• 2020-10-09 07:40:01
  • ព័ត៌មាន

Twitter ផ្អាកដំណើរការគណនីជាង ១៥០០ទាក់ទងនឹងការផ្សាយព័ត៌មានក្លែងបន្លំ

  • 2020-10-09 07:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងបន្លំ (Disinformation) ក្រុមហ៊ុន Twitter បានបិទដំណើរការគណនីចំនួន ១៥៨៩ បន្ថែមទៀត បន្ទាប់ពីបានរកឃើញថាគណនីទាំងនោះបានរំលោភបំពានទៅលើលក្ខខណ្ឌទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មានដែលនាំឱ្យមានការយល់ខុស។

បើតាមការផ្សព្វផ្សាយនៅក្នុងប្លក់របស់ក្រុមហ៊ុនបានឱ្យដឹងថា ករណីផ្សព្វផ្សាយព័ត៌មានក្លែងបន្លំទាំងនេះគឺមានការទាក់ទងជាមួយនឹងរដ្ឋាភិបាលប្រទេសអុីរ៉ង់ អារ៉ាប៊ីសាអូឌីត គុយបា និងថៃ ក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មាន ឬបង្កើនការពិភាក្សាដែលនាំឱ្យមានផលចំណេញទៅដល់រដ្ឋាភិបាលពួកគេ។

ជាឧទាហរណ៍ក្រុមហ៊ុនបានបិទគណនីចំនួន៣៣ របស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលបានបង្កើតដើម្បីបង្កើនប្រជាប្រិយភាពរបស់រដ្ឋាភិបាល ហើយក្រុមហ៊ុនក៏បានបិទគណនីក្លែងក្លាយចំនួន៥២៦ ផ្សេងទៀតរបស់រដ្ឋាភិបាលគុយបា ដែលបានក្លែងបន្លំធ្វើជាគណនីរបស់ក្រុមយុវវ័យផងដែរ។

យ៉ាងណាមិញនៅក្នុងតំបន់អាស៊ានយើងវិញ ក្រុមហ៊ុន Twitter ក៏បានបិទគណនីចំនួន៩២៦ ដែលគណនីទាំងនោះត្រូវបានរកឃើញថាគ្រប់គ្រងដោយកងខេមរភូមិន្ទថៃ (RTA) ដើម្បីផ្សព្វផ្សាយព័ត៌មានគាំទ្រ RTA និងរដ្ឋាភិបាលរបស់ថៃ។

ការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំបែប (Disinformation) ដែលមានគោលដៅ និងគោលបំណងច្បាស់លាស់ដើម្បីទាញយកផលចំណេញណាមួយនោះ គឺវាមានភាពគ្រោះថ្នាក់ជាងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយធម្មតា (Fake news) ទៅទៀត ហេតុដូចនេះហើយបានជាក្រុមហ៊ុនដែលមានកម្មវិធីបណ្ដាញសង្គមដទៃទៀតដូចជាក្រុមហ៊ុន Facebook ក៏កំពុងតែតាមព្យាយាមបិទគណនី ដែលផ្សព្វផ្សាយព័ត៌មានក្លែងបន្លំនេះផងដែរ៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់