• 2020-12-21 08:20:09
  • ព័ត៌មាន

EFF សើចចំអកដាក់ ហ្វេសប៊ុក ដែលមិនពេញចិត្តជាមួយមុខងារក្រើនរំឭកថ្មី

  • 2020-12-21 08:20:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីដើមសប្តាហ៍មុន ក្រុមហ៊ុន ហ្វេសប៊ុក បានធ្វើការផ្សព្វផ្សាយរិះគន់ ក្រុមហ៊ុន Apple ខ្លាំងៗ ដោយចោទប្រកាន់ថាបានទាមទារឱ្យអ្នកអភិវឌ្ឍកម្មវិធីបន្ថែមមុខងារក្រើនរំឭក (prompt) ទាក់ទងនឹងការទាញយកទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់នោះថា មិនមែនដើម្បីសម្រាប់ការពារទិន្នន័យឯកជនភាពទេ ផ្ទុយទៅវិញគឺវាដើម្បីឱ្យក្រុមហ៊ុន Apple ទាញយកផលចំណេញតែប៉ុណ្ណោះ។

ទាក់ទងនឹងការចោទប្រកាន់នេះ អង្គការដែលមិនរកផលចំណេញ EFF (Electronic Frontier Foundation) បានបញ្ចេញមតិថា ការចោទប្រកាន់របស់ក្រុមហ៊ុនហ្វេសប៊ុកគឺជារឿងគួរឱ្យអស់សំណើចទៅវិញ។ ក្រុមហ៊ុនហ្វេសប៊ុកបានអះអាងថាមុខងារថ្មីនេះនឹងធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើពាណិជ្ជកម្មធុនតូច ប៉ុន្តែអង្គការ EFF គិតថា “ការប៉ះពាល់នោះគឺក្រុមហ៊ុនហ្វេសប៊ុកតែម្ដងដែលប្រឈមនឹងការខាតបង់ ដោយសារតែអ្នកប្រើប្រាស់បានយល់ដឹងអំពីការលក់ទិន្នន័យ និងឥទ្ធិពលរបស់ហ្វេសប៊ុកដែលបានតាមដានគ្រប់អ្វីៗទាំងអស់”។

បើតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Computer and Communications Industry Association (CCIA) ដែលអង្គការ EFF យកមកបង្ហាញបញ្ជាក់ឱ្យឃើញថា ប្រាក់ចំណេញភាគច្រើនដែលបានមកពីការទាញយកទិន្នន័យនិងផ្សព្វផ្សាយពាណិជ្ជកម្មនោះ គឺមិនបានទៅដល់ដៃអ្នកអភិវឌ្ឍកម្មវិធីតូចតាចនោះទេ ប៉ុន្តែវាគឺជាផលចំណេញសម្រាប់ក្រុមហ៊ុនធំៗដូចជា Facebook, Google និងក្រុមហ៊ុនធំៗមួយចំនួនទៀតដែលមិនបានបញ្ចេញឈ្មោះ។

ជាចុងក្រោយអង្គការ EFF បានកោតសរសើរក្រុមហ៊ុនដែលបានបន្ថែមមុខងារថ្មីនេះ ហើយបានចាត់ទុកថានេះគឺជាជំហានដ៏ល្អមួយសម្រាប់ទៅថ្ងៃអនាគត។ គួររំឭកផងដែរថា កាលពីដើមសប្តាហ៍មុនក្រុមហ៊ុន Mozilla ដែលជាក្រុមហ៊ុនមិនរកផលចំណេញមួយទៀតនោះ បានចេញសេចក្ដីរាយការណ៍គាំទ្រក្រុមហ៊ុន Apple ដែលបានបន្ថែមមុខងារនេះ ព្រោះការទាញយកទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្នគឺវាមានច្រើនលើសលប់៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់