• 2020-09-22 01:52:18
  • ព័ត៌មាន

Hacker បង្កើតកម្មវិធី Android ដែលមានមេរោគដើម្បីលួចលេខកូដ 2FA ពីក្នុងសារ

  • 2020-09-22 01:52:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពុំមែនជារឿងចម្លែកទេដែលក្រុមអ្នកវាយប្រហារបង្កើតកម្មវិធីដែលមានមេរោគ ដើម្បី​លួច​យក​ទិន្នន័យ​ពី​អ្នកប្រើប្រាស់ ឬដើម្បីតាមដានក្រុមអ្នកប្រឆាំងណាមួយនោះ ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ​ក្រុម​ហ៊ុន​សុវត្ថិភាព​បច្ចេកវិទ្យា Check Point បានរកឃើញក្រុមអ្នកវាយប្រហារដែលគេឱ្យឈ្មោះថា Rampant Kitten បានបង្កើតកម្មវិធី Android ដែលមានមេរោគដើម្បីលួចយកលេខកូដ 2FA (Two-factor Authentication) ពីក្នុងសារ។

ក្រុមហ៊ុន Check Point បានឱ្យដឹងថា ទោះបីជាក្រុមអ្នកវាយប្រហារនេះ កាល​ពីដើម​ឡើយ បាន​បង្កើត​កម្មវិធីមេរោគសម្រាប់តែប្រព័ន្ធប្រតិបត្តិការ Windows ប៉ុន្តែ​ពេល​នេះពួក​គេបាន​ប្រើ​វិធីសាស្រ្ត​ដូច​គ្នានេះដើម្បីបង្កើតកម្មវិធីមេរោគសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដែល​ពួក​គេ​អាចលួច​យក​បញ្ជី​ឈ្មោះ សារ ថតសំឡេងតាមរយៈម៉ៃក្រូហ្វូន និងបើកគេហទំព័រដែលមានមេរោគបានផងដែរ។

ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ផងដែរថា កម្មវិធីមេរោគនេះ នឹង​រង់ចាំ​ស្ទាក់​យក​សារ​ដែល​ចាប់​ផ្ដើម​ជាមួយ​អក្សរ "G-" ដែលនេះគឺជាការសម្គាល់ថា ជាសារមានលេខកូដ 2FA ដែល​បាន​ផ្ញើមក​ពី​ក្រុម​ហ៊ុន Google ហើយបន្ទាប់មកកម្មវិធីនេះក៏ផ្ញើសារបន្តទៅឱ្យក្រុមអ្នកវាយប្រហារ។ ប៉ុន្តែ​អ្វីដែល​ជា​ការ​ព្រួយបារម្ភ​កាន់​តែខ្លាំងនោះគឺ កម្មវិធី​មេរោគ​នេះអាច​ថែម​ទាំង​ទាញ​យក​សារ​ពីកម្មវិធី​ទំនាក់ទំនង​សង្គម​ផ្សេងៗ​ទៀតដូចជាកម្មវិធី Telegram ជាដើម។

បច្ចុប្បន្នក្រុមហ៊ុន Check Point បានប្រទះឃើញកម្មវិធីដែលមានផ្ទុកមេរោគនេះក្នុងកម្មវិធីមួយ ដែលបន្លំជាកម្មវិធីសម្រាប់ជួយអ្នកនិយាយភាសា Persian (ភាសាភាគខាងលិចប្រទេសអុីរ៉ង់) ដើម្បី​ទទួលបានបណ្ណបើកបរនៅក្នុងប្រទេសស៊ុយអែត។ ទោះ​ជា​យ៉ាង​ណា​ពួកគេ​ក៏​បាន​ព្រមាន​ផង​ដែរ​ថាកម្មវិធីមេរោគនេះអាចមាននៅក្នុងកម្មវិធីផ្សេងៗទៀតផងដែរ៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់