• 2020-12-28 07:48:51
  • ព័ត៌មាន

កំពូលទូរសព្ទទាំង ៥សាកថ្មលឿនដាច់គេ លេខ១ប្រើពេលតែ ២១នាទីសាកពេញ

  • 2020-12-28 07:48:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​សាក​ថ្ម​​លើ​ស្មាតហ្វូន​ទទួល​បាន​ការ​អភិវឌ្ឍន៍​កាន់​តែ​ខ្លាំង​ក្នុង​ឆ្នាំ ២០២០ នេះ ដោយ​មាន​ស្មាតហ្វូន​​ភាគ​ច្រើន​មាន​បច្ចេកវិទ្យា​សាក​ថ្ម​ដល់ 65W និង​ស្មាតហ្វូន​ខ្លះ​​កម្លាំង​សាក​​ដល់ 120W ក៏​មាន។ ៥​ម៉ូដែល​ខាង​ក្រោម​នេះ​ជា​ស្មាតហ្វូន​ដែល​សាក​ថ្ម​លឿន​ជាង​គេ​បំផុត ៖

១. Xiaomi Mi 10 Ultra ៖ ២១នាទី

Mi 10 Ultra ដែល​ប្រើ​​បច្ចេកវិទ្យា​សាក​ថ្ម 120W ប្រើ​ពេល​ត្រឹម ៥​នាទី អាច​សាក​ថ្ម​បាន​ពី ០% ដល់ ៤១% ហើយ​ចំណាយ​ពេល ២១នាទី ដើម្បី​សាក​បំពេញ​ពី ០% ឡើង​ដល់ ១០០% ​ចំពោះ​​ថ្ម​ទំហំ ៤៥០០mAh របស់​វា។ បន្ថែម​ពី​នេះ​វា​ក៏​មាន​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​​កម្លាំង 50W អាច​សាក​ត្រឹម ៤០​នាទី និង​បច្ចេកវិទ្យា​ Wireless Reverse Charging កម្លាំង 10W។

​២. realme X50 Pro ៖ ៣៣នាទី

X50 Pro របស់ realme មាន​បច្ចេកវិទ្យា​សាក SuperDart ដែល​មាន​កម្លាំង 65W ឯណោះ។ ការ​ធ្វើ​តេស្ត​បង្ហាញ​ថា X50 Pro ប្រើ​ពេល​ត្រឹម ៣៣នាទី អាច​សាក​ថ្ម​ទំហំ ៤២០០mAh របស់​វា​បាន​ពី ០% ដល់ ១០០% ដែល​លឿន​ជាង​ការ​ប្រកាស​របស់ realme (៣៥នាទី)។ យ៉ាងណាក្ដី​វា​មិន​មាន​គាំទ្រ​ការ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​ទេ។

៣. OPPO Find X2 Pro ៖ ៤៣នាទី

OPPO Find X2 Pro ដែល​មាន​ទំហំ​ថ្ម​ ៤២៦០mAh អាច​សាក​ថ្ម​ពី ០% ដល់ ១០០% ដោយ​ប្រើ​ពេល​ ៤៣នាទី ដោយ​សារ​វា​មាន​បច្ចេកវិទ្យា​សាក​ថ្ម​ Super VOOC 2.0 កម្លាំង 65W។ OPPO បាន​អះអាង​ថា​វា​ប្រើ​ពេល​ត្រឹម ៣៨នាទី​ដើម្បី​សាក​ពេញ ប៉ុន្តែ​ការ​ធ្វើ​តេស្ត​របស់ Android Authority បង្ហាញ​ថា​វា​ត្រូវ​ការ​ពេល ៥នាទី​បន្ថែម​ទៀត។

៤. Xiaomi Mi 10 Pro ៖ ៤៦នាទី

Mi 10 Pro ប្រើ​បច្ចេកវិទ្យា​សាក​​កម្លាំង 50W ដែល​អាច​សាក​ថ្ម​ទំហំ​ ៤៥០០mAh បាន​ដល់ ១០០% ដោយ​ប្រើ​ពេល​ត្រឹម ៤៦នាទី បើ​តាម​ការ​ធ្វើ​តេស្ត​របស់ Android Authority។ ​រយៈពេល​សាក​នេះ​គឺ​លឿន​ជាង​ការ​ប្រកាស​ Xiaomi ដែល​ថា​ការ​សាក​ពី ០% ដល់ ៥០% ប្រើ​ពេល ១៥នាទី និង​ការ​សាក​ពី ០% ដល់ ៨៣% ប្រើ​ពេល ៤៥នាទី។

៥. Huawei Mate 40 Pro ៖ ៤៩នាទី

ការ​សាក​ល្បង​ជាក់​ស្ដែង​បង្ហាញ​ថា​ថ្ម ៤៤០០mAh របស់ Huawei Mate 40 Pro ប្រើ​ពេល​ត្រឹម​ ៤៩នាទី​អាច​សាក​បាន​ពេញ ដោយ​សារ​វា​ប្រើ​បច្ចេកវិទ្យា​សាក​កម្លាំង 66W។ ក្រៅ​ពី​នេះ​ហើយ​ Mate 40 Pro ក៏​មាន​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​កម្លាំង 50W និង Wireless Reverse Charging កម្លាំង 5W ផង​ដែរ​៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់