• 2021-01-20 02:25:17
  • ព័ត៌មាន

បែបនេះគឺធ្ងន់ធ្ងរហើយ! ទុកចោលមួយយប់សោះស្រកថ្មអស់ច្រើនបែបនេះ

  • 2021-01-20 02:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីខែធ្នូ Apple បាន​ប្រកាស​ចេញ AirPods Max ជា​កាស​ស្ដាប់​ក្ដោប​ត្រចៀក​​ឥត​ប្រើ​ខ្សែ ដែល​មក​ចូល​រួម​ជា​មួយ AirPods និង AirPods Pro។ ចាប់​តាំង​ពី​ប្រកាស​ចេញ​មក​ អ្នក​ប្រើប្រាស់ AirPods Max កាន់​តែ​ច្រើន​ឡើង​ៗ​បាន​ត្អូញត្អែរ​អំពី​បញ្ហា​ថ្ម​ស្រក​ចុះ​លឿន​ខុស​ប្រក្រតី។

ការ​ត្អូញត្អែរ​មាន​តាំង​ពី​ការ​ស៊ី​ថ្ម​ខុស​ធម្មតា​ពេល​កំពុង​ប្រើ​ប្រាស់ និង​ការ​ស្រក​ចុះ​ថ្ម​​ច្រើន​ពេល​ដែល​ទុក​ចោល​មិន​ប្រើ​ផង​ដែរ។ អ្នក​អាន​វិបសាយ MacRumors បាន​បក​ស្រាយ​ពី​បញ្ហា​ដែល​ខ្លួន​ជួប​ប្រទះ​ដូច​នេះ​ថា​ ៖

“បាន​ប្រើ​ប្រាស់ AirPods Max តាំង​ពី​ថ្ងៃ​ប្រកាស​ចេញ ហើយ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ខ្ញុំ​ជួប​ប្រទះ​នឹង​បញ្ហា​ស៊ី​ថ្ម​ខ្លាំង​។ ដូច​កាល​ពី​យប់​មិញ​ខ្ញុំ​ដក​កាស​ចេញ​ពី​ប្រអប់​ដោយ​មាន​សល់​ថ្ម ៨៥% ហើយ​ប្រើ​បាន​ ១៥នាទី រួច​ដាក់​វា​ចូល​ប្រអប់​វិញ។ ស្រាប់​តែ​ព្រឹក​នេះ​ខ្ញុំ​ទទួល​បាន Notification តាម​រយៈ iPhone ថា​កាស AirPods Max សល់​ថ្ម​តែ ៥% ប៉ុណ្ណោះ។...​​វា​ចម្លែក​ណាស់​​​ដែល​ AirPods Max នៅ​បើក​ទាំង​ដែល​វា​ស្ថិត​នៅ​ក្នុង​ប្រអប់។ មាន​នរណា​ជួប​បញ្ហា​ដូច​នេះ​ទេ?”

ការ​ត្អូញត្អែរ​ជា​ច្រើន​បាន​សន្និដ្ឋាន​ថា AirPods Max មិន​បាន​ដំណើរ​ការ​មុខងារ​សន្សំសំចៃ​ថាមពល​បាន​ប្រក្រតី​នោះ​ទេ ហើយ​ដោយ​សារ​តែ​គ្មាន​ប៊ូតុង​បិទ/បើក​វា នោះ​គឺ​គ្មាន​វិធី​បង្ខំ​ឲ្យ​វា​សន្សំសំចៃ​ថាមពល​នោះ​ទេ។

បើ​ក្នុង​ឯកសារ​របស់ Apple បាន​បញ្ជាក់​ថា AirPods Max ត្រូវ​បាន​ឌីហ្សាញ​ឲ្យ​អាច​ដំណើរ​ការ​មុខងារ​សន្សំសំចៃ​ថាមពល បន្ទាប់​ពី​វា​ត្រូវ​បាន​ទុក​ចោល​ ៥នាទី (មិន​មែន​ស្ថិត​នៅ​​ក្នុង​ប្រអប់)។ ប្រសិន​បើ​មិន​បាន​ប៉ះពាល់​ទេ​នោះ AirPods Max នឹង​ស្ថិត​ក្នុង​ស្ថានភាព​សន្សំសំចៃ​ថាមពល​រយៈ​ពេល​៣​ថ្ងៃ ហើយ​ក្រោយ​៣​ថ្ងៃ​វា​នឹង​​​ផ្លាស់​ប្ដូរ​ទៅ​កាន់​ សន្សំសំចៃ​ថាមពល​ខ្លាំង (Ultralow Power) ដែល​កាត់​ផ្ដាច់​មុខងារ Bluetooth និង Find My។

ដោយ​ឡែក​ពេល​ដែល​ដាក់​ចូល​ក្នុង​ប្រអប់​វា​នឹង​ដំណើរ​ការ​មុខងារ​សន្សំសំចៃ​ថាមពល​ភ្លាមៗ មិន​រង់ចាំ​ដល់ ៥នាទី​នោះ​ទេ ហើយ​បើ​ទុក​ក្នុង​ប្រអប់ ១៨ម៉ោង វា​នឹង​ដំណើរ​ការ​មុខងារ​សន្សំសំចៃ​ថាមពល​ខ្លាំង។​

នេះ​មាន​ន័យ​ថា​បញ្ហា​ស៊ី​ថ្ម​ខុស​ប្រក្រតី​នេះ​ទំនង​ជា​​ជាប់​ទាក់ទង​នឹង​ផ្នែក Software ដែល​ Apple អាច​ផ្ដល់​ដំណោះ​ស្រាយ​បាន​តាម​រយៈ​ការ​អាប់ដេត Software។ យ៉ាងណាក្ដី​មក​ទល់​ពេល​នេះ Apple មិន​ទាន់​បាន​បញ្ចេញ​ការ​អាប់ដេត​ ឬ​បាន​បក​ស្រាយ​អំពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់