• 2020-08-14 01:50:00
  • ព័ត៌មាន

ក្រុមហ៊ុន Huawei ចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ AUPP និងមជ្ឈមណ្ឌល CLPD

  • 2020-08-14 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ នៅបរិវេណនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្រុមហ៊ុន Huawei ថេកណឡជី (ខេមបូឌា) ខូអិលធីឌី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងវិជ្ជាជីវៈ (CLPD) ។

លោក សុវណ្ណ យ៉ាវ (Yuya Yao) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei ថេកណឡជី (ខេមបូឌា) បានមានប្រសាសន៍រំលឹកឲ្យដឹងថា៖ “ក្រុមហ៊ុន Huawei បានធ្វើប្រតិបត្តិការធុរកិច្ចនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ២១ឆ្នាំមកហើយ និងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ “នៅកម្ពុជាដើម្បីកម្ពុជា”។ ជានិច្ចកាល យើងបានប្តេជ្ញាចិត្តក្នុងការនាំយកនូវសេវាកម្មផ្នែកឌីជីថលដើម្បីបម្រើជូនដល់គ្រប់ស្ថាប័ន គ្រប់គេហដ្ឋានក៏ដូចជាបុគ្គលគ្រប់ៗរូបផងដែរ ដើម្បីកសាងទំនាក់ទំនងដ៏ពេញលេញ កម្ពុជាដ៏ឆ្លាតវៃ។ ក្រុមហ៊ុន Huawei មានសេចក្តីសោមនស្សរីករាយក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP ) និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងវិជ្ជាជីវៈ (CLPD )ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជានាពេលអនាគត។ លើសពីនេះទៅទៀត ក្រុមហ៊ុន Huawei ប្រកាន់ខ្ជាប់នូវគោលការណ៍នៃការបណ្តុះបណ្តាលទេពកោសល្យផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ICT talents ក្នុងស្រុកជាអាទិភាព ក៏ដូចជាតែងតែគាំទ្រដល់និស្សិតកម្ពុជា ដើម្បីឱ្យពួកគេត្រៀមខ្លួនរួចជាស្រេចសម្រាប់ការឈានចូលមកដល់នៃយុគសម័យឌីជីថលនាពេលខាងមុខនេះ”។

លោកបានបន្ថែមទៀតថា៖ “ក្រុមហ៊ុន Huawei កំពុងបន្តផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលរយៈពេលវែងដល់ទេពកោសល្យវ័យក្មេងជាច្រើននាក់។ ជាក់ស្តែង ទោះស្ថិតនៅក្នុងកំឡុងពេលនៃជំងឺកូវីដ១៩ក៏ដោយ ក៏ក្រុមហ៊ុននៅតែបន្តផ្តល់ឱកាសការងារដល់បុគ្គលិកថ្មីៗចំនួន ២១រូប ដែលបម្រើការងារនៅផ្នែកហិរញ្ញវត្ថុ ផ្នែកដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានវិទ្យា ICT និងផ្នែកទំនាក់ទំនងសាធារណៈ ជាដើម ដែលពួកគេសុទ្ធសឹងតែជានិសិ្សតទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនានា”។

លោកបណ្ឌិត Dan Kulmala សាកលវិទ្យាធិការង ទទួលបន្ទុកផ្នែកសិក្សាធិការ និងកិច្ចការនិស្សិតនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានមានប្រសាសន៍ថា៖ “AUPP និង CLPD ពិតជាមានកិត្តិយសក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Huawei ក្នុងការអភិវឌ្ឍគម្រោងបច្ចេកវិទ្យាឌីជីថល និងរួមចំណែកផ្តួចផ្តើមគំនិតដើម្បីជួយជម្រុញដល់ការផ្លាស់ប្តូរផ្នែកឌីជីថល ក៏ដូចជាដើម្បីធ្វើយ៉ាងណាត្រៀមរៀបចំកម្លាំងរួចជាស្រេចសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅប្រទេសកម្ពុជា។”

កិច្ចព្រមព្រៀងនេះនឹងផ្តល់នូវឱកាសផ្សេងៗជាច្រើនរួមមាន៖ អាហារូបករណ៍ ការចុះកម្មសិក្សា និងសកម្មភាពសហការគ្នាផ្នែកបច្ចេកវិទ្យាផ្សេងៗទៀតដែលផ្តល់អត្ថប្រយោជន៍ដល់និស្សិតនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញផងដែរ៕

មតិយោបល់