• 2019-07-15 02:57:53
  • ព័ត៌មាន

បញ្ហាគ្រឿងម៉ាស៊ីន ធ្វើឱ្យឥណ្ឌាមិនអាចបាញ់បង្ហោះយានអវកាសទៅឋានព្រះចន្ទបានឡើយ

  • 2019-07-15 02:57:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៩នេះ ឥណ្ឌា​បានប្រកាស​ពន្យារពេល​បាញ់បង្ហោះ​យានអវកាស Chandrayaan-2 ទៅកាន់​ភពព្រះចន្ទ ដោយសារតែ​បញ្ហា​បច្ចេកទេស​ក្នុងប្រព័ន្ធ​សម្រាប់​បាញ់បង្ហោះ (Launch Vehicle System)។

ការប្រកាស​ពន្យារពេល​នេះ ធ្វើឡើង​ដោយ​អង្គការស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO)​ នៅក្នុង​រយៈពេល​១ម៉ោង មុនពេល​ធ្វើការ​បាញ់បង្ហោះ។ កាលបរិច្ឆេទថ្មី​នៃការ​បាញ់បង្ហោះ​យានអវកាស​នេះ នឹងត្រូវ​ប្រកាស​នាពេលក្រោយ ប៉ុន្តែ​អង្គការអវកាស​នេះ មិនអាច​បញ្ជាក់ពេលវេលា​ច្បាស់លាស់​ឡើយ។

រូបថត៖ ISRO

ឥណ្ឌាមាន​បំណង​ចុះចត​លើផ្ទៃដីភពព្រះចន្ទ​នៅតំបន់ប៉ូល​ខាងត្បូង ដើម្បី​ដើម្បី​បង្កើត​នូវយុគសម័យថ្មី​នៃការ​រុករក បង្កើន​ការយល់ដឹង​បន្ថែម​របស់​មនុស្សជាតិ​លើភព​ព្រះចន្ទ ក៏ដូចជា​អវកាស ជំរុញភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា លើក​កម្ពស់​សម្ព័ន្ធមិត្ត​សកល និង​លើកទឹកចិត្ត​ដល់អ្នករុករក និងអ្នក​វិទ្យាសាស្រ្ត​ជំនាន់​ក្រោយ។ តំបន់​ប៉ូលខាងត្បូងនៃ​ភពព្រះចន្ទ គឺ​មាន​ចំណុច​គួរឱ្យចាប់​អារម្មណ៍​ជាង​ប៉ូល​ខាងជើង ពោលគឺមាន​ទំហំធំជាង និង​អាចមាន​វត្តមាន​ទឹក និង​ផ្ទុក​កំណត់ត្រា​ហ្វូស៊ីល​ដែល​បង្ហាញពី​ការកកើត​ឡើង​នៃប្រព័ន្ធព្រះអាទិត្យ​ផងដែរ។ ប្រសិនបើជោគជ័យ នោះ​ឥណ្ឌា​នឹងក្លាយជាប្រទេសទី៤ ដែល​បាន​ប៉ះដី​ភពនេះ បន្ទាប់ពី​អាមេរិក រុស្ស៊ី(អតីតសហភាពសូវៀត) និង​ចិន។

គួរ​រំលឹក​ថា អ៊ីស្រាអែល ក៏​បាន​ប៉ុនប៉ងបញ្ជូន​យានអវកាស និងចុះចត​នៅលើ​ភពព្រះចន្ទ​ដែរ ប៉ុន្តែ​ត្រូវបរាជ័យ ដោយ​បានធ្លាក់​ក្នុងអំឡុងពេល​ព្យាយាម​ចុះចត ដោយសារ​បញ្ហាបច្ចេកទេស​គ្រឿង​ម៉ាស៊ីន កាលពីខែ​មេសា ឆ្នាំ​២០១៩​កន្លងទៅ៕

ប្រភព៖ Indian Express ប្រែ​សម្រួល៖ សំភី

មតិយោបល់