• 2020-07-16 08:10:44
  • ចំណេះដឹង

កំហុស​ទាំង ៧ ដែល​ម្ចាស់​ស្មាតហ្វូន​បើក​ផ្លូវ​ឲ្យ Hacker អាច​ចូល​លុកលុយ​ដោយ​ងាយ

  • 2020-07-16 08:10:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ស្មាតហ្វូន​របស់​អ្នក​រមែង​មាន​ឯកសារ​សំខាន់ៗ​ជា​ច្រើន ដែល​ខ្លះ​ជា​លក្ខណៈ​ឯកជនភាព​ពោល​គឺ​មិន​ចង់​ឲ្យ​អ្នក​ក្រៅ​បាន​ដឹង​បាន​ឃើញ​នោះឡើយ។ ប៉ុន្តែ​រាល់​ទិន្នន័យ​ទាំង​នោះ​ក៏​ជា​មុខព្រួញ​ដ៏​សំខាន់​ដែល Hacker តែងតែ​វាយប្រហារ​ក្នុង​គោលបំណង​ជំរិត​ទារ​ប្រាក់​ពី​ម្ចាស់​ដើម។

តាម​អ្នក​ជំនាញ​បាន​ណែនាំ​កំហុស​ឆ្គង​ទាំង ៧ យ៉ាង​ដែល​ម្ចាស់​ស្មាតហ្វូន​ភាគច្រើន​តែងតែ​រំលង ហើយ​វា​ក៏​ជា​មធ្យោបាយ​បើក​ផ្លូវ​ឲ្យ Hacker អាច​ធ្វើស៊ី​អ្នក​បាន​ដោយ​ងាយ៖

១.ការ​បន្ត​ប្រើប្រាស់ App និង OS ជំនាន់​ចាស់

ជា​ប្រចាំ​ក្រុមហ៊ុន​តែងតែ​បញ្ចេញ​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ជំនាន់​ក្រោយៗ​សម្រាប់​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ Update ដោយ​មិន​ត្រឹម​តែ​ផ្តោត​លើ​ការ​ផ្លាស់ប្តូរ​រចនាបថ​កម្មវិធី មួយ​ទៀត​សោត​ក៏​ពង្រឹង​កាន់​តែ​ប្រសើរ​ឡើង​លើ​ប្រព័ន្ធ​សុវត្ថិភាព។ មិន​ខុស​ពី​ការ​ប្រើប្រាស់ App មួយ​ចំនួន ក៏​អ្នក​ចាំ​បាច់​ត្រូវ​រមែង Update ទៅ​កាន់​ជំនាន់​ក្រោយៗ​ជា​ចាំ​បាច់។

២.ឧស្សាហ៍​ប្រើប្រាស់ Wi-Fi សាធារណៈ

Wi-Fi នៅ​ទី​សាធារណៈ​គឺ​ជា​គ្រោះថ្នាក់​ខ្លាំង​បំផុត​មួយ​សម្រាប់​អ្នក​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ តួ​យ៉ាង​ដូច​ជា​នៅ​ហាង​លក់​ទំនិញ កាហ្វេ អាកាសយានដ្ឋាន​ឬ​ទីតាំង​សាធារណៈ​​ណា​មួយ។ បើ​អាច​គួរ​ប្រើប្រាស់​តែ​អ៊ីនធឺណិត​ផ្ទាល់​ខ្លួន​បាន​ហើយ ព្រោះ​ជនខិលខូច​ក៏​មាន​ឱកាស​វាយប្រហារ​អ្នក​តាម​រយៈ​ Wi-Fi សាធារណៈ​ផង​ដែរ។

៣.ការ​មិន​ប្រើប្រាស់​កូដ​សម្ងាត់​មុខ​អេក្រង់

ស្រមៃ​ថា​បើ​អ្នក​ចៃដន្យ​ជ្រុះ​បាត់​ទូរសព្ទ​នៅ​ថ្ងៃ​ណា​មួយ នោះ​រាល់​ឯកសារ​សម្ងាត់​មិន​ថា​រូបភាព​ឬ​ទិន្នន័យ​លាក់ទុក​សំខាន់​មួយ​ចំនួន ​ប្រាកដ​ជា​ត្រូវ​ទៅ​ដល់​ដៃ​ភាគី​ម្ខាង​ទៀត។ មក​ទល់​បច្ចុប្បន្ន​មាន​ការ​អភិវឌ្ឍ​កាន់​តែ​ងាយ​និង​សាមញ្ញ បើ​អ្នក​ខ្ជិល​វាយ​កូដ​សម្ងាត់ ក៏​អាច​ប្រើប្រាស់​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​ឬ​ស្កេន​មុខ​បាន​យ៉ាង​ងាយ។

៤.ចេះ​តែ​ចុច​ចូល​មើល Email ផ្ញើ​ចូល​ផ្តេសផ្តាស

ជៀសវាង​ឲ្យ​បាន​ការ​ចុច​លើ Link ក្នុង Email ដែល​គេ​ផ្ញើ​ចូល​ទាក់ទិន​នឹង​ការ​ផ្សព្វផ្សាយ​ទាក់ទាញ​ណា​មួយ ហើយ​ចាំ​បាច់​ហាម​វាយ​បញ្ចូល​គណនី​បណ្តាញ​សង្គម​ឬ​អាសយដ្ឋាន​ណា​មួយ​ដាច់​ខាត់​ប្រសិន​មាន​ការ​ទាមទារ។

៥.មិន​បាន​កំណត់ Permission លើ App

អ្នក​គួរ​ស្វែងយល់​ឲ្យ​បាន​ច្បាស់​លើ​ការ​ប្រើប្រាស់ App នីមួយៗ ​និង​រៀន​ដាក់​កំហិត​លើ​ការ​អនុញ្ញាត​ឲ្យ​ភ្ជាប់​ទៅ​កាន់​កាមេរ៉ា ម៉ៃក្រូហ្វូន ឬ​បញ្ជី​ឈ្មោះ ជា​ពិសេស​លើ App ដែល​ពុំ​មាន​ប្រភព​ច្បាស់លាស់។ អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ទីតាំងSettings > Privacy ស្វែងរក​មើល​ឈ្មោះ​កម្មវិធី​និង​ធ្វើ​ការ​កំណត់។

៦.ការ​ប្រើប្រាស់​ខ្សែ USB របស់​អ្នក​ដទៃ

ចាំ​បាច់​គួរ​ប្រើប្រាស់​តែ​ខ្សែ​ USB ដែល​ជា​របស់​អ្នក​បាន​ហើយ ព្រោះ​ឧក្រិដ្ឋជន​អាច Hack លុកលុយ​យក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​របស់​អ្នក​តាម​រយៈ​រន្ធ​សាក USB។ ឧទាហរណ៍៖ អ្នក​សាក​ថ្ម​ទូរសព្ទ​ដោយ​ប្រើប្រាស់​ខ្សែ USB របស់​នរណា​ម្នាក់​នៅ​ទីតាំង​ហាង​កាហ្វេ​ឬ​អាកាសយានដ្ឋាន។

៧.ការ​ Jailbreak

Jailbreak ម៉ាស៊ីន iPhone ពិត​ជា​បង្ក​ហានិភ័យ​ខ្ពស់​ដល់​អ្នក​ប្រើប្រាស់​គ្រប់​រូប ព្រោះ​ជា​ប្រភព​បើក​ផ្លូវ​ឲ្យ​ Virus និង Malware អាច​ជ្រៀត​ខ្លួន​ចូល​បាន​យ៉ាង​ងាយ​បំផុត។

ប្រភព៖ DigitalTrends ប្រែសម្រួល៖ កៅ រក្សា

មតិយោបល់