• 2021-03-31 04:29:20
  • ព័ត៌មាន

ក្រសួង​ ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​​អ៊ឺនធើណិត​ ​ត្រូវ​ផ្តល់​សេវាល្បឿន​លឿន​ដូច​​ផ្សាយ​ពាណិជ្ជកម្ម​មែន!​

  • 2021-03-31 04:29:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​ថ្មីៗ​នេះ​ ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​កម្ពុជា ​បាន​ចេញ​សេចក្តី​ប្រកាស​បន្ទាន់​មួយ​ស្ដី​អំពី​ ​ ​វិធានការ​បង្កើន​ប្រសិទ្ធភាព​និង​ពង្រឹង​គុណភាព​សេវា​ទូរគមនាគមន៍​ ​។ ​សេចក្តី​ណែនាំ​នេះ​មាន​គោល​បំណង​លើក​កម្ពស់​ផល​ប្រយោជន៍​សារធាណៈ​ ​និង​ការ​ធ្វើ​អាជីវកម្ម​ប្រកប​ដោយ​សុចរិតភាព​និង​ការ​ទទួល​ខុសត្រូវ​សង្គម​។

​ក្រសួង ​ក៏​​បាន​និង​កំពុង​ខិតខំ​បញ្ចប់​ការ​រៀប​ចំ​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ការ​ពង្រឹង​គុណភាព​សេវា​ទូរគមនាគមន៍​ ​ការ​ពិន័យ​អន្តរការណ៍​ ​និង​ទណ្ឌកម្ម​ផ្សេងៗ​ចំពោះ​ប្រតិបត្តិករ​(ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ឺនធើណិត) ​ដែល​មិន​គោរព​ ច្បាប់​ស្ដី​ពី​ទូរគមនាគមន៍​ស្ដី​ពី​ការ​ផ្តល់​សេវា​ប្រកប​ដោយ​គុណភាព។

រូបតំណាង

​បច្ចុប្បន្ន​ ​ក្រសួង​បាន​និង​កំពុង​វាស់​ស្ទង់​គុណភាព​សេវា​ទូរគមនាគមន៍​នៅ​តាម​តំបន់​និមួយៗ​ដើម្បី​កំណត់​ចំណុច​ខ្សោយ​ ​ឬ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​គុណភាព​សេវា​នេះ​ ​ហើយ​ក៏​នឹង​ដាក់​ចេញ​នូវ​វិធានការ​ជាក់ស្ដែង​។ ​បន្ថែម​លើ​នេះ​ ​ក្រសួង​ ​ក៏​នឹង​តម្រូវ​ឲ្យ​ប្រតិបត្តិករ ​ឬ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ឺនធើណិត ​វិនិយោគ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ​ជា​ចាំបាច់ ​ក្នុង​ន័យ​ ​ចូលរួម​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​​សម្របសម្រួល​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ​ដើម្បី​សម្រេច​បាន​នូវ​ផែនការ​សកម្មភាព​អទិភាព​នៃ​កំណែទម្រង់​វិស័យ​ទូរគមនាគមន៍​ ​តម្រូវ​ឲ្យ​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ដូច​មាន​រៀបរាប់​ខាងក្រោម៖​​ ​ ទី ១ ​​​ប្រតិបត្តិករ​ទូរគមនាគមន៍​ ​(ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ឺនធើណិត) ទី ២ គឺ​​ម្ចាស់​បុរី​និង​អគារ​ខ្ពស់​ ​និង​ទី៣ គឺ​ប្រជាពលរដ្ឋ។

សម្រាប់​​​​ប្រតិបត្តិករ​ទូរគមនាគមន៍​ ​(ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ឺនធើណិត)៖​

​-​ត្រូវ​គោរព​ច្បាប់​ស្ដី​ពី​ទូរគមនាគមន៍​និង​លិខិត​បទដ្ឋាន​គតិយុទ្ធ​ឲ្យ​បាន​ខ្ជាប់​ខ្ចួន​

-​ត្រូវ​សិក្សា​និង​អាប់ដែត(ធ្វើ​បច្ចុប្បន្ន​ភាព​) ​ផែន​ការ​សាង​សង់​ស្ថានីយ៍​អង់តែន​​នៅ​តាម​ទីតាំង​ភូមិសាស្រ្ត​ ​ឆ្លើយ​តប​នឹង​ចំនួន​នៃ​អ្នក​​ប្រើប្រាស់​ ​ហើយ​ក៏​ត្រូវ​ផ្ញើរ​ផែន​ការ​នេះ​មក​ក្រសួង​ផង​ដែរ។​

​-ត្រូវ​ស្នើសុំ​ការ​មក​ក្រសួង​ ​មុន​សាង​សង់​ស្ថានីយ៍​អង់តែន​ ​និង​បណ្ដាញ​ទូរគមនាគមន៍​ ​ស្រប​តាម​មាត្រា ១៤ ​និង ១៧ ​នៃ​ច្បាប់​ស្ដី​ពី​ទូរគមនាគមន៍​

​-ត្រូវ​ស្នើសុំ​ការ​អនុញ្ញាត​នាំ​ចូល-ចេញ​ ​ផ្គត់ផ្គង់​​ចែកចាយ​និង​វិញ្ញាបនប័ត្រ​ទទួល​ស្គាល់​យថាប្រភេទ​នៃ​បរិក្ខារ​ទូរគមនាគមន៍​មក​កាន់​ក្រសួង ​ស្របតាម​មាត្រា​ ១៤,១៥ ​និង​១៦ ​នៃ​ច្បាប់​ស្ដី​ពី​ទូរគមនាគមន៍

-​ត្រូវ​មាន​ថាមពល​អគ្គិសនី​គ្រប់គ្រាន់​ និង​មាន​ប្រភព​អគ្គិសនី​ត្រៀម​បំរុង​តាម​ស្ថានីយ៍​អង់តែន​នីមួយៗ

​-ជៀសវាង​ការ​ប្រើប្រាស់​និង​ការ​តំឡើង​ឧបករណ៍​ទូរគមនាគមន៍​ដូច​ជា៖ ​ឧបករណ៍​ក្លូន ​ឧបករណ៍​ចាស់​ ​ឬ​ការ​តំឡើង​ផ្ទុយ​ពី​ស្ដង់ដារ​បច្ចេកទេស​ ​ជាដើម។​

-ត្រូវ​វៀប​ចំ​ និង​កែ​សម្រួល Network Architecture ​ដោ​យមាន​​សេណារីយ៉ូ​ត្រៀម​បំរុង​ធានា​ស្ថិរភាព​ខ្ពស់​ពេល​ផ្តល់​សេវា

-ត្រូវ​ពង្រឹង​យន្តការ​ថែទាំ តាមដាន ត្រួត​ពិនិត្យប្រតិបត្តិការរបស់​ស្ថានីយ៍​ផ្សាយ​សេវា​ (BTS/NodeB/ eNodeB)​ ​និង​បណ្ដាញ​តភ្ជាប់​ជា​ប្រចាំ​ ​ព្រម​ទាំង​ត្រូវ​ពង្រឹក​សមត្ថភាព​នៃ​ស្ថានីយ៍​ផ្សាយ​សេវា​ ​និង​បណ្ដាញ​តភ្ជាប់​ ​ជៀសវាង​ការ​កាត់​ផ្ដាច់​ ​ឬ​ការ​កកស្ទះ​ជាយថាហេតុ​។​

​-ត្រូវ​ជួសជុល​ឲ្យ​បាន​ទាន់​ពេល​វេលា​លើ​ការ​ប៉ះពាល់​ដល់​ខ្សែកាប្លិ៍​អុបទិក​ក្រោម​ដី​ ​ដែល​បណ្ដាល​មក​ពី​ការ​ស្ថាបនា​ឬ​ការ​ពង្រីក​ផ្លូវ​ជា​ដើម។

-​ត្រូវ​ផ្តត់ផ្គង់​សេវា​អ៊ឺនធើណិត​ស្រប​តាម​ស្ដង់ដា​បច្ចេកទេស​ ​(Sharing Factor) ​ទៅ​ឲ្យ​អ្នក​ប្រើប្រាស់​ដោយ​មិន​ត្រូវ​លើស​ចំណុះ​សមត្ថភាព​ដែល​ខ្លួន​មាន​(Capacity)

-ត្រូវ​បញ្ជាក់​ទំហំ​ទិន្នន័យ​និង​តម្លៃ​ឲ្យ​បាន​ច្បាស់លាស់​ក្នុង​ពេល​ផ្សាយ​ពាណិជ្ជកម្ម​ ​ដោយ​ឈរ​លើ​គោលការណ៍​សុចរិតភាព​និង​ស្មោះត្រង់

-មិន​ត្រូវ​ផ្គត់ផ្គង់​សេវា​អ៊ឺនធើណិត​ដែល​មាន​ល្បឿន​ទាប​ជាង​កញ្ចប់​សេវា​អ៊ឺនធើណិត​ដែល​ខ្លួន​បាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំឡុង​ពេល​លក់​ទៅ​កាន់​អ្នក​ប្រើប្រាស់។

​២.​សម្រាប់​ម្ចាស់​បុរី​និង​អគារ​ខ្ពស់​

-មិន​ត្រូវ​ចុះ​កិច្ច​សន្យា​ផ្តល់​សិទ្ធ​ផ្តាច់​មុខ​ដល់​ប្រតិបត្តិករ​(ក្រុមហ៊ុន​អ៊ឺនធើណិត) ​ដើម្បី​ផ្តល់​សេវា​ទូរសព្ទ​និង​សេវា​អ៊ឺនធើណិត​ក្នុង​ទីតាំង​បុរី​ ​ឬ​អគារ​ខ្ពស់​ ផ្ទុយ​ពី​គោលការណ៍​ប្រកួត​ប្រជែង​ស្មោះត្រង់​​ ស្មើភាព​និង​ស្រប​ច្បាប់​

​-ត្រូវ​រៀប​ចំទីតាំង​បម្រុង​ទុក​សម្រាប់​សាងសង់​ស្ថានីយ៍​អង់តែន​ក្នុង​បុរី​ ​ឬ​រៀប​ចំ​បង្គោល​ភ្លើង​មាន​លទ្ធភាព​បំពាក់​ឧបករណ៍​ផ្តល់​សេវា​ទូរគមនាគមន៍​។​

​-ត្រូវ​សហការ​ជាមួយ​​ប្រតិបត្តិករ​(ក្រុមហ៊ុន​អ៊ឺនធើណិត) ​ដើម្បី​បំពាក់​ប្រព័ន្ធ​ផ្តល់​សេវា​ក្នុង​អគារ​ (In-builing Solutions)

-​ត្រូវ​ចាត់​ទុក​ថា ​សេវា​ទូរគមនាគមន៍​គឺ​ជា​សេវា​ចាំ​បាច់​ដូច​គ្នា​នឹង​សេវា​អគ្គិសនី​និង​ទឹក​ដែរ។

​៣.សម្រាប់ប្រជាពលរដ្ឋ​

​-មិន​ត្រូវ​រារាំង​ការ​សាង​សង់​ស្ថានីយ៍​អង់តែន​លើ​ទីតាំង​របស់​កម្មសិទ្ធករ​ដទៃ​ ​ដោយ​យក​ហេតុផល​ប៉ះពាល់​សុខភាព​មក​សំអាង​នោះ​ទេ។​ ​ការ​រារាំង​នេះ​ជា​អំពើ​ល្មើស​ច្បាប់ ​មាន​ចែង​ក្នុង​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​

​-គួរ​ប្រើប្រាស់​ Smrtphone ​មាន​គុណភាព​ ​ស្ដង់ដារ​បច្ចេកទេស​ ​និង​ម៉ាក​សម្គាល់​ច្បាស់លាស់​ ​ដើម្បី​ធានា​ដល់​ការ​ តភ្ជាប់​សេវា​ងាយស្រួល​ ​និង​ពុំ​មាន​បញ្ហា​ឬ​ប្រឈម​នឹង​ហានិភ័យ​ដល់​សុខភាព​និង​អាយុជីវិត។​

-​គួរ​ពិនិត្យ​ល្បឿន​អ៊ឺនធើណិត​របស់​ខ្លួន​ឲ្យ​បាន​ទៀង​ទាត់​ ​ដើម្បី​ប្រាកដ​ថា​ ​ចំណុះ​ល្បឿន​នោះ​ពិត​ជា​ត្រឹមត្រូវ​ដូច​ទៅ​នឹង​កញ្ចប់​សេវា​ដែល​ខ្លួន​បាន​ជាវ​ពី​​ប្រតិបត្តិករ​(ក្រុមហ៊ុន​អ៊ឺនធើណិត)

​-ត្រូវ​បញ្ឈប់​ការ​ដំឡើង​និង​ការ​ប្រើប្រាស់​គ្រឿង​សម្ភារៈ​បរិក្ខារ​វិទ្យុ​គមនាគមន៍​​ទទួល​ ​ឬ​ផ្សាយ​បន្ត​និង​ឧបករណ៍​ពង្រឹក​សេវា​ដោយ​ខុស​ច្បាប់​

​-​អង្គការ​សុខភាព​ពិភព​លោក(WHO)​ក៏​បាន​បញ្ចាក់​យ៉ាង​ច្បាស់​ថា​ ​រលក​ប្រេកង់​វិទ្យុ​មិន​បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​សុខភាព​របស់​អ្នក​រស់​នៅ​ជុំ​វិញ​ទេ។ ​ការ​សាយភាយ​នៃ​​រលក​ប្រេកង់​វិទ្យុ​ពី​ស្ថានីយ​អង់តែន​ ​មិន​មែន​ជា​ការ​សាយភាយ​រលក​វិទ្យុ​សកម្ម​នោះ​ទេ។ ​គ្រប់​ប្រទេស​លើ​ពិភពលោក​ក៏​បាន​សាង​សង់​និង​ប្រើប្រាស់​ស្ថានីយ៍​អង់តែន​ ​ដើម្បី​ផ្តល់​សេវា​ទូរគមនាគមន៍​ដូច​ប្រទេស​កម្ពុជា ដែរ។​ ​ប្រសិន​បើ​គ្មាន​អង់តែន​ ​ក៏​មិន​អាច​មាន​សេវា​ទូរសព្ទ​ចល័ត​ដែរ ​ដូចនេះ​ប្រសិន​បើ​មាន​ផលប៉ះពាល់​ដល់​សុខភាព​ ​ប្រទេស​ទាំង​អស់​នឹង​ពុំ​មាន​អង់តែន​ទេ។​

​-ក្នុង​នាម​ជា​អ្នក​ប្រើប្រាស់​សេវាទូរគមនាគមន៍​ ​ត្រូវ​សហការ​និង​រាយការណ៍​ពី​បាតុភាព​នានា​ពាក់ព័ន្ធ​នឹង​គុណភាព​សេវា​ ​មាន​ដូច​ជា​ ​ភាព​មិន​គ្រប់គ្រាន់​នៃ​វិសាលភាព​គ្រប​ដណ្ដប់​(ដែន​សេវា​) ​នៅ​តាម​ទីតាំង​នានា​ ​ទៅ​កាន់​ភ្នាក់ងារ​បម្រើ​សេវា​អតិថិជន​របស់​ក្រុមហ៊ុន​អឺនធើណិត​ ​តាម​រយៈ​លេខ​ទូរសព្ទ​ដូច​មាន​ក្នុង​បញ្ជី​ជូន​ជាមួយ។ ​សម្រាប់​ព័ត៌មាន​បន្ថែម​អ្នក​ប្រើប្រាស់​សេវាទូរគមនាគមន៍​អាច​ទាក់​ទង​មក​និយ័តករ​ទូរគមនាគមន៍​កម្ពុជា​ ​តាម​រយៈ​លេខ​ ​១២៧២ ​នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ឥត​គិត​ថ្លៃ។​

​ចង់​ដឹង​ច្បាស់​បន្ថែម​សូម​អាន​សេចក្តី​ណែនាំ​ខាងក្រោម៖​

អត្ថបទ៖ រក្សា

មតិយោបល់