• 2020-09-23 09:12:08
  • ព័ត៌មាន

ប្រយ័ត្នផង! ការណែនាំកម្មវិធី ពីអ្នកល្បីៗនៅក្នុង TikTok អាចជាការបោកប្រាស់

  • 2020-09-23 09:12:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើងដឹងហើយថាកម្មវិធី TikTok គឺជាកម្មវិធីដ៏ពេញនិយមមួយនៅលើបណ្តាមសង្គម ជា​ពិសេស​សម្រាប់​ក្មេងៗ ប៉ុន្តែនៅពេលថ្មីៗនេះកម្មវិធី TikTok មានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់ ក្រោយ​ពីកម្មវិធីនេះត្រូវបានបិទដោយរដ្ឋាភិបាលឥណ្ឌា ហើយមិនត្រឹមតែប៉ុណ្ណោះ សហរដ្ឋអាមេរិក​ក៏​កំពុង​តែដាក់សម្ពាធឱ្យក្រុមហ៊ុន ByteDance លក់កម្មវិធី TikTok ទៅ​ឱ្យ​ក្រុមហ៊ុន​ណា​មួយ​របស់​អាមេរិក​ផងដែរ។ ដោយសារតែមានភាពពេញនិយមនេះហើយ ដែល​ជនឆ្លៀត​ឱកាស​មួយ​​ចំនួន​បាន​បន្លំ​បង្កើត​កម្មវិធីបោកប្រាស់ ដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម ឬ​បន្លំ​យក​ប្រាក់​កាស​ពី​អ្នក​ប្រើ​ប្រាស់។

ជាក់ស្តែងកាលពីថ្ងៃទី២២ ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុនសន្តិសុខ Avast បាន​រក​ឃើញ​ថា​មាន​ប្រូ​ហ្វាល ល្បីៗចំនួនបីនៅក្នុងកម្មវិធី TikTok ដែលមានអ្នកតាមដានជាង ៣៥០,០០០នាក់ បាន​ផ្សព្វ​ផ្សាយ​និង​ចែកចាយកម្មវិធីបោកប្រាស់ជាច្រើន ហើយកម្មវិធីនេះត្រូវបានទាញយកច្រើនជាង ២ ៤០០ ០០០ដង ព្រមទាំងបានធ្វើឱ្យមានការចាញ់បោកអស់ទឹកប្រាក់ច្រើនជាង ៥០០ ០០០ដុល្លារ រួច​មកហើយដែរ។

ការរកឃើញនេះក្រោយពីក្រុមហ៊ុន Avast បានទទួលសេចក្តីរាយការណ៍ពីក្មេងស្រី អាយុ ១២ឆ្នាំ​ម្នាក់ នៅសារធារណរដ្ឋឆែក ដែលជួបនឹងបញ្ហានេះ។ ក្រុម​អ្នក​សន្តិសុខ​បាន​រក​ឃើញ​យ៉ាង​ហោច​ណាស់​មាន​គណនី TikTok ចំនួន៣ ដែល​កំពុង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​មាន​ឈ្មោះ​អ្នក​ប្រើ​ដូច​ជា 7odestar, Dejavuuu.es3 និង Marina90lazina។ កម្មវិធីទាំងនេះបានក្លែងបន្លំជាកម្មវិធី ល្បែង​កំសាន្ត តន្ត្រី ឬជាកម្មវិធីសម្រាប់ប្តូររូបភាពលើអេក្រង់ (wallpaper) ប៉ុន្តែ​បន្ទាប់​ពីអ្នក​ប្រើប្រាស់​បាន​ទាញ​យក​កម្មវិធី ពួកគេនឹងទាមទារឱ្យបង់ប្រាក់ពី ២ដុល្លារ ទៅ ១០ដុល្លារ ដើម្បីប្រើមុខងារផ្សេងៗ តែតាមការពិតមុខងារទាំងនោះគឺពុំមាននៅក្នុងកម្មវិធីនោះទេ។

នេះជាករណីដែលគួរឱ្យព្រួយបារម្ភណាស់ ជា​ពិសេស​កម្មវិធី​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​លើ​ប្រព័ន្ធ​បណ្តាញ​សង្គមដែលពេញនិយមក្នុងចំណោមក្មេងៗ ដែល​ពួក​គេ​មិន​ទាន់​ចេះ​ដឹង​ពីគ្រោះ​ថ្នាក់​របស់​វា​នោះ​នៅឡើយ។ ដើម្បីការពារខ្លួនអ្នកពីកម្មវិធីបោកប្រាស់ទាំងនេះ សូម​ប្រយ័ត្ន​ចំពោះ​អ្វីដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ឬ តាមរយៈសារផ្សេងៗ។ ដូច​គ្នានេះ​ដែរ​សូម​អាន​ការណែ​នាំ​ពីកម្មវិធីឱ្យបានច្បាស់លាស់ជាមុនសិនមុននឹងធ្វើការទាញយកកម្មវិធីទាំងនោះ។ បច្ចុ​ប្បន្ន​ក្រុមហ៊ុន Apple បានលុបចោលកម្មវិធីទាំងនេះចេញពីកម្មវិធី App Store របស់​ពួក​គេ​រួច​ហើយ៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់