• 2020-05-04 06:55:37
  • ព័ត៌មាន

EPA ថា Elon Musk និយាយមិនពិត អំពីចម្ងាយរបស់ Tesla Model S

  • 2020-05-04 06:55:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​ EPA បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក Elon Musk នាយក​ប្រតិបត្តិ​ Tesla ដែល​ថា​ទីភ្នាក់ងារ​នេះ​បាន​សាង​កំហុស​ឆ្គង​ពេល​ធ្វើ​តេស្ត​ជា​មួយ​រថយន្ត​ Model S ដែល​ធ្វើ​ឲ្យ​រយៈ​ចម្ងាយ​បើកបរ​របស់​រថយន្ត​មាន​ទាប​ជាង​អ្វី​ដែល​លោក Elon គិត​ទុក។

អំឡុង​ពេល​ប្រកាស​អំពី​លទ្ធផល​ចំណូល​ចំណាយ​ប្រចាំ​ត្រីមាស​កាល​ពី​សប្ដាហ៍​មុន លោក Elon Musk អះអាង​ថា​ Tesla Model S Long Range អាច​ជា​រថយន្ត​អគ្គិសនី​ដំបូង​អាច​ជិះ​បាន​ចម្ងាយ​ ៤០០ម៉ាយ (ប្រមាណ​ ៦៤៣ គីឡូម៉ែត្រ) ហើយ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​របស់ EPA ដែល​មាន​ត្រឹម ៣៩១ ម៉ាយ (ប្រមាណ ៦២៩ គីឡូម៉ែត្រ) គឺ​ដោយ​សារ​កំហុស​ឆ្គង។ ​លោក Elon និយាយ​ថា​ មាន​អ្នក​ទុក​សោ​ចោល​ក្នុង​រថយន្ត និង​បើក​ទ្វារ​ចោល​ពេញ​មួយ​យប់ ធ្វើ​ឲ្យ​រថយន្ត Model S ដំណើរ​ការ​មុខងារ "Waiting for Driver” ដែល​ធ្វើ​ឲ្យ​អាគុយ​ខាត​បង់​ថាមពល ២%។ នេះ​ជា​លទ្ធផល​ធ្វើ​ឲ្យ​ចម្ងាយ​បើកបរ​មាន​មិន​ដល់ ៤០០ ម៉ាយ។

តប​នឹង​ការ​លើក​ឡើង​នេះ EPA បាន​និយាយ​ថា​ ៖ "​យើង​អាច​បញ្ជាក់​ថា​ EPA គឺ​បាន​ធ្វើ​តេស្ត​រថយន្ត​ដោយ​ត្រឹម​ត្រូវ ទ្វារ​បាន​បិទ ហើយ​យើង​រីករាយ​នឹង​ពិភាក្សា​អំពី​បញ្ហា​បច្ចេកទេស​ជា​មួយ Tesla ដូច​ដែល​យើង​ធ្វើ​ជា​ទៀងទាត់​ជា​មួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំង​អស់។”

​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ពី​ខាង Tesla នៅ​ឡើយ​ទេ ជុំវិញ​ការ​ឆ្លើយ​តប​របស់ EPA៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់