• 2019-09-16 03:21:54
  • ព័ត៌មាន

អ្នកផ្សងព្រេងពីររូប ត្រូវជាប់គុកនៅ​អ៊ីរ៉ង់​ ព្រោះបង្ហោះកាមេរ៉ាដ្រូន

  • 2019-09-16 03:21:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្នេហ៍​​​​ពីរ​រូប​​មក​ពី​ប្រទេស​អូស្ត្រាលី ដែល​តែង​ផលិត​វីដេអូ​ដំណើរ​កម្សាន្ត​ដាក់​បង្ហោះ​លើ​អ៊ីនធឺណិត​ ជា​ពិសេស​ YouTube ស្រាប់​តែ​បាន​បាត់​មុខ​ពី​អ៊ីនធឺណិត​នៅ​ក្នុង​ខែ​មិថុនា ហើយ​ពេល​នេះ​គេ​​ដឹង​ថា​ពួក​គេ​កំពុង​​​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​មួយ​នៅ​អ៊ីរ៉ង់​។

គូ​ស្នេហ៍​ដែល​មាន​ឈ្មោះ​ថា​ ​Jolie King និង​ Mark Firkin ត្រូវ​បាន​សមត្ថកិច្ច​អ៊ីរ៉ង់​ចាប់​ខ្លួន នៅ​ក្នុង​ខែ​កក្កដា បន្ទាប់​ពី​បាន​បង្ហោះ​​កាមេរ៉ា​ដ្រូន ដោយ​មិន​មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ។ គួរ​ដឹង​ថា​អ្នក​ទាំង​ពីរ បាន​លា​ឈប់​ពី​ការងារ ​កាល​ពី​ពីរ​ឆ្នាំ​មុន ដើម្បី​ធ្វើ​ដំណើរ​កម្សាន្ត​ពេញ​ម៉ោង និង​​ដើម្បី​ចាប់​ផ្ដើម​​​​​​ផលិត​វីដេអូ​សម្រាប់​គណនី​​ The Way Overland របស់​ពួក​គេ។

ពួក​គេ​មាន​គម្រោង​ថា​នឹង​ធ្វើ​ដំណើរ​កម្សាន្ត​ឥត​ឈប់​ឈរ​នៅ​ប្រទេស​ចំនួន ៣៦ ប្រទេស ចាប់​ពី​អូស្ត្រាលី ដល់​ចក្រភព​អង់គ្លេស ហើយ​ពួក​គេ​ទើប​តែ​បាន​បញ្ចេញ​វីដេអូ​ភាគ​ទី ៦០ លើ​គណនី YouTube ចែក​រំលែក​អំពី​ទេសភាព​ស្អាតៗ​នៅ​ប៉ាគីស្ថាន រួច​ហើយ​គណនី​របស់​ពួក​គេ​ក៏​ស្ងាត់ច្រៀប។

ក្រុម​គ្រួសារ និង​អ្នក​គាំទ្រ​បាន​បង្ហាញ​ពី​ក្ដី​ព្រួយ​បារម្ភ មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង រហូត​ដល់​ពេល​សារព័ត៌មាន​ Manoto News បាន​រាយការណ៍​ថា​ Firkin និង King ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​បង្ហោះ​ដ្រូន ក្បែរ​ទីក្រុង Tehran ប្រទេស​អ៊ីរ៉ង់ និង​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ Evin ជា​ទីកន្លែង​ដែល​អ៊ីរ៉ង់ ឃុំឃាំង​អ្នក​ទោស​នយោបាយ​តាំង​ពី​ឆ្នាំ ១៩៧២។

ការ​លើក​ឡើង​របស់​សារព័ត៌មាន​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ៖ "សវនាការ​កាត់​ក្ដី​សំណុំ​រឿង​ពួក​គេ​មិន​ទាន់​បាន​ធ្វើ​ឡើង​នោះ​ទេ ហើយ​ក៏​មិន​ច្បាស់​ថា​អ៊ីរ៉ង់​ចង់​បាន​អ្វី​ពី​ការ​ចាប់​ខ្លួន​នេះ​ទេ ដោយ​សារ​​តុលាការ​មិន​បាន​និយាយ​អ្វី​​នោះ​ទេ​​​”។

​មាន​ការ​រាយការណ៍​ថា​រដ្ឋាភិបាល​អូស្ត្រាលី កំពុង​ធ្វើ​ការ​ធ្វើ​ការ​ជា​រដ្ឋាភិបាល​អ៊ីរ៉ង់ ដើម្បី​ឲ្យ​ដោះ​លែង​គូ​ស្នេហ៍​នេះ ប៉ុន្តែ​ផ្អែក​តាម​វិបសាយ Gizmodo អ្នក​ជំនាញ​បាន​ព្រមាន​ថា​ King និង Firkin អាច​នឹង​ត្រូវ​ជាប់​ឃុំ​យូរ​អង្វែង គ្មាន​ថ្ងៃ​កំណត់​ត្រូវ​ដោះ​លែង៕​​​​​

ចុចអាន​ ៖ ចង់​ក្លូន​មនុស្ស​តាម​កម្មវិធី Photoshop និង Premiere Pro ងាយ​ចឹង​ទេ!

ប្រភព៖ petapixel ប្រែ​សម្រួល៖ សុខហេង

មតិយោបល់