• 2021-03-31 06:25:14
  • ព័ត៌មាន

Facebook កំពុងផ្តល់អាទិភាពខ្ពស់ដល់សុវត្ថិភាពតាមអ៊ីនធឺណិតនៅកម្ពុជា

  • 2021-03-31 06:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Facebook កំពុងវិនិយោគយ៉ាងច្រើនលើឧបករណ៍ និងធនធានសុវត្ថិភាពអនឡាញ ជាពិសេសសម្រាប់កុមារ និងក្រុមងាយរងគ្រោះដ៏ទៃទៀត ដើម្បីធានាថា មនុស្ស ៣ពាន់លាននាក់នៅទូទាំងពិភពលោក ដែលកំពុងប្រើប្រាស់ និងចែករំលែកមាតិកាលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន អាចប្រើប្រាស់និងចែករំលែកដោយសុវត្ថិភាព ដោយគ្មានការភ័យខ្លាចពីការបំពាន ការយាយី ការកេងប្រវ័ញ្ច ឬគ្រោះថ្នាក់តាមអនឡាញផ្សេងទៀត។ នេះបើយោងតាមការថ្លែងរបស់នាយកផ្នែកសុវត្ថិភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Facebook ទៅកាន់ក្រុមអ្នកសារព័ត៌មានកម្ពុជានៅថ្ងៃទី៣០ ខែមីនា។

ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុន Facebook បានចំណាយប្រាក់ជាង ៣,៧ ពាន់លានដុល្លាទៅលើសុវត្ថិភាព និងសន្តិសុខ ដែលចំនួននេះច្រើនជាងប្រាក់ចំណូលទាំងមូលរបស់ក្រុមហ៊ុននៅពេលបោះផ្សាយលក់មូលបត្រជាសាធារណៈ (IPO) របស់ខ្លួនកាលពីឆ្នាំ ២០១២។

ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានបង្កើនចំនួនបុគ្គលិកបីដង ដែលធ្វើការលើកម្មវីធីសុវត្ថិភាព និងសន្តិសុខ រហូតដល់ជាង ៣៥ ០០០នាក់។ នេះបើយោងតាមការថ្លែងរបស់លោកស្រី Amber Hawkes នាយកផ្នែកសុវត្ថិភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Facebook ក្នុងអំឡុងសន្និសីទព័ត៌មានតាមអនឡាញមួយក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Facebook បានសហការជាមួយដៃគូសុវត្ថិភាពរាប់រយស្ថាប័ននៅជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។

លោកស្រី Hawkes មានប្រសាសន៍ថា៖ «នៅកម្ពុជា យើងបានចាប់ដៃគូជាមួយអង្គការសហប្រជាជាតិសម្រាប់ស្ត្រី អង្គការយូនីសេហ្វប្រចាំកម្ពុជា អង្គការសកម្មភាពដើម្បីកុមារ (APLE) អង្គការនារីដើម្បីសន្តិភាព និងអង្គការបណ្ដាញទូរស័ព្ទជំនួយកុមារកម្ពុជា និងជាមួយបុគ្គលអាជីពសុខាភិបាល ដើម្បីធ្វើការងារលើបញ្ហាសុវត្ថិភាពនានា »។

ស្តង់ដារសហគមន៍របស់ក្រុមហ៊ុន Facebook ដែលត្រូវបានបកប្រែជាភាសាខ្មែរនាពេលថ្មីៗនេះ មានចែងអំពីអ្វីត្រូវអនុញ្ញាត ឬមិនត្រូវអនុញ្ញាតឲ្យចែករំលែក្នុងបណ្តាញទំនាក់ទំនងសង្គមមួយនេះ និងគ្របដណ្តប់លើអ្វីៗរាប់ចាប់ពីមាតិកាដែលអាចរងការជំទាស់រួមទាំងភាសាស្អប់ខ្ពើម រហូតដល់បញ្ហាសុវត្ថិភាពនានាដូចជាការកេងប្រវ័ញ្ចមនុស្ស និងការធ្វើអត្តឃាត និងការបង្ករបួសស្នាមដល់ខ្លួនឯង។

ស្តង់ដារសហគមន៍របស់ក្រុមហ៊ុន Facebook ក៏ផ្តល់ជូនវិធានការការពារបន្ថែមផងដែរសម្រាប់អនីតិជន។ ក៏មានលក្ខខណ្ឌតម្រូវអាយុអប្បបរមាផងដែរមុនពេលអ្នកប្រើប្រាស់អាចបង្កើតគណនីមួយបាន។

លោកស្រី Hawkes បានពន្យល់ថា៖ «Facebook តម្រូវឲ្យអ្នកប្រើប្រាស់មានអាយុយ៉ាងតិចណាស់ ១៣ឆ្នាំមុនពេលពួកគេអាចបង្កើតគណនីមួយបាន។ យើងប្រើប្រាស់ឧបករណ៍បន្ថែម ដើម្បីការពារក្មេងៗជំទង់ ដែលកំពុងប្រើប្រាស់ Facebook ដូចជាកំណត់ប្រភេទនៃការផ្សព្វផ្សាយពាណិជ្ជកម្ម កំណត់គណនីរបស់ពួកគេដោយស្វ័យប្រវត្តិថាជាគណនីឯកជនក្នុងគោលបំណងចែករំលែកតែជាមួយមិត្តភក្តិ ផ្ញើសារក្រើនរំលឹកពិសេសដល់អនីតិជន ដើម្បីទទួលការស្នើសុំធ្វើជាមិត្តតែពីមនុស្សដែលពួកគេស្គាល់»។

លោកស្រីបាន មានប្រសាសន៍ទៀតថា៖ «កុមារ និងក្រុមងាយរងគ្រោះដទៃទៀតប្រឈមនឹងបញ្ហាចំៗនិងដាច់ដោយឡែកពីគ្នា ហើយយើងមានគោលនយោបាយ ឧបករណ៍ និងធនធាន ដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ។ គោលនយោបាយរបស់យើងគ្របដណ្តប់លើបញ្ហាសុវត្ថិភាពទូលំទូលាយក្នុងបណ្ដាញទំនាក់ទំនងសង្គមរបស់យើង»។

កុមារអាយុក្រោម ១៣ ឆ្នាំ មានឱកាសអាចប្រើប្រាស់កម្មវិធី Messenger Kids ដែលជាកម្មវិធីផ្ញើសារប្រកបដោយសុវត្ថិភាព ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិរបស់ពួកគេដោយស្ថិតក្រោមការគ្រប់គ្រងរបស់ឪពុកម្តាយ។

អ្នកជំនាញផ្នែកសុវត្ថិភាពរបស់ក្រុមហ៊ុន Facebook បានរៀបចំធនធាន ការណែនាំ និងកម្មវិធីនានា ដែលមានព័ត៌មានស្ដីពីសុវត្ថិភាពតាមអ៊ិនធឺណិតសម្រាប់ក្មេងៗជំទង់ រួមមានមជ្ឈមណ្ឌលសុវត្ថិភាពហ្វេសប៊ុក និងមជ្ឈមណ្ឌលបង្ការការបំពាន និងមជ្ឈមណ្ឌលសុវត្ថិភាព Instragram

លោកស្រី Hawkes ក៏បានឲ្យដឹងផងដែរថា ក្រុមហ៊ុន Facebook មានអ្នកត្រួតពិនិត្យមាតិកាប្រមាណ ១៥.០០០នាក់ រួមមានទាំងអ្នកដែលអាចនិយាយភាសារខ្មែរផងដែរ ដោយត្រួតពិនិត្យមាតិកាចំនួនជាង ២ លាន មាតិកាជារៀងរាល់ថ្ងៃ។ ដើម្បីទទួលបានព័ត៌មានថ្មីៗ និងស្វែងយល់បន្ថែមអំពីកម្មវិធីសុវត្ថិភាពហ្វេសប៊ុក សូមចូលទៅកាន់ Facebook Newsroom, Instagram Blog, WhatsApp Blog, Messenger News, Safety Centres ឬចូលមើល Community Standards

មតិយោបល់