• 2020-09-02 02:18:40
  • ព័ត៌មាន

ក្រុម Hacker អាចរកលុយបានរាប់លានពីការលក់គណនីហ្គេម Fortnite

  • 2020-09-02 02:18:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមឧក្រិដ្ឋជនតែងតែស្វែងរកវិធីថ្មីៗដើម្បីធ្វើការវាយប្រហារ ទៅលើក្រុមហ៊ុនក៏ដូចជាទៅលើអ្នកប្រើប្រាស់ដើម្បីស្វែងរកប្រាក់ចំណេញ។ ការវាយប្រហារទាំងនោះមានដូចជា ការទាញយកទិន្នន័យដើម្បីយកទៅផ្សព្វផ្សាយពាណិជ្ជកម្ម ការបញ្ចូលកម្មវិធីមេរោគ Malware ដើម្បីលួចចូលគណនីធនាគារ និងការបញ្ចូលកម្មវិធីមេរោគ Ransomware ដើម្បីជំរិតទារប្រាក់ជាដើម។

ប៉ុន្តែតាមការស្រាវជ្រាវកាលពីពេលថ្មីៗនេះបានបង្ហាញផងដែរថា ក្រុមអ្នកវាយប្រហារក៏អាចរកលុយបានរាប់លានពីការវាយប្រហារលួចយកគណនីរបស់អ្នកលេងហ្គេម។ អ្នកស្រាវជ្រាវនៅក្រុមហ៊ុនសុវត្ថិភាព Night Lion Security បានរកឃើញថាគណនីរបស់កម្មវិធីហ្គេម Fortnite អាចមានតម្លៃពី២០០ ទៅ២៥០ដុល្លារ នៅក្នុងទីផ្សារងងឹត ប៉ុន្តែគណនីខ្លះអាចលក់បានដល់ទៅរាប់ពាន់ដុល្លារ អាស្រ័យទៅលើសម្លៀកបំពាក់របស់តួអង្គ (Characters’ in-game skin) ដែលគេមាននៅក្នុងគណនីនោះ។

Fortnite គឺជាកម្មវិធីហ្គេមដែលកំពុងពេញនិយមមួយ ដែលមានអ្នកប្រើប្រាស់ប្រមាណ ៣៥០លាននាក់ ហើយដែលកំពុងតែមានការប្ដឹងផ្ដល់គ្នាជាមួយនឹងក្រុមហ៊ុន Apple និងក្រុមហ៊ុន Google ទាក់ទងនឹងកម្រៃដែលត្រូវបង់ ដើម្បីផ្សព្វផ្សាយលក់នៅក្នុងកម្មវិធី App Store និង Play Store។ មូលហេតុដែលអាចធ្វើឱ្យជនអនាមិកចូលទៅក្នុងគណនីរបស់អ្នកប្រើប្រាស់បានយ៉ាងងាយស្រួលនោះគឺ មកពីបញ្ហាពីរ។ បញ្ហាទីមួយគឺដោយសារតែមានការវាយប្រហារទៅលើក្រុមហ៊ុនជាច្រើន ហើយទិន្នន័យទាំងនោះរួមមានទាំងអុីមែល និងលេខសម្ងាត់ ត្រូវបានដាក់លក់នៅក្នុងទីផ្សារងងឹត។

ចំណែកឯបញ្ហាទីពីរ គឺទាក់ទងទៅនឹងការប្រើប្រាស់លេខសម្ងាត់។ បើតាមការស្រាវជ្រាវបានរកឃើញថា អ្នកប្រើប្រាស់ភាគច្រើនបានប្រើលេខសម្ងាត់ដែលងាយនឹងស្មានដឹង ឬស្រដៀងនឹងលេខសម្ងាត់ចាស់របស់គេនោះ។ ជាឧទាហរណ៍នៅពេលដែលអ្នកប្រើប្រាស់ប្ដូរលេខសម្ងាត់របស់គេ គឺគេគ្រាន់តែបន្ថែមលេខមួយខ្ទង់នៅចុងក្រោយលេខសម្ងាត់ ឬគ្រាន់តែប្ដូរអក្សរដំបូងទៅជាអក្សរធំតែប៉ុណ្ណោះ។ ទាក់ទងទៅនឹងការដាក់លេខសម្ងាត់ ដែលមានលក្ខណៈស្មុគស្មាញ និងពិបាកស្មាន ចៀសវាងប្រើលេខសម្ងាត់ដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខទូរសព្ទ ស្លាកលេខយានយន្ត ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការលួចចូលរបស់ជនអនាមិក៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់