប្រទេស​នេះ បន្ត​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ហួស​សម័យ ដែល​ដំឡើង​តាំងតែ​ទសវត្សរ៍​ទី ៧០ ហើយ​គ្មាន​ការ​ផ្លាស់ប្ដូរ​មក​ទល់​បច្ចុប្បន្ន។

កត្តា​នេះ​បាន​​ជំរុញ​ឲ្យ​ការ​បង់ថ្លៃ​ប្រើប្រាស់​អ៊ីនធឺណិត ​ក្នុង​ស្រុក​មាន​តម្លៃ​ថ្លៃ​លើស​ពី​ប្រទេស​ដទៃ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ភាគ​ធំ​ប្រឈម​បញ្ហា​ក្នុង​ការ​ត​ភ្ជាប់​ប្រើប្រាស់​សេវាកម្ម​ឌីជីថល។

២.វេណេហ្ស៊ុអេឡា:

ប្រទេស​នេះ​ក៏​មិន​ខុស​ពី​យេម៉ែន មាន​ល្បឿន​អ៊ីនធឺណិត​ត្រឹម 1.6 mbps ។ ផ្អែក​តាម​គោលការណ៍​របស់​រដ្ឋាភិបាល សង្កត់​ធ្ងន់​ថា​ ការ​រក្សា​ល្បឿន​អ៊ីនធឺណិត​យឺត ជា​មធ្យោបាយ​ជួយ​កាត់​បន្ថយ​ទំហំ​ចំណាយ​ថវិកា​ជាតិ។ តាម​ការ​ឲ្យ​ដឹង​ល្បឿន​នៃ​ការ​បើក​ទំព័រ​ណា​មួយ ត្រូវ​ចំណាយ​ពេល​ប្រមាណ ៦,៧ វិនាទី ពោល​គឺ​យឺត​ជាង ៥ ដង​ធៀប​នឹង​ប្រទេស​អ៊ីស្រាអែល។​

១.ប៉ារ៉ាហ្គាយ:

ពុំ​បាន​បញ្ជាក់​របាយការ​ច្បាស់ល្បឿន​ជា​មធ្យម​ប្រទេស​​នៅ​អាមេរិក​ឡាទីន​នេះ ប៉ុន្តែ​ប្រភព​បាន​បញ្ជាក់​ថា​ ប៉ារ៉ាហ្គាយ ក៏​មិន​ខុស​គ្នា​ទៅ​នឹង​ប្រទេស​វេណេហ្ស៊ុអេឡា​ដែរ។ ក្នុង​មួយ​ឆ្នាំៗ​ល្បឿន​អ៊ីនធឺណិត​ធ្លាក់​ចុះ​ប្រមាណ ១០ ភាគរយ ខុស​ពី​ប្រទេស​ដទៃ​ទៀត​ក្នុង​ទ្វីប​អាមេរិក​ខាងត្បូង​ ដូច​ជា​ប្រេស៊ីល​ឃើញ​កំណើន​កើន​ដល់ ៥៥ ភាគរយ។

ថ្វី​បើ​ល្បឿន​អ៊ីនធឺណិត​យឺត ប៉ុន្តែ​ប្រទេស​ដែល​មាន​ប្រជាពលរដ្ឋ​ជាង ៦ លាន​នាក់​នៅ​បន្ត​ដំឡើង​ថ្លៃ​ប្រើប្រាស់ សឹង​ស្មើ​បូលីវី​​ដែល​ជា​ប្រទេស​មាន​តម្លៃ​អ៊ីនធឺណិត​ខ្ពស់​បំផុត​ក្នុង​លោក៕

ប្រភព៖ nomadcapitalist ប្រែសម្រួល៖ កៅ រក្សា

មតិយោបល់