• 2021-01-11 04:47:39
  • ព័ត៌មាន

ដឹងអត់ Apple ចំណេញប៉ុន្មាន ពេលដកដុំសាកថ្មនិងកាសស្ដាប់ចេញពីប្រអប់?

  • 2021-01-11 04:47:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បានចំណេញពីការវេចខ្ចប់បែបថ្មីរបស់ខ្លួនចំនួន ៤,២ ដុល្លារ ក្នុងការលក់ iPhone 12 មួយគ្រឿង ដែលមានដកដុំសាកថ្ម និងកាសស្ដាប់ចេញ ទុកត្រឹមតែខ្សែសាកប៉ុណ្ណោះ។ នេះបើយោងទៅតាមរបាយការណ៍របស់ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research។

បើតាមអ្នកវិភាគ Ming-chi Kuo ធ្លាប់បានព្យាករណ៍ពីមុនមកថា ម៉ូឌែល iPhone 12 អាចលក់បានដល់ទៅ ៦៣ លានគ្រឿងនៅ ឆ្នាំ២០២០។ ដូច្នេះផ្អែកលើទិន្នន័យនេះ Apple អាចសន្សំប្រាក់បានជាង ២៦៤ លានដុល្លារនៅក្នុងឆ្នាំ ២០២០ ពីការវេចខ្ចប់នេះ។

ការប្រៀបធៀបរវាងតម្លៃផលិត iPhone 11 និង iPhone 12 ដែលពណ៌ក្រហមមានន័យថាអស់ច្រើនជាងមុន និងពណ៌ប្រផេះមានន័យថាអស់តិចជាងមុន

បើតាមទិន្នន័យពី Counterpoint Research វិញបង្ហាញថាថ្លៃដើមនៃការផលិតរបស់ iPhone 12 មានតម្លៃ ៤៣១ ដុល្លារ ខណៈថ្លៃផលិត iPhone 11 អស់ត្រឹម ៣៥៩ ដុល្លារ ចំពោះទំហំផ្ទុក 128 GB ដូចគ្នា។ មូលហេតុដែលធ្វើឱ្យថ្លៃដើមផលិត ខុសត្រូវគ្នាដល់ទៅ ៧២,៥ ដុល្លារ ក៏ព្រោះតែ iPhone 12 ប្រើប្រាស់សារធាតុមានតម្លៃជាងនៅលើ iPhone 11 ដូចជា បន្ទះបង្ហាញ OLED, ឈីប 5G និងខ្សែអង់តែង RF រី​ឯ​គ្រឿង​បង្គំដែលធូរថ្លៃវិញនោះគឺមាន RAM, អង្គផ្ទុកទិន្នន័យ (ROM), ថ្មទូរសព្ទ, ប្រព័ន្ធកាមេរ៉ា និង Face ID ជាដើម។

ទាំងនេះជាហេតុផលធ្វើឱ្យ iPhone 12 មានតម្លៃថ្លៃ តែយ៉ាងណានៅតែមានមតិជាច្រើនថាក្រុមហ៊ុននេះ នៅតែព្យាយាមយកចំណេញច្រើនហួស ត្បិត iPhone 11 ដាក់លក់ដំបូងត្រឹម ៦៩៩ ដុល្លារ ប៉ុន្តែ iPhone ១២ វិញគឺដាក់លក់ដំបូងតម្លៃដល់ទៅ ៧៩៩ ដុល្លារ មិនមានឆ្នាំងសាក និងកាសស្ដាប់មកជាមួយថែមទៀតផង៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ កុសល

មតិយោបល់