• 2021-01-14 02:42:40
  • ព័ត៌មាន

Option កប់ៗបែបនេះ រឿងអីគេមិនបាក់ចិត្តស្រលាញ់នោះ

  • 2021-01-14 02:42:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford F-150 ជំនាន់ថ្មី ស៊េរីឆ្នាំ២០២១ បានចាប់ផ្តើមមានលក់កាលពីចុងឆ្នាំ២០២០ មក សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហើយវាទំនងនឹងក្លាយជារថយន្តភីកអាប់លក់ដាច់បំផុត ដូចជំនាន់មុនៗអីចឹងដែរ។

យ៉ាងណាមិញ សម្រាប់ស៊េរីថ្មីនេះ Ford បានផ្តល់ជម្រើសម៉ាស៊ីន Hybrid លើកំពូលភីកអាប់ F-150 របស់ខ្លួន ជាមួយនឹងលក្ខណៈពិសេសៗជាច្រើន ដែលធ្វើឲ្យអ្នកចូលចិត្តភីកអាប់ មិនបាក់ចិត្តស្រលាញ់មិនបាន។

១) ប្រព័ន្ធកម្សាន្ត Sync4

Sync4 ត្រូវបានបំពាក់លើអេក្រង់កម្សាន្តទំហំ ១២អ៊ីញ ជាប្រភេទ Touchscreen ហើយថែមទាំងអស់ភ្ជាប់ជាមួយមុខងារ Apple CarPlay, Android Auto និង Bluetooth បានទៀតផង។

២) កៅអីកាច់ផ្តេកបាន Max Recline Seats

កៅអីពិសេស Max Recline Seats នេះ អាចកាច់ផ្តេកទៅក្រោយបាន ១៨០ដឺក្រេ ហើយក៏នឹងមានកន្លែងទប់ខ្នងផ្នែកខាងក្រោម និងក ផងដែរ។

៣) កុងទ័រឌីជីថល

វាមានបំពាក់កុងទ័រឌីជីថលសុទ្ធ ដល់ទៅទំហំ ១២,៤អ៊ីញ ដែលមានការឌីហ្សាញប្លែក និងបង្ហាញព័ត៌មានច្រើន ប្រៀបបីដូចជារថយន្តមកពីថ្ងៃអនាគតអីចឹង។

៤) ប្រព័ន្ធ Power Boost Hybrid System

F-150 Hybrid ថ្មី ប្រើម៉ាស៊ីន Power Boost Hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ twin-turbocharged V6 និង ម៉ូទ័រអគ្គិសនីកម្លាំង ៣៥គីឡូវ៉ាត់មួយ បង្កើតកម្លាំងបានសរុប ៤៣០សេះ។ វាមានកម្រិតស៊ីសាំងត្រឹមតែ ៩លីត្រ/១០០គីឡូម៉ែត្រ សម្រាប់ប្រភេទប៉ុងមួយ និង ១០លីត្រសម្រាប់ប្រភេទប៉ុងពីរ។

៥) ចង្កឹះលេខបត់បាន

F-150 ថ្មី នឹងអនុញ្ញាតឲ្យអ្នកបើកបរបត់ចង្កឹះលេខ ឬអាចហៅថាលាក់ចង្កឹះលេខបាន ធ្វើឲ្យប្លុកត្រង់កន្លែងដាក់លេខរាបស្មើ ដើម្បីងាយស្រួលប្រើប្រាស់ក្នុងគោលបំណងផ្សេងទៀត។

៦) គ្រឿងបរិក្ខារកាន់តែប្រសើរ

នៅខាងក្នុងកាប៊ីនរបស់ F-150 ឆ្នាំ២០២១ មានប្រើប្រាស់គ្រឿងបរិក្ខារដែលមានគុណភាពខ្ពស់ជាងជំនាន់មុន ដូចជា ពូកស្បែក, ថ្នេរស្បែក និងមានការតុបតែងឈើជាដើម។

៧) កន្លែងដាក់អីវ៉ាន់ក្រោមកៅអី

ថ្វីបើវាមិនមែនជាអ្វីដែលថ្មីសម្រាប់ F-150 ប៉ុន្តែវាជាគំនិតដ៏វៃឆ្លាតមួយ សម្រាប់កន្លែងដាក់អីវ៉ាន់នៅក្រោមកៅអីអង្គុយផ្នែកខាងក្រោយ។

៨) ជណ្តើរលើគ្រែដឹកខាងក្រោយ

F-150 ក៏ផ្តល់នូវជណ្តើរសម្រាប់ឡើងលើគ្រែដឹកខាងក្រោយរបស់ខ្លួនដែរ ដើម្បីជាភាពងាយស្រួលមួយដល់អ្នកប្រើប្រាស់។ មិនតែប៉ុណ្ណោះ វាក៏អាចដើរតួជាបន្ទាត់សម្រាប់វាស់វែង ហើយក៏មានកន្លែងសម្រាប់ញាត់ប៊ិច និងខ្មៅដៃ ដែលផ្តល់ភាពងាយស្រួលសម្រាប់ការងារមួយចំនួនពាក់ព័ន្ធនឹងឧបករណ៍ទាំងនេះ៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់