• 2020-12-23 09:19:08
  • ចំណេះដឹង

៦របៀបដែល Hacker លួចយកគណនីរបស់អ្នកប្រើប្រាស់

  • 2020-12-23 09:19:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ Hack លួចយកគណនីរបស់អ្នកប្រើប្រាស់ ជាការគំរាមគំហែងកម្រិតខ្ពស់មួយ មិនថាចំពោះស្ថាប័ន ឬមនុស្សទូទៅនោះទេ ត្បិតអី Hacker ទាំងនោះអាចលួចយកអត្តសញ្ញាណរបស់អ្នក ឯកសារសំខាន់ៗ លេខកូដសម្ងាត់ លួចយកលុយ ឬការបញ្ចូលមេរោគទៅឧបករណ៍អេឡិចត្រូនិចផ្សេងៗក្នុងគោលបំណងជាច្រើនតាមការចង់បានរបស់ពួកគេ។

ដើម្បីគេចផុតពី Hacker ចង់បន្លំឬលួចយកគណនីរបស់អ្នក យើងនឹងបង្ហាញពីរបៀបដែលពួកគេធ្វើ និងវិធីការពារខ្លួនមួយចំនួនដូចជា៖

១. Phishing: Mass-market emails

ជាទម្រង់ទូទៅ Hacker ស្ទូចយកគណនីអ្នកប្រើប្រាស់។ ដំបូងពួកគេផ្ញើអ៊ីមែលទៅអ្នក អ៊ីមែលទាំងនោះដូចជាក្រុមហ៊ុនផ្លូវការណាមួយ ដើម្បីឱ្យអ្នកទុកចិត្ត ហើយអាចមានការបញ្ឆោតណាមួយឱ្យអ្នកចុចតំណលីង ឬlog inចូលទៅគេហទំព័រផ្សេងទៀត និងទាញយកមេរោគដែលពួកគេបានភ្ជាប់មកដោយមិនដឹងខ្លួន។

២. Spear phishing

ជាការវាយប្រហារមានគោលដៅច្បាស់លាស់ ហើយវិធីនេះទទួលបានជោគជ័យច្រើន ត្បិត Hacker សំងំសិក្សាពីស្ថាប័ន ឬអង្គភាពនោះ ដោយមានទិន្នន័យគ្រប់គ្រាន់។ បន្ទាប់មកពួកគេបង្កើតអ៊ីមែលផ្ញើទៅក្នុងបំណងបន្លំអ្នកប្រើប្រាស់នៅទីនោះ។ ពួកគេច្រើនតែជាមនុស្សរបស់រដ្ឋណាមួយ ដើម្បីលួចការសម្ងាត់ផ្សេងៗ។

៣. Whaling

ជាការវាយប្រហារទៅលើមនុស្សកំពូលៗនៅស្ថាប័នណាមួយ។ ជនរងគ្រោះត្រូវបានគេចាត់ទុកថាមានតម្លៃខ្ពស់ ហើយព័ត៌មានរបស់ពួកគេដែលលួចបាន ក៏នឹងមានតម្លៃខ្ពស់ដូចគ្នា រួមទាំងទិន្នន័យផ្ទាល់ខ្លួន ឬសាច់ប្រាក់នៅក្នុងគណនីជាដើម។

ការវាយប្រហារបែបនេះ គេច្រើនប្រើមនុស្សពិតដើម្បីប្រមូលព័ត៌មានពីជនរងគ្រោះ និងក្រុមហ៊ុនរបស់ពួកគេ មុនពេលការរៀបចំអ៊ីមែលបន្លំដែលនឹងត្រូវប្រើក្នុងការវាយប្រហារ។

៤. Clone phishing

Hacker នឹងផ្ញើអ៊ីមែលមានអាសយដ្ឋានស្រដៀងៗក្រុមហ៊ុន ឬស្ថាប័នណាមួយ និងបង្កើតទម្រង់អ៊ីមែលប្រហាក់ប្រហែលក្រុមហ៊ុនទាំងនោះធ្លាប់ប្រើ ធ្វើឱ្យបុគ្គលិក ឬអតិថិជនរបស់ពួកគេមានការ​ភ័ន្តច្រឡំ​ចុច ឬទាញយកមេរោគរបស់ Hacker។

៥. Vishing

ជាការលួចបន្លំតាមសំឡេង ដោយ Hacker បន្លំជាជនគួរឱ្យទុកចិត្តនៅស្ថាប័នណាមួយ ដោយហៅមកអ្នកដើម្បីដោះស្រាយបញ្ហាអ្វីមួយ និងទាមទារគណនីលេខសម្ងាត់ ឬកូច PIN បំណងលួចយកគណនីរបស់អ្នកប្រើប្រាស់។

៦. Smishing

ជាការលួចយកគណនីតាមរយៈសារលើទូរសព្ទដៃ ដោយ Hacker ផ្ញើសារបញ្ឆោតឱ្យអ្នកជឿថាពួកគេជាបុគ្គលទុកចិត្តនៅស្ថាប័នណាមួយ ក្នុងបំណងចង់ឱ្យអ្នក log in ចូលទៅប្រើប្រាស់គេហទំព័រណាមួយ ដើម្បីលួចយកគណនីរបស់អ្នក។ Hacker ជ្រើសរើសវិធីផ្ញើសារនេះ ពីព្រោះមនុស្សងាយអាន និងឆ្លើយតបសារច្រើនជាងអ៊ីមែល តាមការស្រាវគឺមាន អត្រាអ្នកអានសារ ៩៨% ហើយ ៤៥% ទៀតឆ្លើយតបទៅសារលើទូរសព្ទដៃ។

ទាំងនេះគ្រាន់តែជាបច្ចេកទេសមួយចំនួនដែល Hacker ឧស្សាហ៍ប្រើ ហើយដើម្បីគេចផុតពីអន្ទាក់របស់ពួកគេ អ្នកគប្បីជៀសវាងចំណុចមួយចំនួនដូចជា៖

  • កុំចុចលើតំណងលីងក្នុងអ៊ីមែលមានប្រភពមិនច្បាស់លាស់

  • កុំបំពេញព័ត៌មានផ្ទាល់ខ្លួន ឬកាតធនាគារលើគេហទំព័រដែលអ្នកស្គាល់មិនច្បាស់

  • មិនត្រូវបង្ហាញព័ត៌មានផ្ទាល់ខ្លួននៅទីសាធារណៈ ឬបណ្ដាញសង្គមនោះទេ

  • ប្រុងប្រយ័ត្ន ពេលឆ្លើយឆ្លងតាមទូរសព្ទជាមួយបុគ្គលព្យាយាមសុំគណនី ឬលេខសម្ងាត់ណាមួយរបស់អ្នក

  • មិនត្រូវប្រើប្រាស់កម្មវិធីមិនមានច្បាប់អនុញ្ញាត (cracked license)

  • ប្រើប្រាស់កម្មវិធីចាប់មេរោគទាំងលើស្មាតហ្វូន និងទូរសព្ទ៕

ប្រភព៖ csoonline ប្រែ​សម្រួល៖ កុសល

មតិយោបល់