• 2018-06-20 02:42:47
  • ព័ត៌មាន

ស្ងាត់ៗ Facebook នឹកឃើញ​វិធីកើបលុយ​មួយ​បែប​ទៀត​ពី​ Messenger

  • 2018-06-20 02:42:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃអង្គារ៍ម្សិលមិញនេះ ក្រុមហ៊ុន Facebook បានប្រកាសពីការដាក់ឲ្យវីដេអូផ្សាយពាណិជ្ជកម្មនៅលើកម្មវិធី Messenger របស់ខ្លួនដំណើរការដោយស្វ័យប្រវត្តិហើយ។ បើតាមក្រុមហ៊ុនប្រាប់ មុខងារនេះធ្វើឡើងមក ដើម្បីឲ្យអ្នកប្រើប្រាស់កម្មវិធី Facebook Messenger មកចាប់អារម្មណ៍ នឹងពាណិជ្ជកម្មរបស់ខ្លួនជាងមុន។

ក្រុមហ៊ុន Facebook បានចាប់ដាក់ផ្ទាំងផ្សាយពាណិជ្ជកម្មលើកម្មវិធី Facebook Messenger របស់ខ្លួនតាំងតែពីខែកក្កដាឆ្នាំមុនមកម៉្លេះ ដោយវាមានលក្ខណៈដូចជាផ្ទាំងផ្សាយពាណិជ្ជកម្មលើ Facebook និង Instagram ដូច្នោះដែរ។ ការដាក់ឲ្យវីដេអូដំណើរការដោយខ្លួនឯងនៅលើកម្មវិធី Facebook Messenger នេះ នឹងដំណើរការចំពោះគណនីអ្នកប្រើប្រាស់មួយចំនួនជាមុនសិន មុននឹងវាមានចេញជាផ្លូវការជុំវិញពិភពលោក។

បន្ថែមពីលើនេះ ក្រុមហ៊ុន Facebook បានសរសេរនៅក្នុងគេហទំព័ររបស់ខ្លួនថា “បើតាមក្រុមហ៊ុនស្ទង់មតិធំៗក្នុងលោកទាំង ៨ មានមនុស្សពេញវ័យជាង ៨០ភាគរយ ដែលប្រើប្រាស់កម្មវិធីផ្ងើសារប្រចាំថ្ងៃ ហើយក្នុងនោះកម្មវិធី Facebook Messenger និង Whatsapp គឺជាកម្មវិធី ដែលមានអ្នកប្រើប្រាស់សកម្មច្រើនជាងគេបំផុត។

ប៉ុន្តែមិនជាថ្វីឡើយ សម្រាប់អ្នកដែលមិនចង់ឃើញពាណិជ្ជកម្មទាំងនេះ ព្រោះក្រុមហ៊ុន Facebook បានថ្លែងពីខែមុនថា ខ្លួននឹងបញ្ចេញមុខងារដែលអាចឲ្យអ្នកប្រើប្រាស់បិទផ្ទាំងពាណិជ្ជកម្មណាមួយលើ Facebook ដែលខ្លួនមិនចង់ឃើញដោយជ្រើសយក “Why am I seeing this Ad” ដោយលោក Mark Zuckerberg បានឲ្យក្រុមហ៊ុនបញ្ចេញមុខងារនេះផ្ទាល់ ដើម្បីស្ដារមុខមាត់ក្រុមហ៊ុនឡើងវិញ ក្រោយពីជួបរឿងអាស្រូវបែកធ្លាយទិន្នន័យ អ្នកប្រើប្រាស់ជាង ៨៧ លានគណនី ដល់ដៃក្រុមហ៊ុន Cambridge Analytica រួចមក។ មុខងារនេះក៏នឹងត្រូវប្រើលើ Facebook Messenger ដែរ គ្រាន់តែវាមិនអាចកំណត់ឲ្យបិទម្ដងទាំងពីរបានព្រមគ្នាតែប៉ុណ្ណោះ។

ចុចអាន៖

ប្រភព៖ Cnet ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់