• 2020-03-31 03:01:00
  • ព័ត៌មាន

លើកនេះ iPhone 11 និង Huawei P40 ប្រភេទតម្លៃធូរប៉ះគ្នាវិញម្ដង

  • 2020-03-31 03:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei P40 គឺ​ជា​ប្រភេទ​ Flagship តម្លៃ​ធូរ​ជាង​គេ​ក្នុង​ចំណោម​ត្រកូល P40 ដែល​ទើប​ប្រកាស​ចេញ ​ដោយ​ជា​គូ​ប្រជែង​ខ្លាំង​ក្លា​មួយ​របស់ iPhone 11 ដែល​វា​មាន​តម្លៃ​ធូរ​ជាង​គេ​ក្នុង​ចំណោម​ត្រកូល iPhone ជំនាន់​ចុង​ក្រោយ។ ត​ទៅ​នេះ​គឺ​ជា​ការ​ប្រៀប​ធៀប​លក្ខណៈ​សម្បត្តិ​រវាង Huawei P40 និង iPhone 11 ៖

១. អេក្រង់​

Huawei P40 មាន​បំពាក់​អេក្រង់ OLED ទំហំ ៦,១ អ៊ីញ ដែល​មាន​កម្រិត​បង្ហាញ FHD+ មាន​ចោះ​រន្ធ​​រាង​ដូច​គ្រាប់​ថ្នាំ​លើ​អេក្រង់​សម្រាប់​បំពាក់​កាមេរ៉ា Selfie មួយ​គ្រាប់ និង​កាមេរ៉ា IR សម្រាប់​មុខងារ​ដោះ​សោ​ដោយ​ប្រើ​ផ្ទៃ​មុខ។

ចំណែក iPhone 11 មាន​បំពាក់​អេក្រង់​ទំហំ ៦,១ អ៊ីញ​ដូច​គ្នា ប៉ុន្តែ​ជា​ប្រភេទ Liquid Retina HD IPS LCD ដែល​​មាន​កម្រិត​បង្ហាញ HD។ អេក្រង់​នេះ​មាន​រចនាបថ​ក្បាល​ឆក​សម្រាប់​បំពាក់​កាមេរ៉ា Selfie មួយ​គ្រាប់ និង​ប្រព័ន្ធ​ស្កេន​មុខ FaceID ផង​ដែរ។

២. គ្រឿង​ក្នុង​

Huawei P40 ទទួល​បាន​​កម្លាំង​ពី​បន្ទះ​ឈីប Kirin 990 ដែល​មាន​ភ្ជាប់​មក​ជា​ស្រេច​នូវ​ Modem 5G អាច​ទ្រាំទ្រ​នូវ​សេវា 5G និង​មាន GPU Mali-G76។ បន្ទះ​ឈីប​នេះ​គឺ​ភ្ជាប់​ជា​មួយ RAM ទំហំ ៨GB និង​អង្គ​ផ្ទុក​ទំហំ ១២៨GB ដែល​មិន​អាច​ពង្រីក​ទំហំ​បាន​នោះ​ឡើយ។

នៅ​លើ iPhone 11 គឺ​មាន​បំពាក់​បន្ទះ​ឈីប​ A13 Bionic ដែល​មាន​ភ្ជាប់​ជា​មួយ RAM ទំហំ ៤GB។ ចំពោះ​អង្គ​ផ្ទុក​ទិន្នន័យ​គឺ​មាន​ជម្រើស​ទំហំ ៦៤GB, ១២៨GB និង ២៥៦GB។

៣. ថាមពល​ថ្ម​ និង​ប្រព័ន្ធ​ទំនាក់ទំនង​

ចំណុច​ខុស​គ្នា​​ធំ​មួយ​រវាង​ស្មាតហ្វូន​ទាំង​ពីរ​គឺ​នៅ​លើ​ប្រព័ន្ធ​ទំនាក់ទំនង។ នៅ​លើ Huawei P40 គឺ​ទ្រាំទ្រ​នូវ​ប្រព័ន្ធ​ទំនាក់ទំនង 5G ប្រភេទ Dual-Mode ចំណែក​នៅ​លើ iPhone 11 មាន​ត្រឹម 4G LTE ប៉ុណ្ណោះ។

Huawei P40 មាន​ថ្ម​ទំហំ ៣៨០០ mAh ដែល​ទ្រាំទ្រ​ការ​សាក​ថ្ម​ល្បឿន ២២,៥ វ៉ាត់ ហើយ​​នៅ​លើ iPhone 11 គឺ​មាន​ថ្ម​ទំហំ ៣១១០ mAh ដែល​ទ្រាំទ្រ​ការ​សាក​ថ្ម​ល្បឿន ១៨ វ៉ាត់។

៤. ប្រព័ន្ធ​ប្រតិបត្តិការ​

និយាយ​អំពី Software វិញ​ នៅ​លើ Huawei P40 គឺ​មាន​ EMUI 10.1 ដែល​​ផ្អែក​លើ Android 10 ប៉ុន្តែ​វា​ប្រើ​ប្រាស់​នូវ Huawei Mobile Services ជំនួស​ឲ្យ Google Mobile Services មាន​ន័យ​ថា​មិន​មាន​សេវាកម្ម​ Google មក​ជា​មួយ​ឡើយ។

iPhone 11 រត់​នៅ​លើ iOS 13.4 ហើយ​វា​មាន​ផ្ដល់​នូវ​ជម្រើស​កម្មវិធី​ធំ​ទូលាយ​ជាង បើ​ប្រៀប​នឹង​​ប្រព័ន្ធ​អេកូ​នៃ​កម្មវិធី​ដែល​មាន​នៅ​លើ Huawei Mobile Services នា​ពេល​បច្ចុប្បន្ន​នេះ។

៥. កាមេរ៉ា​*

កាមេរ៉ា​មេ​របស់ Huawei P40 មាន​ទំហំ ៥០MP ជា​ប្រភេទ Ultra Vision មាន​ Aperture f/1.9 ដែល​អាច​ថត​វីដេអូ 4K/60fps។ វា​មាន​គួប​ផ្សំ​ដោយ​​កាមេរ៉ា Ultra-Wide ទំហំ ១៦MP មាន Aperture f/2.2 និង​កាមេរ៉ា Telephoto ទំហំ ៨MP មាន Aperture f/2.4 ហើយ​ទ្រាំទ្រ​នូវ​មុខងារ OIS ទៀត​ផង។ កាមេរ៉ា Telephoto អាច​ផ្ដល់​នូវ​ការ​ Zoom Optical បាន 3x, Zoom Hybrid បាន 5x និង Zoom Digital បាន 30x។ សម្រាប់​កាមេរ៉ា​ Selfie មាន​ទំហំ ៣២MP ជា​មួយ Aperture f/2.0 ដែល​អាច​ថត​វីដេអូ 4K/60fps។

ដោយ​ឡែក​ iPhone 11 គឺ​មាន​កាមេរ៉ា​មេ​ទំហំ ១២MP មាន Aperture f/1.8 និង​កាមេរ៉ា Ultra-Wide ទំហំ ១២MP ដូច​គ្នា មាន Aperture f/2.4។ ប្រព័ន្ធ​កាមេរ៉ា​នេះ​គឺ​មាន​មុខងារ​ទប់​លំនឹង​មក​ជា​មួយ ហើយ​អាច​ផ្ដល់​ការ Zoom Optical បាន​ 2x និង​ការ Zoom Digital បាន 5x។ កាមេរ៉ា​ខាង​មុខ​ក៏​មាន​ទំហំ ១២MP មាន​ Aperture f/2.2។ កាមេរ៉ា​ទាំង​មុខ​ទាំង​ក្រោយ​គឺ​សុទ្ធ​តែ​មាន​សមត្ថភាព​ថត​វីដេអូ 4K/60fps។

៦. ការ​ឌីហ្សាញ​

Huawei P40 គឺ​មាន​​ការ​ឌីហ្សាញ​បែប​​​ Full-Screen ដែល​​លើ​អេក្រង់​មាន​តែ​រន្ធ​តូច​មួយ​ប៉ុណ្ណោះ​ដែល​រំខាន​ភ្នែក។ វា​មាន​ជម្រើស​ពណ៌​ចំនួន ៥ ដែល​រួម​មាន​ Silver Frost, Blush Gold, Deep Sea Blue, Ice White និង​ Black។ មាន​វិមាត្រ 148.9x71.06x8.5 ម.ម និង​មាន​ទម្ងន់ ១៧៥ ក្រាម។

iPhone 11 ក៏​មាន​ជម្រើស​ពណ៌​ចំនួន​ ៥ ដែរ​គឺ Black, Green, Yellow, Purple, Red និង​ White ហើយ​វិមាត្រ​វិញ​គឺ 150.9x75.7x8.3 ម.ម និង​មាន​ទម្ងន់​ ១៩៤ ក្រាម។ គួរ​បញ្ជាក់​ថា​ Huawei P40 មាន​កម្រិត​ការពារ​ទឹក​និង​ធូលី​ត្រឹម IP53 ចំណែក​ iPhone 11 មាន​កម្រិត​ការពារ​ដល់ IP68 ឯណោះ។

៧. តម្លៃ​

Huawei P40 នៅ​លើ​ទីផ្សារ​បរទេស​មាន​តម្លៃ​ប្រមាណ ៧៩៩ អឺរ៉ូ (ប្រមាណ ៩៩៩ ដុល្លារ) ចំណែក​នៅ​កម្ពុជា​ឃើញ​មាន​កំណត់​តម្លៃ​លក់ ៦៩៩ ដុល្លារ។ សម្រាប់ iPhone 11 នៅ​លើ​ទីផ្សារ​ប្រទេស​មាន​តម្លៃ​ចាប់​ពី ៦៩៩ ដុល្លារ ហើយ​នៅ​កម្ពុជា​មាន​តម្លៃ​ចាប់​ពី​ប្រហែល ៧៣០ដុល្លារ (មាន​ធានា​ពី​ហាង) និង​តម្លៃ​ចាប់​ពី ៨៧៨ដុល្លារ (មាន​ធានា​ពី​ក្រុមហ៊ុន​ផ្លូវ​ការ)។

តាម​រយៈ​ការ​ប្រៀប​ធៀប​លើ​លក្ខណៈ​សម្បត្តិ​ខាង​លើ​ តើ​ប្រិយមិត្ត​យល់​ថា​ស្មាតហ្វូន​ណា​ដែល​លេច​ធ្លោ​ជាង?​

ប្រភព៖ pocketnow ប្រែ​សម្រួល៖ សុខហេង

មតិយោបល់