- 2020-11-24 01:59:10
- ព័ត៌មាន
Huawei នៅតែប្រកាសចេញ P50 តាមផែនការ ហើយអាចបំពាក់ឈីប Kirin 9000
- 2020-11-24 01:59:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei នៅតែប្រកាសចេញ P50 តាមផែនការ ហើយអាចបំពាក់ឈីប Kirin 9000
ចន្លោះមិនឃើញ
ការដែលអាមេរិកដាក់ Huawei ចូលក្នុងបញ្ជីខ្មៅ ពិតជាបានប៉ះពាល់ដល់អាជីវកម្មរបស់ Huawei ប៉ុន្តែបញ្ហានេះមិនបានបណ្ដាលឲ្យ Huawei ផ្អាកការផលិតស្មាតហ្វូន Flagship នៅឡើយទេ។ កាលពីខែមុនក្រុមហ៊ុនបានបង្ហាញចេញ Mate 40 Series ហើយ P50 Series ក៏ទំនងជានឹងប្រកាសចេញតាមផែនការផងដែរ។
សារព័ត៌មានកូរ៉េខាងត្បូង The Elec បានរាយការណ៍ថា Huawei P50 Series គ្រោងនឹងប្រកាសចេញនៅឆមាសដំបូងនៃឆ្នាំ ២០២១ ដោយបានដកស្រង់ដំណងចេញពីបុគ្គលដែលដឹងអំពីស្ថានភាពនេះច្បាស់។ សារព័ត៌មានដដែលបានបន្ថែមថា LG និង Samsung កំពុងត្រៀមខ្លួនផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ស្មាតហ្វូន Flagship ថ្មីនេះ។
ការប្រកាសចេញ P Series ជំនាន់ថ្មីនៅឆមាសដំបូងនៃឆ្នាំ ២០២១ មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ដោយសារកន្លងមក Huawei តែងតែជ្រើសរើសយកពេលវេលាដូចនេះ។ អ្វីដែលគេចាប់អារម្មណ៍គឺនៅត្រង់ថាការចុះផ្សាយដែលនិយាយថា P50 Series រំពឹងថាប្រើប្រាស់ឈីប Kirin 9000។ នេះដោយសារ Huawei ធ្លាប់ឲ្យតម្រុយថា Mate 40 Series អាចជាស្មាតហ្វូន Flagship ចុងក្រោយដែលប្រើឈីប Kirin។
ប្រសិនបើដំណឹងនេះក្លាយជាការពិត មានន័យថា Huawei នៅសល់ស្តុកបន្ទះឈីប Kirin 9000 គ្រប់គ្រាន់សម្រាប់ស្មាតហ្វូនដើមឆ្នាំ ២០២១។ ដូចនេះ Huawei មិនបាច់ពឹងពាក់លើបន្ទះឈីបដែលមានសមត្ថភាពខ្សោយជាងឈីប Kirin 9000 នោះទេ៕