• 2021-01-05 02:15:19
  • ព័ត៌មាន

ហេតុផលដែល Facebook ដឹងចិត្តអ្នកប្រើ រឿងពាណិជ្ជកម្មដែលត្រូវបង្ហាញឲ្យឃើញ

  • 2021-01-05 02:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម Facebook ជាទីកន្លែងដ៏ធំបំផុតមួយ ផ្ទុកដោយមនុស្សជាច្រើនទូទាំងពិភពលោក និងបើកឱ្យប្រើបា្រស់ដោយសេរីឥតគិតថ្លៃ។ មិនគិតថ្លៃក៏ពិតមែន ប៉ុន្ដែទិន្នន័យរបស់អ្នកប្រើប្រាស់គ្រប់រូប គឺជាអ្វីដែលពួកគេចង់បាន និងយកទៅច្នៃបន្តក្លាយជាលុយពាន់លានដុល្លារ តាមការផ្សព្វផ្សាយពាណិជ្ជកម្មដ៏ច្រើនសន្ធឹកសន្ធាប់របស់ពួកគេ។

ទិន្នន័យរបស់អ្នកប្រើប្រាស់មានអ្វីខ្លះ និងមានប្រយោជន៍អ្វីខ្លះ ទើប Facebook បង្កើតលុយពីវាបានច្រើនបែបនេះ? អ្នកប្រើបណ្ដាញសង្គមមួយនេះ ត្រូវមានគណនីផ្ទាល់ខ្លួនដើម្បីប្រើប្រាស់បាន ហើយសកម្មភាពរបស់ពួកគេរាល់ថ្ងៃនោះហើយ គឺជាទិន្នន័យដែល Facebook ចង់បាន រួមមានដូចជា៖ ការចុចប៊ូតុង Like, ​ក្រុម (Group) ដែលពួកគេចូលរួម, ទំនាក់ទំនង (Relationship Status), មុខរបរ ឬសាលារៀនអ្នកធ្លាប់បានរៀន និង​ផ្ទាំងពាណិជ្ជកម្មដែល​​ពួក​គេ​ឧស្សាហ៍ចុចជាដើម។

ប្រភពទិន្នន័យទាំងនេះហើយ ធ្វើឱ្យ Facebook ស្គាល់ និងដឹងពីចំណង់ចំណូលចិត្តអ្នក​ប្រើប្រាស់​កាន់តែច្បាស់ បន្ទាប់មក Facebook នឹង​បង្ហាញ​ផ្ទាំងពាណិជ្ជកម្មផ្សេងៗឲ្យត្រូវតាមចំណូលចិត្តអ្នកប្រើប្រាស់​ដើម្បី​ឲ្យ​ការ​ផ្សព្វផ្សាយ​មាន​ប្រសិទ្ធភាព​ខ្ពស់។

ដើម្បីដឹងថា Facebook បានសិក្សាពីចំណង់ចំណូលអ្វីខ្លះ និងតាមរបៀបណាពីអ្នក អាចចូលទៅកាន់មុខងារតាម Facebook > Setting > Ads > Ad Preferences ឬចូលតាមតំណរលីង៖ https://www.facebook.com/adpreferences/ad_settings។

​ប៉ុន្ដែទិន្នន័យទាំងនេះហាក់មិនទាន់គ្រប់គ្រាន់នោះទេ ដើម្បីឱ្យផ្ទាំងពាណិជកម្មបង្ហាញត្រូវនឹងចិត្តរបស់អ្នក​ប្រើ​បំផុត គឺពួកគេត្រូវដឹងបន្ថែមទៀត។ ដូចជា រាល់ថ្ងៃតើអ្នកចូលចិត្តប្រើកម្មវិធីមួយណា ឧស្សាហ៍ទិញអ្វីលើគេហទំព័រ ស្វែងរកអ្វីខ្លះ​ជា​ប្រចាំ តែងប្រើសេវាកម្មណាមួយឬអត់ក្នុងស្មាតហ្វូនរបស់​អ្នក​។

អ្នកអាចកត់សម្គាល់ឃើញថា បើប៉ុន្មានថ្ងៃនេះ អ្នកតែងស្វែងរកពីដំណើរកម្សាន្តទៅក្រៅប្រទេសតាមកម្មវិធីដទៃ នោះអ្នកអាចនឹងទទួលផ្ទាំងពាណិជ្ជកម្មពី Facebook អំពីជើងហោះហើរទៅក្រៅប្រទេស ឬកម្មវិធីបញ្ចុះតម្លៃដើរលេងក្រៅប្រទេសអ៊ីចឹងទៅ។

ថ្វីត្បិតថាជាចំណុចល្អ ធ្វើឱ្យអតិថិជនទទួលការផ្សាយពាណិជ្ជកម្មតាមដែលពួកគេចង់បាន តាមការចូលចិត្ត និងចំគោលដៅ ប៉ុន្ដែជាចំណុចរសើបមួយ គឺ Facebook បានតាមដានទិន្នន័យរបស់អ្នកប្រើប្រាស់ហួសពីព្រំដែនរបស់ខ្លួន បើទោះបីជាអ្នកកំពុងបើកកម្មវិធីអ្វីផ្សេង ធ្វើអ្វីនោះ ក៏ក្រុមហ៊ុនមួយនេះបានដឹងផងដែរ។

​ដោយ​រង​ការ​រិះគន់​ច្រើន​នោះ​ Facebook ក៏បន្ថែមមុខងារថ្មីមួយ​ មានឈ្មោះថា Off-Facebook Activity ដើម្បី​​ឲ្យ​អ្នក​ប្រើ​ប្រាស់​មាន​សិទ្ធ​កាត់​ផ្ដាច់​ការ​តាមដានទិន្នន័យ​ហួស​ព្រំដែន​នេះ។ ​អ្នកអាចកំណត់បិទមុខងារ Off-Facebook Activity មិនឱ្យមានការតាមដានទិន្នន័យរបស់អ្នកក្រៅពីកម្មវិធី Facebook បាន ដោយចូលទៅកាន់៖ Setting > Off-Facebook Activity > Turn Off future activity > Manage Future Activity ត្រង់ចំណុច Future Off-Facebook Activity ទាញប៊ូតុងបិទជាការស្រេច។

ប៉ុន្ដែនៅពេលអ្នកបិទមុខងារនេះ អ្នកក៏ត្រូវដឹងមុនថា ផ្ទាំងផ្សាយពាណិជ្ជកម្មរបស់ Facebook នាពេលខាងមុខ នឹងមិនដឹងច្បាស់ពីចំណង់ចំណូលចិត្តរបស់អ្នកដូចមុនទៀតនោះទេ៕

ប្រភព៖ Wired ប្រែ​សម្រួល៖ កុសល

មតិយោបល់