• 2021-04-01 01:52:14
  • ព័ត៌មាន

ស្ងាត់ៗ! Kia ចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន ៥០០គ.ម

  • 2021-04-01 01:52:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនរថយន្តកូរ៉េ Kia បានប្រកាសចេញ SUV អគ្គិសនីម៉ូដែល EV6 របស់ខ្លួនជាផ្លូវការ ដោយទទួលបានការឌីហ្សាញប្លែកខុសពីរថយន្ត Kia ផ្សេងទៀត។

រថយន្ត Kia EV6 មានប្រវែងខ្លួន ៤,៦ម៉ែត្រ ទទឹង ១,៨ម៉ែត្រ កម្ពស់ ១,៥ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៩ម៉ែត្រ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ កាប៊ីនខាងក្នុងរបស់វា ជាមួយនឹងការឌីហ្សាញ និងរៀបចំតាប្លូបែប Minimalist ដោយមានកុងទ័រឌីជីថលទំហំ ១២អ៊ីញ និងអេក្រង់កម្សាន្តរាងកោង ទំហំ ១២អ៊ីញផងដែរ។

ក្រៅពីនោះវាមានបំពាក់ដៃចង្កូតរាងអក្សរ D, ចង្កឹះដាក់លេខឌីហ្សាញប្លែកបែបអនាគត ព្រមទាំងកុងទ័របាញ់លើកញ្ចក់ប្រភេទ AR ទៀតផង។ បើនិយាយពីមុខងារសុវត្ថិភាពវិញ មានដូចជា Lane Following Assist, Safe Exit Assist, Remote Smart Parking Assist និង Highway Driving Assist 2។

រថយន្ត Kia EV6 នឹងផ្តល់ជម្រើសជាច្រើនម៉ូដែល ដូចជា ស្តង់ដារ និងប្រភេទ Long Range ក៏ដូចជាប្រភេទប៉ុងមួយ និងប៉ុងពីរផងដែរ។ ក្នុងនោះ ប្រភេទ Base Model នឹងបំពាក់អាគុយទំហំ ៥៨គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបាន ១៦៨សេះ និងកម្លាំងបង្វិល ៣៥០ញ៉ូតុនម៉ែត្រ។ ចំណែកឯប្រភេទប៉ុងពីរ បានបន្ថែមម៉ូទ័រអគ្គិសនីមួយទៀត ដែលបង្កើតកម្លាំងបានសរុប ២៣២សេះ និងកម្លាំងបង្វិល ៦០៥ញ៉ូតុនម៉ែត្រ អនុញ្ញាតឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,២វិនាទី។

ដោយឡែក ចំពោះប្រភេទ Long Range ប្រើអាគុយទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោងវិញ មានកម្លាំង ២២៥សេះ និងកម្លាំងបង្វិល ៣៥០ញ៉ូតុនម៉ែត្រ សម្រាប់ប្រភេទប៉ុងមួយ ហើយប្រភេទប៉ុងពីរវិញមានកម្លាំង ៣២១សេះ និងកម្លាំងបង្វិល ៦០៥ញ៉ូតុនម៉ែត្រ អនុញ្ញាតឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,២វិនាទី ហើយមានចម្ងាយបើកបរសរុប ៥1០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ជាចុងក្រោយគឺប្រភេទកប់បំផុត Kia EV6 GT ប្រើប៉ុងពីរ មានកម្លាំងសរុប ៥៧៧សេះ និងកម្លាំងបង្វិល ៧៤០ញ៉ូតុនម៉ែត្រ អនុញ្ញាតឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៥វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ២៦០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែមានចម្ងាយបើកបរត្រឹមតែ ៤០៥គីឡូម៉ែត្រប៉ុណ្ណោះ នៅពេលសាកភ្លើងពេញម្តង៕

អត្ថបទ៖ សេង ឡុង

មតិយោបល់