• 2021-03-24 06:10:53
  • ព័ត៌មាន

OnePlus 9 Pro អេក្រង់120Hz ថ្មី​បំផុត​សន្សំថ្មបាន ៥០% ពិសេស​​សាកថ្មឥតខ្សែ 50W

  • 2021-03-24 06:10:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី ២៣ ខែមិនាក្រុមហ៊ុន​ផលិត​ស្វាតហ្វូន​ OnePlus បាន​បញ្ចេញ​ស្មាតហ្វូន​ជំនាន់​ចុងក្រោយ​បង្អស់​របស់ខ្លួនចំនួន ៣ ម៉ូឌែលរួមមាន៖ OnePlus 9, 9 Pro និងម៉ូឌែល 9R មួយទៀតពេល​នេះ​មានលក់នៅតែប្រទេសឥណ្ឌាប៉ុណ្ណោះ។ ខាង​ក្រោម​នេះ Sabay នឹងលើក​យក​មក​បង្ហាញម៉ូឌែល​ OnePlus 9 Pro ជាស្មាតហ្វូនខ្លាំងជាងគេ។

ចំពោះ​ផ្នែកដ៏គួរឱ្យចាប់អារម្មណ៍ជាងគេនៃស្មាតហ្វូននេះគឺ កាមេររ៉ារបស់វាតែម្ដង។ ដោយវាបានសហការណ៍នឹងក្រុមហ៊ុនផលិតកាមេរ៉ាស៊ុយអ៊ែត Hasselblad ជួយឱ្យវិទ្យាសាស្ត្រក្នុងផលិតពណ៌រូបថតលើស្មាតហ្វូននេះកាត់កាន់តែប្រសើរថែមទៀត។

កាមេរ៉ាក្រោយរបស់របស់វាមានលែនចំនួន៤គ្រាប់ ដោយលែនដើមជាសែនស័រ IMX789 សហការណ៍ផលិតដោយ Sony មានទំហំ 48MP ហើយសែនស័រនេះក៏មានលទ្ធភាពផលិតរូបភាព 12-bit RAW images លើសពីនេះវាអាចផលិតវីដេអូដល់ទៅកម្រិត 8K 30fps និង 4K 120fps ថែមទៀតផង។

វាក៏ប្រើលែនទូលាយ wide-angle IMX766 ជាសែនស័ររបស់ Sony ដូចគ្នា មានទំហំ 50MP ដោយលែននេះ ក៏មានប្រព័ន្ធ autofocus អាចថតវត្ថុកៀក ចម្ងាយ 4cm បានយ៉ាងប្រសើរផងដែរ។ 9 Pro មិនប្រើលែន periscope នោះទេ ដោយជំនួសមកវិញលែន telephoto ផ្ដល់កម្រិត optical zoom បាន 3.3x ដែលមានទំហំ 8MP ក្រៅពីនេះវាក៏មានលែនទំហំ 2 MP មួយទៀតដែលជា depth សែនស័រថែមទៀតផង។

ក្រៅពីកាមេរ៉ា OnePlus 9 Pro ក៏ប្រើបន្ទះបង្ហាញថ្មី Fluid Display 2.0 ទំហំ ៦,៧អ៊ិញ ប្រភេទ LTPO ដោយក្រុមហ៊ុនសន្យាថាអាចសន្សំថាមពលដលទៅ ៥០% និងអាចទ្រទ្រង់ refresh rate បានដល់ទៅ 120Hz និងប្ដូរពី 1Hz ពេលអានអត្ថបទ ឬប្រើមុខងារ Always On Display ហើយវាក៏អាចសម្របទៅនឹងមាតិការផ្សេងទៀតបានផងដែរ ដូចជាវាអាចរត់ក្នុងល្បឿន 24Hz ពេលទស្សនាវីដេអូ ឬរត់ក្នុងកម្រិត 90Hz ពេលលេងហ្គេម Fortnite។

OnePlus 9 Pro ដំណើរការដោយបន្ទះឈីប Snapdragon 888 មាន RAM LPDDR5 8GB និង 12GB និងជម្រើសទំហំផ្ទុក 128GB និង 256GB ផងដែរ។ ស្មាតហ្វូននេះក៏អាចទ្រទ្រង់ការសាកដោយមិនប្រើខ្សែ ក្នុងល្បឿន 50W ដោយសាកថ្មមួយពេញចំណាយពេលត្រឹម ៤៣នាទី តែប៉ុណ្ណោះ ប៉ុន្ដែដុំសាកដោយគ្មានខ្សែគឺតម្រូវឱ្យទិញក្រៅ។ ចំណែកឯការសាកតាមខ្សែដោយមានក្នុងប្រអប់ស្រាប់វិញ Warp Charge 65T អាចបំពេញថ្មពី ១-១០០% ចំណាយពេលត្រឹមតែ ២៩នាទី ប៉ុណ្ណោះ។

ស្មាតហ្វូននេះព័ទ្ធដោយស៊ុមអាលុយមីញ៉ូមនៃកញ្ចក់មុខក្រោយ ដោយកញ្ចក់មុខការពារភាព​សឹក​ឆ្កូត​ដោយកញ្ចក់កោង Gorilla Glass និងថែមទាំងមានកម្រិតការពារទឹក​ស្តង់ដា IP68 ថែមទៀតផង។

OnePlus 9 Pro មាន ៣ ពណ៌សម្រាប់ឱ្យជ្រើសរើស គឺពណ៌បៃតង ពណ៌ខ្មៅ និងស។ ចំពោះតម្លៃដាក់លក់ OnePlus 9 Pro ទំហំ RAM 8GB មេម៉ូរី 128GB មានតម្លៃ ៩៧០ដុល្លារ និងជម្រើស RAM 12GB មេម៉ូរី 256GB មានតម្លៃ ១០៧០ដុល្លារ ដែលទាំងនេះជាតម្លៃនៅសហរដ្ឋអាមេរិច៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់