• 2021-03-04 02:44:10
  • ព័ត៌មាន

មកមើលវីដេអូបង្ហាញរូបរាងទាំងស្រុង Lexus NX ឆ្នាំ២០២២ ឃើញហើយកាន់តែលង់! (វីដេអូ)

  • 2021-03-04 02:44:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីលេចធ្លាយរូបជាច្រើនសន្លឹក ដែលបង្ហាញឲ្យឃើញពីរូបរាងនៃរថយន្ត Lexus NX ស៊េរីឆ្នាំ២០២២ ដែលជាជំនាន់ថ្មីនៃ SUV ប្រណីតរបស់ជប៉ុនមួយនេះរួចមក ឥឡូវនេះវីដេអូឃ្លីបថ្មីមួយខ្សែទៀត ត្រូវបានបង្ហោះលើបណ្តាញអ៊ីនធឺណិត បង្ហាញឲ្យឃើញរូបរាងទាំងស្រុង ពោលទាំងផ្នែកខាងក្រៅ និងខាងក្នុង នៃរថយន្តនេះតែម្តង។

គួររំលឹកឲ្យដឹងថា រូបភាពបែកធ្លាយទាំងនេះដំបូងឡើយត្រូវបានគេរកឃើញ នៅលើគេហទំព័រ ClubLexus.com ដែលជាការថតចេញពីវីដេអូខ្លីមួយ ដែលបង្ហាញឲ្យឃើញពីភាសាឌីហ្សាញថ្មី នៃ NX ឆ្នាំ២០២២ ក៏ដូចជាការឌីហ្សាញកាប៊ីនខាងក្នុងថ្មីផងដែរ។

ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានលម្អិតពាក់ព័ន្ធនឹង រថយន្ត NX ជំនាន់ថ្មីឡើយ ប៉ុន្តែរបាយការណ៍ពីមុនមកបង្ហាញថា Lexus នឹងប្រើគ្រោងឆ្អឹង Toyota’s Global Luxury Platform លើរថយន្តនេះ ដើម្បីធ្វើឲ្យវាកាន់តែប្រណីត។ គ្រោងឆ្អឹងថ្មីនេះដែរ ត្រូវគេរំពឹងថា គួបផ្សំជាមួយម៉ាស៊ីន Plug-in Hybrid ថ្មី ក៏ដូចជាប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាពថ្មីៗជាច្រើនទៀតផង។

តាមរយៈរូបថតទាំងនោះ រថយន្ត Lexus NX ជំនាន់ថ្មី ទទួលបានការឌីហ្សាញស្អាតជាងមុន ហើយក៏បានបំពាក់ប៉ាណាមុខ និងចង្កៀងមុខថ្មីផងដែរ។ មិនតែប៉ុណ្ណោះ វាក៏បានបំពាក់ចង្កៀងក្រោយថ្មី ដែលជារបា LED រត់កាត់ពេញមួយផ្នែកខាងក្រោយតែម្តង។ អ្វីដែលរឹតតែពិសេស ផ្នែកខាងក្នុងរបស់វាត្រូវបានបំពាក់កុងទ័រឌីជីថលពេញលេញ និងអេក្រង់កម្សាន្តធំជាងមុន ដែលមើលទៅកាត់តាមម៉ូដែល Toyota Mirai ប៉ុន្តែមានសភាពប្រណីតជាង។

គួរឲ្យដឹងថា ក្រុមហ៊ុន Lexus ត្រូវគេរំពឹងថា នឹងដាក់បង្ហាញរថយន្ត Lexus NX ឆ្នាំ២០២២ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង

មតិយោបល់