• 2020-08-28 07:56:21
  • ព័ត៌មាន

Facebook ចង់ឲ្យអ្នកប្រើដឹង ប៉ុន្តែ Apple យល់ថាជារឿងមិនចាំបាច់

  • 2020-08-28 07:56:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​ខែ​មេសា Facebook បាន​ប្រកាស​ពី​មុខងារ​ថ្មី​មួយ​ដែល​អាច​ឲ្យ​អ្នក​មាន​ឥទ្ធិពល​លើ Facebook ឬ​អាជីវកម្ម​នានា​ប្រារព្ធ​កម្មវិធី​នៅ​​លើ Facebook ជា​ប្រភេទ​អនឡាញ ដែល​អ្នក​ប្រើ​ប្រាស់​ត្រូវ​បង់​លុយ​ដើម្បី​ចូល​រួម​បាន។

គួរ​ដឹង​ថា​ Apple តែង​គិត​កម្រៃ​ជើង​សារ​ជា​ធម្មតា ៣០% ចំពោះ​ការ​ចំណាយ​លុយ​ទាំង​អស់​តាម​រយៈ​កម្មវិធី​លើ iOS ប៉ុន្តែ Facebook សង្ឃឹម​ថា​ Apple អាច​នឹង​លើក​លែង​ចំពោះ​មុខងារ​មួយ​នេះ។ យ៉ាងណាក្ដី​ Apple មិន​អាច​លើក​លែង​ឲ្យ​បាន​នោះ​ទេ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ Facebook បាន​ប្រាប់​សារព័ត៌មាន Reuters ថា​ខ្លួន​​មាន​បំណង​ចង់​ប្រាប់​អ្នក​ប្រើ​ប្រាស់​កម្មវិធី Facebook លើ iOS អំពី​ការ​កាត់​កម្រៃ​​ពី​ខាង Apple ដើម្បី​ឲ្យ​អ្នក​ចំណាយ​លុយ​បាន​ដឹង​ថា​ហេតុ​អ្វី​ទើប​អ្នក​រៀប​ចំ​កម្មវិធី​អាច​ទទួល​បាន​ចំណែក​ត្រឹម ៧០%។ ប៉ុន្តែ Apple បាន​ហាម​ឃាត់​ចំណុច​នេះ ដោយ​​ចាត់​ទុក​ថា​វា​ជា​ព័ត៌មាន​​ដែល​មិន​ពាក់ព័ន្ធ មិន​​ជា​ចាំបាច់​នោះ​ទេ។

អ្នក​នាំ​ពាក្យ​របស់ Facebook បាន​និយាយ​ថា​ ៖ "យើង​គួរ​តែ​មាន​ជម្រើស​ ឲ្យ​​គ្រប់​គ្នា​​បាន​យល់​ថា​លុយ​ដែល​ពួក​គេ​ចង់​ចំណាយ​លើ​អ្នក​មាន​ឥទ្ធិពល​​ ឬ​អាជីវកម្ម​នានា​​ ត្រូវ​បែងចែក​ទៅ​ណា​ខ្លះ​។ សោក​ស្ដាយ​ណាស់​ដែល Apple ​ប្រកែក​មិន​ព្រម​ឲ្យ​យើង​ប្រាប់​អំពី​ការ​កាត់​កម្រៃ ៣០% របស់​ពូក​គេ ប៉ុន្តែ​យើង​​កំពុង​សិក្សា​ធ្វើ​យ៉ាងណា​ឲ្យ​ព័ត៌មាន​នេះ​មាន​នៅ​ក្នុង​កម្មវិធី​បាន។​​”

Facebook បញ្ចេញ​មុខងារ​ខាង​លើ​នេះ​​សម្រាប់​​អាជីវកម្ម​តូចៗ ​អ្នក​មាន​គំនិត​ច្នៃ​ប្រឌិត ឬ​បុគ្គល​មាន​ឥទ្ធិពល​ដែល​ជួប​បញ្ហា​ក្នុង​សម័យ​កូវីដ​១៩ ដែល​មាន​ការ​ហាម​ឃាត់​ការ​ជួបជុំ​គ្នា។ Facebook បាន​លើក​ឡើង​ថា​ខ្លួន​នឹង​មិន​គិត​កម្រៃ​ជើង​សារ​លើ​មុខងារ​ថ្មី​នេះ រហូត​ដល់​ឆ្នាំ​ក្រោយ៕​​​​​

ប្រភព៖ Cnet ប្រែ​សម្រួល៖ សុខហេង

មតិយោបល់