• 2020-01-04 03:20:18
  • ព័ត៌មាន

បង្ហាញមុខម្ចាស់រថយន្ត Hyundai Palisade 2020 ដំបូងគេនៅកម្ពុជា

  • 2020-01-04 03:20:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ ២០២០នេះ ក្រុមហ៊ុន Hyundai ប្រគល់រថយន្តស៊េរីទំនើបឆ្នាំ២០២០ Palisade ដល់អតិថិជនដំបូងរបស់ខ្លួនជាផ្លូវការ ដើម្បីស្វាគមន៍ដើមឆ្នាំថ្មី ២០២០ ក្រោយរថយន្តដ៏ទំនើបស៊េរីថ្មីម៉ូដែលនេះ ទើបតែប្រកាសវត្តមានជាផ្លូវក្នុងទីផ្សារកម្ពុជាមិនបានប៉ុន្មានថ្ងៃផង។

បើតាមការបញ្ជាក់ពី អ្នកនាង ខន អេងលី ប្រធានផ្នែកលក់រថយន្តHyundai បានឲ្យ​ដឹងថា ៖ "បន្ទាប់ពី​សម្ពោធ​ជាផ្លូវការនូវវត្តមានរបស់ Hyundai Palisade នៅក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន អាចសម្រេចបាននូវការបញ្ជាទិញលើសពីការរំពឹងទុក ពីសំណាក់អតិថិជន ដោយក្រុមហ៊ុន អាចបំបែកបាននូវកំណត់ត្រាលក់ដ៏ល្អមួយក្នុងជំហ៊ានចាប់ផ្តើមបើកឆាកដំបូងសម្រាប់ឆ្នាំថ្មីនេះ។ ហើយនៅថ្ងៃនេះ គឺជាថ្ងៃដ៏ពិសេសមួយ ដែលក្រុមហ៊ុនយើង បានធ្វើការប្រគល់រថយន្តដល់អតិថិជនដំបូង និងអតិថិជនជាបន្តបន្ទាប់រហូតអស់ពីឃ្លាំងដែលបានបញ្ជាទិញ។"

អ្នកនាងបញ្ជាក់ថា ដើម្បីថ្លែងអំណរគុណទៅដល់អតិថិនដំបូងរបស់ខ្លួន ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ក៏​បាន​រៀប​ចំ​ជាកាដូ​អនុស្សាវរីយ៍​មួយចំនួន ថែម​ជា​មួយ​កាត​ចាក់សាំង១ពាន់ដុល្លារនិងកាដូសំខាន់ពីខាងថ្នាក់គ្រប់គ្រងក្រុមហ៊ុនផងដែរ។

អ្នកនាងបន្តថា ភាពលេចធ្លោនៃរថយន្តម៉ូដែលនេះ គឺជាប្រភេទ​រថយន្តលក្ខណៈគ្រួសារ ដែលត្រូវបានរចនាប៉ាណា​ខាងមុខជារាងសំណាញ់​ប្រទាក់ក្រឡាគ្នា ស្តែងឲ្យឃើញពីភាពអង់អាច រឹងមាំ និងប្រណិតភាព​នៃរថយន្ត SUVជំនាន់ថ្មី ព្រមជាមួយនឹងការរចនាគ្រប់ប្រភេទភ្លើងបែប LED ដែលមានភាពទាក់​ទាញ​ និងភ្លឺច្បាស់ល្អ។ ជាពិសេសយ៉ាន់កង់ដែលមានទំហំដល់ទៅ ២០ អ៊ីង​ រឹងមាំ និងអាចធ្វើដំណើរ​គ្រប់​ស្ថានភាពផ្លូវ។

ផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងប្រណិតដែលធ្វើឲ្យអ្នកបើកបរ និងអ្នកដំណើរទទួល​បាននូវ​អារម្មណ៏​​ស្រស់ស្រាយ និងផាសុខភាព រូមជាមួយកៅអីដល់ទៅ ៧ សម្រាប់ការ​ធ្វើដំណើរជា​លក្ខណៈគ្រួសារ។ កៅអីស្បែកពិតជាផ្តល់នូវអារម្មណ៏ដ៏ពិសេសជាមួយនឹងការរ​ចនាជាឈើក្រូមេ​នៅជុំវិញឡាន​ដែលធ្វើឲ្យផ្ទៃខាងក្នុងមើលទៅកាន់តែធំទូលាយ។

ជាអតិថិជនដំបូងដែលមកទទួលរថយន្តបើកឆាកស្វាគមន៍ឆ្នាំថ្មី លោក ពេជ្រ សេងលី បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា ដោយសារមើលឃើញពីកម្រិតគុណភាព និងតម្លៃនៃរថយន្តHyundai Palisade ឆ្នាំ ២០២០ មានបំពាក់នូវប្រព័ន្ធការពារ និងសុវត្ថភាពទំនើបៗច្រើន រួមជាមួយនឹងបច្ចេកវិទ្យាជំនាន់ថ្មីៗ ទើបធ្វើអោយលោកសម្រេចចិត្តជ្រើសយក Hyundai Palisade សម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ។

គួរបញ្ជាក់ថា រថយន្ត The All-new Palisade ឆ្នាំ2020 ជាប្រភេទរថយន្ត SUV ដែលបានបង្ហាញពីប្រណិតភាព និងភាពខ្លាំង ទាំងការរចនា និងដំណើរការម៉ាស៊ីន ។ ការរចនាផ្នែកខាងក្នុង និងខាងក្រៅរបស់រថយន្ត Hyundai Palisade បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីប្រណិតភាព និងភាពលេចធ្លោ នៅពេលដែលអ្នកធ្វើដំណើរនៅតាមដងផ្លូវ។ Palisade បានឈ្នះពានរង្វាន់ “ការរចនាផលិតផល - រថយន្ត និងម៉ូតូ” នៅក្នុងកម្មវិធីប្រកួតប្រជែងការរចនា​ជាលក្ខណៈអន្តរជាតិ​ដ៏ល្បីល្បាញរបស់ Red Dot កាលពីថ្ងៃទី ២៥ ខែមិនា ឆ្នាំ ២០១៩ ហើយបានប្រកាសពីវត្តមានរបស់ខ្លួនជាផ្លូវការក្នុងទីផ្សារកម្ពុជាកាលពីពេលថ្មីៗនេះ៕

មតិយោបល់