• 2020-12-15 07:51:22
  • ព័ត៌មាន

ទីបំផុតជប៉ុនបើកហឹបដាក់សំណាកអាចម៍ផ្កាយ ជាលើកដំបូង

  • 2020-12-15 07:51:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំណាក​អាចម៍​ផ្កាយ​​ដែល​យាន​អវកាស​ជប៉ុន​​​ឈ្មោះ​ Hayabusa2 បាន​ជីក​យក​ពី​អាចម៍​ផ្កាយ​ឈ្មោះ Ryugu ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៣០០​លាន​គីឡូម៉ែត្រ​ពី​ភព​ផែន​ដី ត្រូវ​បាន​​ភ្នាក់ងារ​អវកាស​ជប៉ុន JAXA បើក​​ជា​លើក​ដំបូង​។

​យាន​អវកាស​ Hayabusa2 ជា​យាន​ដេញ​តាម​អាចម៍​ផ្កាយ​មួយ ដែល​បាន​ចំណាយ​ពេល​ ១៦​ខែ ​ធ្វើ​ដំណើរ​គោចរ​ជុំវិញ​អាចម៍​ផ្កាយ Ryugu នៅ​ចន្លោះ​ឆ្នាំ ២០១៨ និង​ឆ្នាំ ២០១៩។ នា​ចន្លោះ​ពេល​នេះ​យាន​ Hayabusa2 បាន​ធ្វើ​ការ​​បន្ទាប​ខ្លួន​លើ​ផ្ទៃ​អាចម៍​ផ្កាយ​ចំនួន​ពីរ​ដង​ ដើម្បី​ប្រមូល​យក​ថ្ម និង​កម្ទេច​​ពី​អាចម៍​ផ្កាយ​ និង​រក្សា​ទុក​វា​ក្នុង​ហឹប​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ Tamatebako ដែល​មាន​ន័យ​ថា​ហឹប​កំណប់។

ក្រោយ​មក​យាន​ Hayabusa2 បាន​ដឹក​ជញ្ជូន​ហឹប​កំណប់​មក​កាន់​ផែនដី​វិញ​នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ដោយ​បាន​ចុះ​ចត​នៅ​ប្រទេស​អូស្ត្រាលី។ ​អ្នក​វិទ្យាសាស្ត្រ​របស់​ JAXA បាន​ស្វែង​រក​ទីតាំង​នៃ​ហឹប និង​ដឹក​ជញ្ជូន​វា​ទៅ​កាន់​មន្ទីរ​ពិសោធន៍​មួយ​កន្លែង​ ដើម្បី​​​ស្វែង​រក​ដាន​​នៃ​ឧស្ម័ន​ក្នុង​ហឹប។ ការ​ពិនិត្យ​មើល​លើក​ដំបូង​ឃើញ​ថា​ក្នុង​ហឹប​មាន​សំណាកនៃឧស្ម័ន​មែន ប៉ុន្តែ​គេ​មិន​ច្បាស់​ថា​វា​ជា​ឧស្ម័ន​មក​ពី​អាចម៍​ផ្កាយ​ Ryugu ឬ​ឧស្ម័ន​របស់​ផែនដី​នោះ​ទេ។

នៅ​ថ្ងៃ​ចន្ទ​នេះ​ភ្នាក់ងារ JAXA បាន​បង្ហាញ​ថា​ឧស្ម័ន​ក្នុង​ហឹប​គឺ​ជា​ឧស្ម័ន​មក​ពី Ryugu ដោយ​បញ្ជាក់​ថា​វា​មាន​ប្រភព​ចេញ​ពី​លំហ​អាកាស​ខាង​ក្រៅ។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​គេ​អាច​ប្រមូល​បាន​សំណាក​ឧស្ម័ន​ពី​លំហ​អាកាស​ជ្រៅ។

មិន​ទាន់​អស់​នោះ​ទេ ភ្នាក់ងារ JAXA ក៏​បាន​​បង្ហាញ​នូវ​ភ័ស្ដុតាង​ច្បាស់ៗ​ថា​យាន​ Hayabusa2 ​ពិត​ជា​ជីក​បាន​​សំណាក​​អាចម៍​ផ្កាយ​ពិតៗ​ពី​អាចម៍​ផ្កាយ​ Ryugu។ អ្នក​វិទ្យាសាស្ត្រ​ JAXA ​​​ម្នាក់​បាន​បង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល​ពេល​បើក​ហឹប​ទៅ​ឃើញ​ថា​ទទួល​បាន​សំណាក​ដែល​មាន​បរិមាណ​ច្រើន​ខុស​ពី​ការ​រំពឹង​ទុក។

អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​បាន​បង្ហាញ​ការ​ជឿជាក់​ថា​អាចម៍​ផ្កាយ​បាន​កកើត​ឡើង​នៅ​ពេល​ដែល​ប្រព័ន្ធ​ព្រះ​អាទិត្យ​ទើប​កកើត​ឡើង​ដំបូង ហើយ​សំណាក​នៃ​អាចម៍​ផ្កាយ​ប្រហែល​ជា​មាន​ផ្ទុក​នូវ​វត្ថុធាតុ​ដែល​អាច​ឲ្យ​គេ​ដឹង​កាន់​តែ​ច្បាស់​អំពី​ការ​ចាប់​កំណើត​​របស់​ជីវិត​លើ​ភព​ផែនដី៕​​​​​​​

ប្រភព៖ Reuters | Cnet ប្រែ​សម្រួល៖ សុខហេង

មតិយោបល់